ការវាយប្រហារតាមអាកាសតែ៥ភាគរយគត់របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីបានចាត់ទីដៅលើពួកជ្រុលនិយមរដ្ឋឥស្លាម នេះតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារប្រទេសអង់គ្លេសនៅថ្ងៃសៅរ៍នេះ នៅពេលដែលយុទ្ធនាការទម្លាក់គ្រាប់បែកដែលមានអាយុកាល៤ថ្ងៃរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូបានបន្ត ទោះបីជាមានការព្រួយកង្វល់ពីប្រទេសលោកខាងលិចក៏ដោយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត The Sun លោក Michael Fallon រដ្ឋមន្រ្តីការពារប្រទេសអង់គ្លេសបាននិយាយថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីភាគច្រើនបានចាត់ទីដៅទៅលើក្រុមឧទ្ទាមស៊ីរីជំនួសទៅវិញ ដែលរួមមានក្រុមកងទ័ពស៊ីរីសេរី ដែលគាំទ្រដោយប្រទេសលោកខាងលិច ហើយបានសម្លាប់ជនស៊ីវិល។
លោក Fallon បានមានប្រសាសន៍ថា «យើងកំពុងធ្វើការវិភាគពីទីកន្លែងនៃការវាយប្រហារ ដែលកំពុងធ្វើឡើងជារៀងរាល់ព្រឹក។ ការវាយប្រហារភាគច្រើនមិនមែនប្រឆាំងនឹងក្រុមរដ្ឋឥស្លាមទាល់តែសោះ»។
លោករដ្ឋមន្រ្តីការពារជាតិអង់គ្លេស Fallon បានមានប្រសាសន៍ទៀតថា «ភស្តុតាងរបស់យើងចង្អុលបង្ហាញថា ពួកគេបានទម្លាក់គ្រាប់រំសេវនៅក្នុងតំបន់ជនស៊ីវិលរស់នៅ ដោយបានសម្លាប់ជនស៊ីវិល ហើយពួកគេកំពុងទម្លាក់គ្រាប់រំសេវប្រឆាំងនឹងកងកម្លាំងស៊ីរីសេរី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ប្រធានាធិបតី Bashar al- Assad។
យោងតាមក្រុមមន្រ្តីប្រទេសលោកខាងលិច និងអ្នកស្រុកក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅសប្តាហ៍នេះរុស្ស៊ីបានចាប់ផ្តើមទម្លាក់គ្រាប់បែកក្នុងប្រទេសស៊ីរី ដោយនិយាយថា ទីដៅដ៏សំខាន់របស់ខ្លួន គឺក្រុមរដ្ឋឥស្លាម ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារពីដំបូងជាច្រើនបានត្រូវចំលើក្រុមឧទ្ទាមស៊ីរី ដែលគាំទ្រដោយស.រ.អា៕