សាលាដំបូងខេត្តកំពង់ស្ពឺកោះហៅប្រជាសហគមន៍ការពារព្រៃឈើមេត្តាធម្មជាតិចំនួន៧នាក់មកសាកសួរ ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏ចម្រូងចម្រាសមួយ ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស រំលោភ រំលោភលើកម្មសិទ្ធិ គំរាមសម្លាប់ និងជេរប្រមាថ។
ដីកាកោះចំនួន ៧ សន្លឹកដាច់ពីគ្នា ចេញនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ដោយព្រះរាជអាជ្ញារង លោក រ៉ែន នរិន្ទ កោះហៅប្រជាសហគមន៍ការពារព្រៃឈើមេត្តាធម្មជាតិចំនួន ៧ នាក់ដើម្បីសាកសួរ នៅថ្ងៃទី១៨ ខែតុលានេះពីបទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស រំលោភ រំលោភលើកម្មសិទ្ធិ គំរាមសម្លាប់ និងជេរប្រមាថ» ទៅតាមបណ្តឹងរបស់ឈ្មោះ អៀម ម៉ៅ ដែលសហគមន៍អះអាងថា ជាទាហាន។
ប្រជាសហគមន៍ការពារព្រៃឈើមេត្តាធម្មជាតិទាំង ៧ នាក់ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺកោះហៅមកសាកសួរ រួមមាន អ្នកស្រី ឡុង ថេត អាយុ៥០ឆ្នាំ អ្នកស្រី ឈួន សុំ អាយុ៥០ឆ្នាំ លោក ឃន សារិទ្ធិ អាយុ៤២ឆ្នាំ លោក ឈន ធា អាយុ៤៧ឆ្នាំ លោក ឯម ឆន អាយុ៥០ឆ្នាំ លោក ប៉ឹក ខ្មៅ អាយុ៤១ឆ្នាំ និងអ្នកស្រីណាត ថូ អាយុ៥០ឆ្នាំ។
លោក ប៉ឹក ខ្មៅ អាយុ៤១ ឆ្នាំប្រជាសហគមន៍ការពារព្រៃឈើមេត្តាធម្មជាតិដែលត្រូវបានតុលាការហៅទៅសាកសួរនៅព្រឹកថ្ងៃពុធនេះ ប្រាប់វីអូអេថា ប្រជាសហគមន៍ទាំង៧នាក់ ត្រូវបានតុលាការកោះហៅ បន្ទាប់ពីពួកគេបានចេញការពារការឈូសឆាយដីពីសំណាក់ក្រុមទាហានរបស់លោក អៀម ម៉ៅ ដែលមានគម្រោងយកដីដែលមានទីតាំងក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺធ្វើជាដីឡូត៍លក់។
លោកបញ្ជាក់ថា៖ «មូលហេតុដែលគេប្តឹងពួកខ្ញុំហ្នឹង ពីព្រោះអីពួកខ្ញុំអ្នកទៅប្រាប់នឹងរារាំងគាត់ អត់ឱ្យគាត់ទៅឈូសឆាយយកដីដែលតំបន់ដែលពួកខ្ញុំការពារ ហ្នឹងមួយ។ ហើយដែលគាត់ចោទប្រកាន់ហ្នឹងគឺអត់មានទេ …. អត់មានគំរាមសម្លាប់ ឬក៏ជេរប្រមាថអីពួកគាត់ទេ មានតែពួក គាត់ទេដែលយកកាំភ្លើង យកអីមកបាញ់ប្រជា ពលរដ្ឋ និងគំរាមសម្លាប់ប្រជាពលរដ្ឋ។ ពួកខ្ញុំបានថតរូបពួកគាត់បានខ្លះដែរ ព្រោះមានកាំភ្លើង មានអីអ៊ីចឹង»។
លោកថ្លែងបន្ថែមដោយជំរុញឱ្យតុលាការទម្លាក់បទចោទលើប្រជាសហគមន៍ការពារព្រៃឈើទាំង៧នាក់ ពីព្រោះដីដែលពួកគេបានទៅការពារពីការឈូសឆាយទាំងនោះគឺជាដីរបស់រដ្ឋ។
លោកថ្លែងថា៖ «ដីនោះជាដីរបស់សហគមន៍ ជាដីរបស់រដ្ឋទេ ហើយចង់ឱ្យមានសត្វ មានអីរស់នៅក្នុងតំបន់ហ្នឹង។ អ៊ីចឹងហើយពួកខ្ញុំខំតស៊ូការពារសម្បត្តិជាតិ សម្បត្តិរួម។ ហើយសុំឱ្យខាងតុលាការគាត់ទម្លាក់ការចោទពួកខ្ញុំ ហើយនឹងមានការអធ្យាស្រ័យយល់យោគដល់ពួកខ្ញុំ ដែលបានថែរក្សារបស់ជាតិ»។
លោក លាង ប៉ន អាយុ៤៨ឆ្នាំ ជាប្រជាសហគមន៍ការពារព្រៃឈើម្នាក់ទៀត បានប្រាប់វីអូអេនៅថ្ងៃពុធនេះដែរថា ដីធ្លីដែលសហគមន៍ការពារព្រៃឈើបានការពារទាំងអស់នោះគឺជាដីកម្មសិទ្ធិរបស់សហគមន៍ ដែលមានអាជ្ញាធរដឹងឮ តែលោកថា ក្រសួងដែនដីមិនបានចុះហត្ថលេខានៅឡើយទេ។ លោកថា ពាក្យបណ្តឹងរបស់លោក អៀម ម៉ៅ គឺមិនសមហេតុផល។
