ជន​​ប្រដាប់​អាវុធ​វាយ​ប្រហារ​សាកលវិទ្យាល័យ​​​អាហ្វហ្គានីស្ថាន​ ដោយ​សម្លាប់​​មនុស្ស​យ៉ាង​តិច​១៩​នាក់

កងកម្លាំង​សន្ដិសុខ​ចាកចេញ​ពី​កន្លែង​កើតហេតុ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​នៅ​សាកលវិទ្យាល័យ​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

ទី​ភ្នាក់ងារ​ព័ត៌មាន AP ​រាយការណ៍​ថា​ ក្រុម​ជនប្រដាប់​អាវុធ​បាន​វាយ​ប្រហារ​ទៅ​លើ​សាកលវិទ្យាល័យ​ក្រុង​កាប៊ុល​ ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​ កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​បាញ់តតាំង​គ្នា​ អស់​ជា​ច្រើនម៉ោង​ ដោយ​បណ្តាល​ឲ្យ​មនុស្សយ៉ាង​តិច​១៩​នាក់​បានស្លាប់ និង​២២​ផ្សេង​ទៀត​បាន​រង​របួស​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​គ្រឹះស្ថាន​អប់រំដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ដែល​ត្រូវ​បាន​ហែក​ហួរ​ដោយ​ភ្លើង​សង្រ្គាម​មួយ​នេះ។

ការ​វាយប្រហារ​នេះ​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃព្រឹត្តិការណ៍តាំង​ពិព័រណ៍​សៀវភៅ​នៅ​ទី​នោះ​ ដែលត្រូវ​បាន​ចូលរួម​ដោយ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​ជន​ប្រដាប់​អាវុធ​ បាន​សម្រុក​ចូល​ក្នុង​សាកល​វិទ្យាល័យ​ក្នុង​ក្រុង​កាប៊ុល​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ​ហើយ​បាន​បើក​ការ​បាញ់​រះ​តែ​ម្តង​ ដែល​បណ្តាល​ឲ្យ​មាន​ភាព​ច្របូកច្របល់។​ វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​ Twitter ដោយទូរទស្សន៍​អាហ្វហ្គានីស្ថាន Tolo បាន​បង្ហាញ​ពី​ភាព​ផ្អើល​ច្របូកច្របល់​ ក្នុង​ពេល​ដែល​សិស្ស​និស្សិត​កំពុង​រត់​គេច​ចេញពី​ការ​បាញ់​ប្រហារ​ ​ដោយ​គេ​ឮ​សំឡេង​គ្រាប់កាំភ្លើងនៅ​ខាងក្រោយ​ខ្នង​ពួក​គេ​ផង​ដែរ។

ក្រុម​មន្ត្រី​សន្តិសុខ​ ភ្លាមៗ​នោះ​ ក៏​បាន​ឡោម​ព័ទ្ធ​និង​បិទ​ច្រក​ចេញ​ចូល​ក្នុង​បរិវេណ​កើត​ហេតុ​នោះ​តែ​ម្តង។ គេ​ឃើញ​មាន​រថ​ពាស​ដែក​ធុនធ្ងន់​របស់កម្លាំង​សន្តិសុខ​បាន​មក​ដល់ខាង​ក្រៅរបង​សាកលវិទ្យាល័យ​នោះ។ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​គូស​បញ្ជាក់​ថា​ កម្លាំង​សន្តិសុខ​បាន​ចូល​មក​ធ្វើអន្តរាគមន៍​ ប៉ុន្តែ​បាន​ធ្វើ​សកម្មភាពដោយ​យឺតៗ ​ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​ដល់​ជន​ស៊ីវិល។​

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បាញ់​ប្រហារ​នោះ​នៅ​ឡើយ​ទេ ហើយ​ក្រុម​ឧទ្ទាម​តាលីបង់​ ​ក៏​បាន​បដិសេធ​ការ​ទទួល​ខុស​ត្រូវចំពោះ​ការ​វាយ​ប្រហារ​នេះ៕