ពលរដ្ឋ​កាហ្សាក់ស្ថាន​នាំគ្នាធ្វើ​បាតុកម្ម​ គ្រាដែល​ប្រធានាធិបតី​ប្រកាស​ស្ថានភាព​អាសន្ន

ក្រុម​ទាហាន​ឈរ​ជើង​នៅ​ទីតាំង​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន​នៅថ្ងៃទី៦ ខែមករា​ ឆ្នាំ២០២២។ (Reuters)

នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន ពលរដ្ឋ​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ដើម្បី​សម្តែង​នូវ​ការខឹង​សម្បារ​របស់​ខ្លួន​ចំពោះ​ការឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​យ៉ាង​ខ្លាំង។ នៅ​ក្នុង​ការឆ្លើយ​តប រដ្ឋាភិបាល​កាហ្សាក់ស្ថាន បាន​ចុះចេញ​ពី​តំណែង ហើយ​ប្រធានាធិបតី​បាន​ប្រកាស​ស្ថានភាព​អាសន្ន។

គេហដ្ឋាន​ប្រធានាធិបតី​នៅ​ទីក្រុង Almaty ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន បាន​ឆាបឆេះ​នៅ​ថ្ងៃ​ទី៥ ខែ​មករា​ក្នុង​អំឡុង​ពេល​នៃ​ការតវ៉ា​ប្រឆាំង​នឹង​ការឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ភ្លាមៗ។

ការតវ៉ា​ប្រឆាំង ក៏​បាន​ផ្ទុះឡើង​នៅ​រដ្ឋធានី Nursultan និង​ទីក្រុង​ធំៗ​ផ្សេង​ទៀត​ដែល​បណ្តាល​មកពី​ការសម្រេច​របស់​រដ្ឋាភិបាល​លប់ចោល​ការកម្រិតតម្លៃ​ប្រេង​ឥន្ធនៈ​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១​មករា។

សេចក្តីសម្រេច​នេះ​បណ្តាល​ឲ្យ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ទ្វេដង​មួយថ្ងៃ​បន្ទាប់​មក។

កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី Kassym-Jomart Tokayev បាន​បណ្តេញ​នាយក​រដ្ឋមន្ត្រី​និង​គណៈរដ្ឋមន្ត្រី​របស់​លោក​ចេញពី​តំណែង ហើយ​បាន​ដក​អតីត​ប្រធានាធិបតី​លោក Nursultan Nazabayev ចេញពី​ដំណែង​ជាមេដឹកនាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ។ លោក​ក៏​បាន​សន្យា​បង្ក្រាប​ពួក​បាតុករ​ផង​ដែរ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​កាហ្សាក់​របស់​រដ្ឋ បាន​រាយការណ៍​ថា បាតុករ​ជាច្រើន​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​គេហដ្ឋាន​ប្រធានាធិបតី​និង​អាគារ​រដ្ឋបាល​ដ៏​សំខាន់​នៅ​ទីក្រុង Almaty បាន​កាន់​ដំបង​និង​ខែល​ការពារ​ខ្លួន។

ការតវ៉ា​ប្រឆាំង​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ ទី២ មករា​នេះ​នៅ​ក្នុង​ទីក្រុង Zhanaozen ហើយ​បាន​រាលដាល​យ៉ាង​រហ័ស។

ប្រធានាធិបតី Tokayev បាន​សន្យា​ធ្វើ​ឲ្យ​មាន​តម្លៃ​ប្រេង​ស្មើ​នឹង​តម្លៃ​ប្រេង​កាលពី​ឆ្នាំ​ទៅ ហើយ​បាន​ប្រកាស​ស្ថានភាព​អាសន្ន​រយៈពេល២សប្តាហ៍​នៅ​ក្នុង​ទីក្រុង​ធំៗគឺ ទីក្រុង Almaty និង​រដ្ឋធានី Nursultan ។ បទបញ្ជា​នេះ​រួមមាន​បម្រាម​គោចរ​នៅពេល​យប់​ហើយ​នឹង​កម្រិត​ការធ្វើ​ដំណើរ​នៅ​ខាង​ក្នុង​និង​ជុំវិញ​ទីក្រុង​ទាំង​នោះ៕