អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួននៅឯមជ្ឈមណ្ឌលចែកចាយអត្តសញ្ញាណប័ណ្ណអ្នកបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៣១ នាក់ និងធ្វើឲ្យមនុស្សជាង ៥៦ នាក់ផ្សេងទៀតរងរបួស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក Najeeb Danish បានប្រាប់ VOA ថា នៅពេលដែលអ្នកដាក់គ្រាប់បែកអត្តឃាតបំផ្ទុះគ្រាប់បែកនៅជាប់នឹងខ្លួន មនុស្សម្នាជាច្រើនកំពុងតម្រង់ជួរង់ចាំដើម្បីយកអត្តសញ្ញាណប័ណ្ណបោះឆ្នោតរបស់ពួកគេ។
ប្រភពពីមន្ទីរពេទ្យបានបញ្ជាក់ថា អ្នករងរបួសយ៉ាងតិច ១០ នាក់ គឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាទីបំផុត។
ប្រមុខប្រតិបត្តិនៃប្រទេសអាហ្វហ្គានីស្ថានលោក Abdullah Abdullah បានថ្កោលទោសការវាយប្រហារនេះថា ជាការវាយប្រហារ «ភេរវកម្ម»។
លោក Abdullah Abdullah បានសរសេរនៅលើគណនី Twitter ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំរួមចំណែកជាមួយនឹងអ្នកដែលរងគ្រោះដោយសារការវាយប្រហារបែបកំសាកនេះ។ ការតាំងចិត្តរបស់យើងសម្រាប់ការបោះឆ្នោតដោយយុត្តិធម៌ និងមានតម្លាភាពនឹងនៅតែបន្ត ហើយពួកភេរវជនមិនអាចយកឈ្នះប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានបានទេ»។
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោតកាលពីសប្ដាហ៍មុន ដោយអនុញ្ញាតឲ្យគណៈកម្មការរៀបចំការបោះឆ្នោតរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតរដ្ឋសភាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ខែតុលាខាងមុខនេះ និងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ នេះនឹងក្លាយជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រប្រទេសអាហ្វហ្គានីស្ថាន ដែលការបោះឆ្នោតនឹងធ្វើឡើងផ្អែកលើមូលដ្ឋាននៃបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការ៕