លោកលើកឡើងថា៖ «គេមកចោទប្តឹងពួកខ្ញុំ៧រូបនោះថា បំផ្លាញទ្រព្យរបស់គាត់ និងរំលោភសិទ្ធិ ជេរប្រមាថ និងការប៉ងសម្លាប់។ អ៊ីចឹងខ្ញុំឆ្លើយទៅវិញថា គឺថាអត់!ប្រជាពលរដ្ឋឯណាដែលមានឆន្ទៈទៅសម្លាប់ទាហាន ដោយសារប្រើដំបងនិងកាំបិតនេះ។ គាត់កាន់ការពារខ្លួន ដោយសារលោក អៀម ម៉ៅ គាត់បានហៅឆ្កែមកខាំពលរដ្ឋទាំងអស់ ហើយឆ្កែគាត់១០ស្មើៗចង្កេះ។ គាត់បង្អើឱ្យខាំមែនៗ។ បើពួកយើងខ្ញុំបើមិនកាន់កាំបិត កាន់ដំបងការពារទេ មុខតែឆ្កែហ្នឹងខាំ»។
បើតាមប្រជាសហគមន៍ទាំងនោះ ក្រោយការសាកសួរពួកគេទាំង៧នាក់ពេញមួយព្រឹក តុលាការមិនទាន់សម្រេចបែបណានៅឡើយទេ ដោយថា នឹងបន្តស៊ើបសួររកភស្តុតាងបន្ថែមទៀតជុំវិញរឿងនេះនៅពេលក្រោយ។
វីអូអេបានទាក់ទងទៅលេខទូរស័ព្ទរបស់លោក អៀម ម៉ៅ ប៉ុន្តែទូរស័ព្ទត្រូវបានស្រ្តីម្នាក់ដែលអះអាងថាជាភរិយារបស់លោកទទួលជំនួស។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ ស្រ្តីដែលអះអាងថាជាភរិយារបស់លោក អៀម ម៉ៅ ថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា ការដែលស្វាមីរបស់អ្នកស្រីប្តឹងពួកគេទាំង៧នាក់នោះ ដោយសារតែពួកគេនាំគ្នាមកវាយរបងដែលជាដីកម្មសិទ្ធិរបស់ខ្លួន។ ស្ត្រីរូបនេះក៏ច្រានចោលការលើកឡើងដែលថា ដីនោះជារបស់ប្រជាសហគមន៍។
អ្នកស្រីបញ្ជាក់ថា៖ «បើសិនជាខ្ញុំទន្ទ្រានដីសហគមន៍ សហគមន៍ម៉េចក៏មិនមកចាប់ប្តីខ្ញុំទៅ? ប្តីខ្ញុំអត់មានទៅទន្ទ្រានដីសហគមន៍ទេ។ ដីសុទ្ធតែមានលិខិតកាន់កាប់ មានលិខិតត្រឹមត្រូវ សុទ្ធតែមានសជណ មានអនុក្រឹត្យកាត់អនុប្បយោគអស់ហើយ។ ម៉េចបានដីសហគមន៍? ហើយបើសិនជាប្តីខ្ញុំទៅទន្ទ្រានដីសហគមន៍ ប្រធានសហគមន៍គេមិនមកចាប់ ហើយមេភូមិ មេឃុំ និងបរិស្ថានគេមិនមកចាប់ប្តីខ្ញុំ? វាមិនដែលចោរឯណាទៅប្តឹងគេទេ»។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ ប្រាប់វីអូអេថា ករណីនេះកំពុងដំណើរការ ខណៈមកទល់ពេលនេះមិនទាន់មានការសម្រេចថា នឹងមានចំណាត់ការបែបណានៅឡើយ។
លោកថ្លែងថា៖ «អត់តម្កល់ទេ។ គេកំពុងតែដំណើរការ គ្រាន់តែថា អត់មានចំណាត់ការត្រូវធ្វើយ៉ាងម៉េចទេ។ គ្រាន់តែហៅមកចូល សួរបំភ្លឺសិន»។
មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិន ប្រាប់វីអូអេថា ប្រជាសហគមន៍ទាំងនោះគ្រាន់តែការពារដីដែលកំពុងតែមានភាពចម្រូងចម្រាសឱ្យស្ថិតនៅក្នុងទម្រង់ដើម និងថាពួកគេក៏មិនមែនធ្វើដើម្បីប្រយោជន៍បុគ្គលឡើយ។ មន្ត្រីស៊ើបអង្កេតរូបនេះជំរុញឱ្យអយ្យការពិនិត្យមើល និងតម្កល់រឿងក្តីមួយនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យតំណាងអយ្យការលោកមេត្តាពិនិត្យ ហើយក៏សង្ឃឹមថាតំណាងអយ្យការនឹងធ្វើការតម្កល់រឿងនេះដែរ ... មិនចាត់ការរឿងនេះទៀតទេ មិនធ្វើការចោទប្រកាន់ទៅ លើប្រជាសហគមន៍ទេ»។
ប្រជាសហគមន៍អះអាងថា ទីតាំងដីដែលប្រជាសហគមន៍ការពារព្រៃឈើតែងតែត្រូវបានអ្នកមានអំណាចឈូសឆាយលក់ និងជួលជាហូរហែតាំងពីចុងឆ្នាំ ២០២១ មក ហើយថា ពួកគេតែងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធ ក្រោយមានការកាប់ឈូសឆាយតំបន់ដីព្រៃទាំងនោះ ប៉ុន្តែមិនទាន់មានដំណោះស្រាយ៕