គណៈកម្មាធិការនីតិកម្មនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបន្តនីតិវិធីនៅថ្ងៃពុធនេះលើការពិចារណារបស់ខ្លួន ដើម្បីសម្រេចថាការបដិសេធរបស់រដ្ឋមន្រ្តីយុត្តិធម៌លោក William Barr មិនព្រមផ្តល់របាយការណ៍ទាំងអស់របស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ស្តីពីការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិក គឺជាការមិនគោរពតាមបញ្ជារបស់សភា។
ថ្នាក់ដឹកនាំគណៈកម្មាធិការនិងមន្រ្តីក្រសួងយុត្តិធម៌បានជួបប្រជុំគ្នា កាលពីថ្ងៃអង្គារ ដើម្បីព្យាយាមរកដំណោះស្រាយលើបញ្ហានេះ ប៉ុន្តែនៅល្ងាចថ្ងៃដដែលនោះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដែលបានបញ្ជាក់ថា ពួកគេមិនទាន់រកឃើញដំណោះសា្រយណាមួយនៅឡើយទេ។
សរុបទៅក្រសួងយុត្តិធម៌បានគំរាមថា នឹងស្នើទៅលោកប្រធានាធិបតី Donald Trump ឲ្យចេញបទបញ្ជាប្រតិបត្តិចំពោះសំណើរបស់គណៈកម្មាធិការដើម្បីចេញដីកាបង្គាប់ ប្រសិនខ្លួនទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោតនៅថ្ងៃពុធនេះ។
លោក Jerrold Nadler ប្រធានគណៈកម្មការសភាតំណាងអាមេរិកបានឆ្លើយតបទទៅវិញ ដោយបាននិយាយថា ការតតាំងតាមផ្លូវច្បាប់របស់ក្រសួងយុត្តិធម៌គឺខ្វះមូលដ្ឋានច្បាប់ និងបានចោទប្រកាន់ថានេះជាទង្វើររារាំងដ៏គ្រោះថ្នាក់។
ក្រសួងយុត្តិធម៌បានប្រកាសជំហររបស់ខ្លួនដោយបានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក Nadler ដោយលោក Stephen Boyd ជំនួយការរដ្ឋមន្រ្តីយុត្តិធម៌ ដែលបានចោទប្រកាន់គណៈកម្មាធិការរបស់លោក Nadler ថា ធ្វើការទាមទារដោយគ្មានហេតុផល និងបង្កឲ្យមានជម្លោះដែលមិនចាំបាច់រវាងស្ថាប័នទាំងពីររបស់រដ្ឋាភិបាល៕