នៅថ្ងៃសៅរ៍នេះមានការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងឡានមួយគ្រឿងក្នុងតំបន់មួយដែលមានមនុស្សកុះករនៅខាងក្រៅអាគាររបស់រដ្ឋាភិបាលក្នុងក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។
នៅពេលនេះលោក Waheed Majroah អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់បណ្តាញផ្សាយព័ត៌មានក្នុងមូលដ្ឋានថាចំនួនមនុស្សស្លាប់មានយ៉ាងតិចណាស់៤០នាក់ហើយមានមនុស្ស១៤០នាក់ទៀតបានត្រូវរបួស។
ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថាគេអាចឃើញផ្សែងខ្មៅខ្មួលហុយចេញទៅក្នុងអាកាសពីផ្នែកកណ្តាលនៃរដ្ឋធានីនៅក្រោយការផ្ទុះនៅជិតអាគារចាស់នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន។
លោក Nasrat Rahimi អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន បាននិយាយថាអ្នកដាក់គ្រាប់បែកនេះបានប្រើប្រាស់ឡានពេទ្យមួយគ្រឿងពេញដោយគ្រឿងផ្ទុះដើម្បីធ្វើការវាយប្រហារនេះនៅក្នុងតំបន់មួយដែលមានពួកជនស៊ីវិលច្រើន។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏របាយការណ៍មិនទាន់បានត្រូវបញ្ជាក់ថាពិតបានចែងថាចំនួនមនុស្សស្លាប់មានច្រើនជាងចំនួនដែលពួកមន្ត្រីអាហ្វហ្គានីស្ថានបានរាយការណ៍។
តាលីបង់បានអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់ដល់ការវាយប្រហារនេះ។ អ្នកនាំពាក្យម្នាក់របស់ពួកបះបោរនេះបាននិយាយថាទីដៅនៃការវាយប្រហារគឺពួកបុគ្គលិកមួយក្រុមនៃកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលក្រុងកាប៊ុល៕