ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា ពលរដ្ឋអាមេរិកាំងបានត្រូវសម្លាប់និងរងរបួសនៅក្នុងការវាយប្រហារទៅលើសណ្ឋាគារប្រណិតមួយកន្លែងនៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា «ការវាយប្រហារទៅលើសណ្ឋាគារបានបង្ហាញជាថ្មី ម្តងទៀតពីការបំផ្លិចបំផ្លាញរបស់ពួកភេរវជនដែលស្វះស្វែងសាបព្រោះពីភាពច្របូកច្របល់»។
លោកស្រី Nauert មិនបានបញ្ជាក់ថា តើជនជាតិអាមេរិកាំងប៉ុន្មាននាក់បានត្រូវសម្លាប់ ឬរងរបួសនៅក្នុងការឡោមព័ទ្ធសណ្ឋាគារIntercontinental នោះទេ។ លោកស្រីបាននិយាយទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានតាមដានមើលយ៉ាងដិតដល់ជាមួយអាជ្ញាធរអាហ្វហ្គានីស្ថានអំពីការស៊ើបអង្កេតនេះ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគាំទ្ររដ្ឋាភិបាលក្រុងកាប៊ុលយ៉ាងខ្លាំង។
កងទ័ពអាហ្វហ្គានីស្ថានបានបញ្ចប់ការវាយប្រហារដែលមានរយៈពេលមួយយប់ទៅលើសណ្ឋាគារទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏២២នាក់ដែរស្លាប់ រួមទាំងជនបរទេស១៤នាក់ផង។
លោកស្រី Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយទៀតថា «យើងសូមសម្តែងនូវការរំលែកទុកដ៏ជ្រាលជ្រៅដល់ក្រុមគ្រួសារអាមេរិកាំងនិងដល់ជនរងគ្រោះទាំងអស់នៅក្នុងការវាយប្រហារនោះ»។ លោកស្រីបានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដឹងគុណដល់កងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានចំពោះការខំប្រឹងប្រែងជួយសង្គ្រោះរបស់ពួកគេ។
ការឡោមព័ទ្ធសណ្ឋាគារនោះមានរយៈពេលជិត១៤ម៉ោង ក្នុងអំឡុងពេលនោះខ្មាន់កាំភ្លើង៦នាក់បានបំផ្ទុះខ្លួនឯងឬបានត្រូវកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបាញ់សម្លាប់។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានថ្កោល ទោសការវាយប្រហារនោះហើយបានចូលរួមរំលែកទុកដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ៕