គណបក្សកម្ពុជានិយមថាជា«រឿងរើសអើងនយោបាយ» បន្ទាប់ពីមន្រ្តីមូលដ្ឋាននៅសង្កាត់មួយ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញមិនអនុញ្ញាតឱ្យមានការដាក់ស្លាកសញ្ញាគណបក្សកាលពីពេលថ្មីៗនេះ។
គណបក្សកម្ពុជានិយមត្រូវបានបង្កើតឡើងដោយ លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអតីតតំណាងរាស្រ្តម្នាក់របស់គណបក្សសង្រ្គោះជាតិ និងជាអ្នកនយោបាយជើងចាស់មួយរូបដែលស្និទ្ធនឹងលោក កឹម សុខា ដែលកំពុងរងការចោទប្រកាន់នៅតុលាការពីបទក្បត់ជាតិ។
ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយប្រចាំគណបក្សកម្ពុជានិយម លោក សុខ ប៉េងឡុង ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី៨ ខែមេសា គណបក្សកម្ពុជានិយមបានដាក់លិខិតស្នើសុំលើកស្លាកសញ្ញាគណបក្សនៅទីតាំងចំនួន ១១ ក្នុងសង្កាត់រលួស ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកបានបន្តថា បើទោះបីជាមានលិខិតស្នើសុំ និងការបង្ហាញសេចក្តីណែនាំពីក្រសួងមហាផ្ទៃក៏ដោយ ក៏ចៅសង្កាត់រលួសលោក កឹប ផន បានបដិសេធមិនឱ្យមានការលើកស្លាកនោះទេ ដោយលើកហេតុផលថាថ្នាក់លើមិនអនុញ្ញាត និងបានស្នើឱ្យមន្រ្តីគណបក្សកម្ពុជានិយមទៅជួប«មេ» ឬអភិបាលខណ្ឌដង្កោផ្ទាល់។
លោកថ្លែងថា៖ «ខាងតំណាងគណបក្សនៅតែទទូចជាមួយគាត់។ហេតុផលវាអត់សមស្រប ដូច្នេះសុំឱ្យគាត់បង្ហាញហេតុផល ដូចជា គណបក្សបានបង្ហាញពីស.ជ.ណ.ចេញពីក្រសួងមហាផ្ទៃ បញ្ជាក់ពីរឿងហ្នឹងថែមទៀត។ គាត់នៅតែទទូចដដែលឱ្យទៅជួបមេ ហើយយើងដឹងថា មេរបស់គាត់គឺខាងខណ្ឌដង្កោ»។
យ៉ាងណាក្តី លោក សុខ ប៉េងឡុងបានឱ្យដឹងថា គណបក្សកម្ពុជានិយមមិនបានទាក់ទងទៅខាងអភិបាលខណ្ឌដង្កោនោះទេ ដោយយោងលើហេតុផលថាមន្រ្តីប្រចាំការនៅឃុំ-សង្កាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេច ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិ។
បន្ទាប់មក ដោយមិនទទួលបានការសម្របសម្រួលឬដំណោះស្រាយណាមួយគណបក្សកម្ពុជានិយមបានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី២០ ខែមេសា។ប៉ុន្តែរហូតដល់មកទល់ពេលនេះ គណបក្សមិនទាន់ទទួលបានការឆ្លើយតបនៅឡើយនោះទេ។
ដំណាលគ្នានេះផងដែរ លោក សុខ ប៉េងឡុង ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សកម្ពុជានិយមបានលើកឡើងថា កន្លងមក គណបក្សកម្ពុជានិយមបានប្រឈមនឹងការរឹតត្បិត ឬ «រើសអើង» មិនឱ្យលើកស្លាកគណបក្សចំនួន ៤ករណីរួចមកហើយគិតមកត្រឹមពេលនេះ។
ចៅសង្កាត់រលួស លោក កឹប ផន បានថ្លែងប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះ ដោយច្រានចោលការលើកឡើងរបស់មន្រ្តីគណបក្សកម្ពុជានិយម។
លោកបាននិយាយថា លោកមិនបានហាមឃាត់ការដាក់ស្លាកសញ្ញាគណបក្សនោះទេចំពោះការដាក់ស្លាកនៅមុខទីស្នាក់ការគណបក្ស ឬផ្ទះរបស់សកម្មជនគណបក្ស ដូចតាមការណែនាំពីមន្រ្តីថ្នាក់លើ។
«ខ្ញុំប្រាប់ថា បើសិនប្អូនឯងអត់ជឿខ្ញុំឱ្យទៅសួរសាលាខណ្ឌទៅ ព្រោះសាលាខណ្ឌតាមច្បាប់គេ ប្រាប់ខ្ញុំអ៊ីចឹងណា៎។ ខ្ញុំមិនមែនប្រកែកដាច់អហង្ការថាខ្ញុំ មិនឱ្យទេ។ ខ្ញុំថា តាមការណែនាំឱ្យប្អូនឯងដាក់ស្លាកតាមគណបក្សរបស់ប្អូនឯងទៅ! ទីមួយ។ ទីពីរ បើមិនអ៊ីចឹងទេ ប្អូនឯងដាក់ស្លាកតាមផ្ទះសកម្មជនរបស់ប្អូនឯងទៅ! ខ្ញុំអត់ហាមឃាត់នោះទេ។ប្រាប់អ៊ីចឹងហើយអ៊ីតើ!»
