មន្រ្តីក្រសួងយុត្តិធម៌អះអាងថា ពុំមាន«ភាពមិនប្រក្រតី»ណាមួយរកឃើញនោះទេ នៅក្នុងសំណុំរឿងកកស្ទះ ដែលក្រសួងបានជួយសម្រួលឲ្យមានការដោះស្រាយបានប្រមាណ២៨.០០០សំណុំរឿង ក្នុងរយៈពេល៥ខែនៃយុទ្ធនាការដែលរៀបចំដោយរដ្ឋមន្រ្តីថ្មី គឺលោក កើត រិទ្ធ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៦ ខែតុលា ក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល១៥០ថ្ងៃ គឺស្មើនឹង៥ខែនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងសាលាដំបូងរាជធានីខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ សរុបជាង២៧.៧០០សំណុំរឿង គឺស្មើនឹង៧១ភាគរយនៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ។
បើតាមក្រសួងយុត្តិធម៌ ក្នុងចំណោមសំណុំរឿងដែលដោះស្រាយនេះ មាន១០.៣០០សំណុំរឿង ជាសំណុំរឿងដែលត្រូវបានជំនុំជម្រះ គឺស្មើនឹង៨២ភាគរយនៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ។ ក្រសួងយុត្តិធម៌បញ្ជាក់ថា សាលាដំបូងរាជធានីខេត្តទាំងអស់នៅទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីជាង២០.២០០សំណុំរឿងផងដែរ។
ក្រសួងយុត្តិធម៌បានឲ្យដឹងថា នេះជា«ជោគជ័យនៃការអនុវត្តយុទ្ធនាការ» និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការពាក់ព័ន្ធ។ ក្រសួងយុត្តិធម៌បន្ថែមថា ការអនុវត្តនេះប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
ក្រសួងយុត្តិធម៌មិនបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា តើមនុស្សប៉ុន្មាននាក់ ដែលឲ្យនៅក្រៅឃុំ ឬព្យួរទោសនោះទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជារដ្ឋលេខាធិការ មានប្រសាសន៍ថា ពុំមាន«ភាពមិនប្រក្រតី»ណាមួយនៅក្នុងសំណុំរឿងកកស្ទះទាំងនេះទេ។ លោកបន្តថា ការកកស្ទះសំណុំរឿងនេះ គឺដោយសារកំណើនសំណុំរឿង ហើយកង្វះខាតធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុនៅតាមតុលាការទូទាំងប្រទេស។
លោកប្រាប់ VOA ថា៖ «ចំពោះបញ្ហាប្រឈមភាពមិនប្រក្រតីអី ដូចជាមិនមានអីនោះទេ។ ហើយយើងឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានអនុវត្តទៅតាមផែនការ ទៅតាមវិធានការនៃយុទ្ធនាការ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រកាន់ខ្ជាប់អភិក្រមដែលយើងបានដាក់ចេញ គឺលឿន ឆាប់រហ័ស ត្រឹមត្រូវយុត្តិធម៌ និងមិនពុករលួយ»។
លោកបន្ថែមថា៖ «មូលហេតុកកស្ទះ វាមិនមែនកំហុសរបស់មន្រ្តីណាមួយនោះទេ។ វាជាកត្តាសត្យានុម័ត ដោយសារតែយុទ្ធនាការទប់ស្កាត់បង្រ្កាបបទល្មើសរបស់រដ្ឋាភិបាល ប៉ុន្មានឆ្នាំចុងក្រោយ គឺអនុវត្តទទួលបានជោគជ័យ»។
លោកបន្តថា នៅដំណាច់ឆ្នាំនេះ តុលាការនឹងសម្រេចបញ្ចប់សំណុំរឿងកកស្ទះទាំងអស់ ដែលមាននៅមុនថ្ងៃចាប់ផ្តើមយុទ្ធនាការ គឺនៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២០។
លោក ជិន ម៉ាលីន មិនទាន់អាចបញ្ជាក់ពីទិន្នន័យនៃអ្នកដែលចេញពីការឃុំឃាំងទេដោយលោកគ្រាន់តែឲ្យដឹងថា នឹងបង្ហាញពេលបញ្ចប់យុទ្ធនាការ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា គួរតែបង្ហាញចំនួនជនដែលត្រូវបានដោះលែង និងព្យួរការលើកលែងទោសជាដើម។
