លោក Mike Pence បេក្ខជនអនុប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងលោក Tim Kaine បេក្ខជនអនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បានវាយប្រហារគ្នាដោយពាក្យសម្ដីទៅវិញទៅមក ទាក់ទិននឹងគម្រោងគោលនយោបាយរបស់យុទ្ធនាការគណបក្សគូប្រជែងរបស់ខ្លួន ក៏ដូចជាប្រវត្តិផ្សេងៗរបស់លោក Donald Trump និងលោកស្រី Hillary Clintonនៅក្នុងការដេញដោលតទល់គ្នាកាលពីយប់ថ្ងៃអង្គារម្សិលមិញ។
លោក Pence និងលោក Kaine បានតទល់គ្នានៅក្នុងការដេញដោលតែម្ដងគត់សម្រាប់ពួកគេនៅមុនការបោះឆ្នោតចូលមកដល់នាខែក្រោយនេះ ដោយបេក្ខជនទាំងពីរបានបង្អាក់គ្នាទៅវិញទៅមកជារឿយៗពេលដែលពួកគេពិភាក្សាអំពីបញ្ហាអាវុធនុយក្លេអ៊ែរ អំពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី និងអំពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅក្នុងសហរដ្ឋអាមេរិក។
លោក Pence បានហៅលោកស្រី Clinton ថាជា «អ្នករៀបចំគម្រោង» សម្រាប់គោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី Barack Obama ដែលគោលនយោបាយនេះ បានធ្វើឲ្យតំបន់មជ្ឈឹមបូព៌ា «មានភាពចលាចលមិនអាចគ្រប់គ្រងបាន»។ លោកបានរិះគន់លោកស្រី Clinton ថាបានធ្វើឲ្យក្រុមពួកជ្រុលនិយមរដ្ឋឥស្លាមមានការកើនឡើង និងបានធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែមានជំនឿទុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។
ចំណែកឯលោក Kaine វិញ លោកបាននិយាយថា លោក Trump តែងតែគិតពីខ្លួនឯងជាមុន។ លោក Kaine បានចោទប្រកាន់លោក Trump ថាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី ដែលលោកបដិសេធមិនបង្ហាញឲ្យសាធារណជនដឹង។
ប៉ុន្តែ បេក្ខជនទាំងពីរបានឯកភាពគ្នាចំពោះតម្រូវការនៅក្នុងការការពារជនស៊ីវិលនៅភាគខាងជើងប្រទេសស៊ីរី។ ពួកគេក៏ឯកភាពគ្នាចំពោះតម្រូវការឲ្យបង្កើតប្រព័ន្ធប៉ូលិសនៅក្នុងសហគមន៍ ប៉ុន្តែពួកគេមិនមានទស្សនៈដូចគ្នាចំពោះការកែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនោះទេ៕