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលកិច្ចការបោះឆ្នោត លោក កន សាវាង្ស បាននិយាយថា រាល់ករណីមានការហាមឃាត់ណាមួយពាក់ព័ន្ធនឹងការលើកស្លាកសញ្ញាគណបក្ស គឺត្រូវមានមូលហេតុច្បាស់លាស់។
លោកបានបន្តថាអាជ្ញាធរនិងមន្រ្តីមូលដ្ឋានមានតួនាទីសម្របសម្រួល និងមិនគួរដាក់បន្ទុកទៅវិញទៅមកនោះទេជុំវិញសេចក្តីសម្រេចឱ្យមានការលើកស្លាកសញ្ញាគណបក្សណាមួយ។
លោកបានថ្លែងថា៖ «ករណីនេះគឺ [អាជ្ញាធរ]ឃុំខ្លួនឯងហ្នឹងទេ ដែលមានតួនាទីត្រូវជជែកជាមួយថ្នាក់លើតទៅ បើសិនចង់ជជែក។ តែរឿងសំខាន់គឺ[អាជ្ញាធរ] ឃុំហ្នឹងហើយជាអ្នកដំណោះស្រាយរឿងដាក់នៅមូលដ្ឋានហ្នឹង! មិនអាចរុញការទទួលខុសត្រូវឱ្យទៅស្នើសុំអ្នកនេះ ស្នើសុំអ្នកនោះ។ អាហ្នឹងគឺវា មិនអាចអ៊ីចឹងបានទេព្រោះក្នុងសេចក្តីណែនាំមិនមានចំណុចណាបង្ហាញថា ត្រូវសុំពីលើដល់ក្រោមអ៊ីចឹងទេ»។
លោកបានបន្តថា៖ «អ៊ីចឹងចំណុចនេះ ខ្ញុំយល់ថា អាជ្ញាធរមូលដ្ឋានគួរតែពិចារណា ហើយដោះស្រាយកុំឱ្យមានការគេចវេះ ឱ្យមានការទទួលខុសត្រូវ។កាលណាខ្លួនត្រូវតែចេះរុញទៅនេះ រុញទៅនោះ មានន័យថា ខ្លួនហ្នឹងអត់ទទួលខុសត្រូវ។ហើយបើគាត់ចង់បានយោបល់ពីថ្នាក់លើរបស់ខ្លួនអាហ្នឹងគាត់ខ្លួនឯងត្រូវសុំទៅ តេ[ទូរស័ព្ទ]ទៅ សុំជាយោបល់ទៅហើយឆ្លើយតាមហ្នឹងទៅ។ កុំរុញគេទៅ ព្រោះអាជ្ញាធរមូលដ្ឋានខ្លួនឯងហ្នឹងមានសិទ្ធិសម្រេចចិត្តហើយ»។
ក្រៅពីគណបក្សកម្ពុជានិយម តំណាងគណបក្សជំទាស់មួយចំនួនទៀតរួមមាន គណបក្សភ្លើងទៀនផងដែរ បានអះអាងថាមានការរើសអើងពីអាជ្ញាធរមូលដ្ឋានទៅលើការដាក់ស្លាកសញ្ញាគណបក្សរបស់ពួកគេ។
គួររំឭកផងដែរថានៅខែមេសានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានអំពាវនាវកុំឱ្យពលរដ្ឋមូលដ្ឋានមានការព្រួយបារម្ភ ឬភ័យខ្លាចជុំវិញការដាក់ទង់ជាតិ ឬស្លាកសញ្ញាគណបក្សផ្សេងៗនៅតាមមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែលោករដ្ឋមន្រ្តីបញ្ជាក់ថា រាល់ការដាក់ទង់ជាតិ ឬស្លាកសញ្ញានៅទីកន្លែងឯកជនណាមួយ ត្រូវតែមានការយល់ស្របពីពលរដ្ឋជាម្ចាស់កម្មសិទ្ធិ។
ទោះប្រឈមមុខនឹងការរារាំងពីអាជ្ញាធរមូលដ្ឋានក្នុងការលើកស្លាកគណបក្សយ៉ាងណាក្តី គណបក្សកម្ពុជានិយមបានសម្រេចចិត្តចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេកាលពីពេលកន្លងមកប្រធានគណបក្សកម្ពុជានិយម លោកយ៉ែម បុញ្ញឫទ្ធិ ថ្លែងថា គណបក្សលោកចង់ឱ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ និងចង់បានតំណែងមេឃុំចៅសង្កាត់និងក្រុមប្រឹក្សាសរុបប្រមាណ ៥ពាន់នាក់ត្រឡប់មកវិញ ប៉ុន្តែការតស៊ូចាប់តាំងពីឆ្នាំ២០១៧មកមិនទាន់ទទួលបានជោគជ័យនៅឡើយទេ៕