គណៈវិនិច្ឆ័យ​សម្រេច​ថា​លោក Trump បំពាន​ផ្លូវ​ភេទ​ស្ត្រី​ម្នាក់​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​និង​ពិន័យ​៥​លាន​ដុល្លារ​

រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ទៅ​ចូលរួម​ការ​ជួបជុំ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ក្រុង Swanton រដ្ឋ Ohio ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

គណៈវិនិច្ឆ័យ​តុលាការ​សហព័ន្ធ​នៅ​ក្នុង​រដ្ឋ New York កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​ឱ្យ​មាន​ការ​ផ្ដល់​ប្រាក់​ចំនួន ៥ លាន​ដុល្លារ​ដល់​អ្នកស្រី E. Jean Carroll ដែល​ជា​អតីត​អ្នក​សរសេរ​អត្ថបទ​ផ្ដល់​ដំបូន្មាន​តាម​ទស្សនាវដ្ដី បន្ទាប់ពី​បាន​សន្និដ្ឋាន​ថា​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រព្រឹត្តិ​ការ​បំពាន​ផ្លូវ​ភេទ​លើ​អ្នកស្រី​កាលពី ២០ ឆ្នាំ​មុន​ពេល​លោក​ក្លាយជា​ប្រធានាធិបតី ហើយ​បន្ទាប់មក​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​អ្នកស្រី​ដោយ​ច្រានចោល​រឿង​នេះ​ថា​ជា «ល្បិច​បោក​បញ្ឆោត»។

គណៈវិនិច្ឆ័យ​តុលាការ​ដែល​មាន​សមាជិក​ ៩ រូប ​ដោយ​ ៦ ​រូប​ជា​បុរស​និង​៣​ រូប​ជា​ស្ត្រី ​បាន​ឈាន​ដល់​ការ​សម្រេច​នេះ បន្ទាប់ពី​បាន​ពិភាក្សា​គ្នា​ហ្មត់ចត់​អស់​រយៈពេល ៣ ម៉ោង​មក។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​លោក Trump បាន​ប្រឈម​នឹង​សវនាការ​មួយ​ដែល​ឱ្យ​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ពី​ស្ត្រី​មួយ​ចំនួន​ដែល​បាន​ចោទ​លោក​ថា​បាន​បំពាន​ផ្លូវ​ភេទ​ដោយ​គ្មាន​ការ​អនុញ្ញាត។

គណៈវិនិច្ឆ័យ​តុលាការ​បាន​ច្រានចោល​ការ​អះអាង​របស់​អ្នកស្រី E. Jean Carroll ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​អាយុ ៧៩ ឆ្នាំ ដែល​ថា​លោក Trump បាន​ចាប់​រំលោភ​អ្នកស្រី​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​នៅ​ក្នុង​ហាង​ទំនើប​មួយ​កន្លែង​ក្នុង​ទីក្រុង New York កាលពី​ឆ្នាំ ១៩៩៦។ ប៉ុន្តែ គណៈវិនិច្ឆ័យ​តុលាការ​នេះ​បាន​សន្និដ្ឋាន​ថា លោក Trump បាន​បំពាន​ផ្លូវ​ភេទ​លើ​អ្នកស្រី ដោយ​សម្រេច​ឱ្យ​មាន​ការ​ផ្ដល់​ប្រាក់​ចំនួន ២ លាន​ដុល្លារ​ដល់​អ្នកស្រី។

គណៈវិនិច្ឆ័យ​តុលាការ​បាន​សម្រេច​ឱ្យ​មាន​ការ​ផ្ដល់​ប្រាក់​ចំនួន ៣ លាន​ដុល្លារ​ទៀត​ដល់​អ្នកស្រី ​Carroll សម្រាប់​ការ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក Trump ជា​សាធារណៈ​និង​លើ​ទំព័រ​បណ្ដាញ​សង្គម​អនឡាញ​របស់​លោក​ដែល​ថា ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី Carroll គឺ​ជា «ការ​បោកប្រាស់» និង​ជា «រឿង​ឆ​បោក​ទាំងស្រុង»។

អ្នកស្រី Carroll បាន​ដើរ​ចេញ​ដោយ​ញញឹម​ពី​តុលាការ ប៉ុន្តែ​មិន​បាន​និយាយ​ជាមួយ​នឹង​អ្នក​កាសែត​ទេ។

ក្រោយ​មក អ្នកស្រី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​ប្រឆាំង​នឹង​លោក Donald Trump ដើម្បី​ភាព​ស្អាតស្អំ​របស់​ខ្ញុំ និង​ដើម្បី​ឱ្យ​ខ្ញុំ​អាច​ត្រឡប់​មក​រក​ជីវិត​រស់នៅ​របស់​ខ្ញុំ​ឡើង​វិញ។ នៅ​ថ្ងៃ​នេះ ពិភពលោក​នៅ​ទី​បំផុត​បាន​ដឹង​អំពី​សច្ចភាព។ ជ័យជម្នះ​នេះ​គឺ​មិន​ត្រឹមតែ​សម្រាប់​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ស្ត្រី​គ្រប់​រូប​ដែល​បាន​រងគ្រោះ​ដោយសារតែ​គេ​មិន​ជឿ​លើ​ពួកគេ»។

លោក Trump បាន​ច្រានចោល​ការ​សម្រេច​នេះ ដោយ​ទទូច​ថា​លោក​គឺ​ជា​កម្មវត្ថុ​នៃ​ការ​តាម​ព្យាបាទ៕






((PLAYBOOK SLUG: WEB - TRUMP-RAPE-DEFAMATION-TRIAL 3rd UPD
HEADLINE: Jury Finds Trump Sexually Abused Woman Decades Ago, Awards Her $5 Million
TEASER: Former president had denied the allegation but did not appear at the trial and offered no defense witnesses
PUBLISHED AT: 5/9/2023 at 6:09 p.m.
BYLINE: Ken Bredemeier
SCRIPT EDITORS: Jepsen, Sharon Shahid
PLATFORMS): WEB _X_ TV __ RADIO _X_
EDITOR NOTES: new grafs 7, 10-12))