លោកបញ្ជាក់ថា៖ «ហើយតាមដែលយើងទទួលមក ក៏មានអ្នកដែលត្រូវបានដោះលែងមួយចំនួនមក ដូចជាកាត់តម្រឹម ឬក៏ការព្យួរទោស ឬក៏ការលើកលែងចោទអីជាដើម...ប៉ុន្តែចំណុចសំខាន់ គឺយើងមិនបានដឹងថា តើជនដែលជាប់ឃុំប៉ុន្មានដែលធ្វើការដោះលែង? ប៉ុន្មានដែលត្រូវធ្វើការលើកលែងការចោទប្រកាន់អីជាដើម»។
លោក ក៏ជំរុញឲ្យមានវិធានការចំពោះចៅក្រម ឬក៏ព្រះរាជអាជ្ញាណាដែលមិនអនុវត្តតាមនីតិវិធី ឬមានភាពមិនប្រក្រតីនៅក្នុងសំណុំរឿង។
លោក អំ សំអាត ក៏ជំរុញឲ្យមានការត្រួតពិនិត្យលើយន្តការនេះ ហើយតុលាការគួរតែពន្លឿននីតិវិធីនេះជារៀងរហូត កុំរង់ចាំតែពេលមានវិធានការពីក្រសួងយុត្តិធម៌។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា វាជារឿងល្អដែលក្រសួងបានដោះស្រាយសំណុំរឿងកកស្ទះ តាមរយៈការពន្លឿនសំណុំរឿងទាំងនេះ។
លោកសង្ឃឹមថា គោលការណ៍នេះ ត្រូវបានអនុវត្តតាមអភិក្រមដែលក្រសួងបានប្រកាស។ លោកមានប្រសាសន៍ថា៖ «អ៊ីចឹង ខ្ញុំយល់ថា គួរតែមានការត្រួតពិនិត្យនៅក្នុងការអនុវតុ្តក្នុងរឿងហ្នឹងដែរ ហើយក៏ស្នើថា បើសិនជាមានការអនុវត្តទាំងអស់ហ្នឹង ផ្ទុយប្រាសចាកពីការលើកឡើងរបស់ក្រសួង ភាគីពាក់ព័ន្ធគួរតែផ្តល់ព័ត៌មានទៅដល់ក្រសួងយុត្តិធម៌ដែរដើម្បីមានវិធានការទៅលើមន្រ្តីពាក់ព័ន្ធណាមួយដែលប្រព្រឹត្តផ្ទុយអំពីអភិក្រមរបស់ក្រសួងដែលបានលើកឡើង»។
មន្រ្តីសិទ្ធិមនុស្សនៃសមាគមអាដហុករូបនេះ ចង់ឃើញប្រព័ន្ធយុត្តិធម៌កម្ពុជាអនុវត្តច្បាប់មានភាពត្រឹមត្រូវ ឯករាជ្យ កុំមាននិន្នាការនយោបាយ និងកុំមានបញ្ហាអំពើពុករលួយ ដែលរងការរិះគន់ពីស្ថាប័នអន្តរជាតិ និងសាធារណជន។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងយើងចង់ឃើញកំណែទម្រង់ពីស្ថាប័នយុត្តិធម៌ទាំងអស់ហ្នឹង ឲ្យមានភាពឯករាជ្យភាព អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដោយមិនប្រកាន់ទៅលើនិន្នាការនយោបាយ មិនមានការរើសអើងចំពោះសកម្មជនមនសិការសង្គមអីជាដើម»។
ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីថ្មី លោក កើត រិទ្ធ កាលពីខែឧសភា បានបើកយុទ្ធនាការមួយ ដើម្បីបន្ថយការចង្អៀតណែននៅក្នុងពន្ធនាគារ និងសំណុំរឿងកកស្ទះនៅតុលាការ។ ក្រសួងយុត្តិធម៌ឲ្យដឹងថា យុទ្ធនាការនេះនឹងពន្លឿនការកាត់ក្តី និងបង្កើនការប្រើប្រាស់នីតិវិធីដាក់ឲ្យស្ថិតនៅក្រៅឃុំ និងការព្យួរទោស។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍កាលពីខែឧសភាថា បើតាមទិន្នន័យដែលក្រសួងយុត្តិធម៌ប្រមូលបាន គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០សាលាដំបូងរាជធានី ខេត្តមានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការសរុបចំនួន ៣៩.១៥២សំណុំរឿង។ ក្នុងនោះ គ្រឿងញៀនមានចំនួន៦.២៦០សំណុំរឿង។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍កាលនោះថា ក្រសួងយុត្តិធម៌នឹងមិនជ្រៀតជ្រែកការសម្រេចចិត្តរបស់ចៅក្រមទេដោយចាត់ទុកថា រាល់ការសម្រេចរបស់ចៅក្រមជាឆន្ទានុសិទ្ធិរបស់ពួកគេ៕