ក្រុមបុគ្គលិកតុលាការដែលធ្វើកូដកម្មក្នុងប្រទេសម៉ាឡាវី បាននាំគ្នាស្រែកតវ៉ា ជជែក និងលេងបាល់ទាត់និងបាល់បោះនៅជុំវិញបរិវេណតុលាការ។
លោក Andy Haliwa អ្នកនាំពាក្យក្រុមបុគ្គលិកធ្វើកូដកម្ម បានប្រាប់វីអូអេថា ការធ្វើកូដកម្មនេះ គឺជាលទ្ធផលនៃភាពបរាជ័យរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយក្តីបារម្ភរបស់ពួកគេជុំវិញការទាមទារលក្ខណ្ឌការងារ ដែលត្រូវកែប្រែជារៀងរាល់៣ឆ្នាំម្តងនោះ។
លោកថ្លែងដូចនេះថា៖ «ការកែប្រែលក្ខខណ្ឌការងារចុងក្រោយ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៨។ យើងរំពឹងទុកពីការកែប្រែជាថ្មីទៀតក្នុងឆ្នាំ២០២១ ហើយពីឆ្នាំ២០២១ដល់ឆ្នាំ២០២២ យើងបានធ្វើការងារជាច្រើនទៅលើឯកសារសម្រាប់ឱ្យមានការផ្លាស់ប្តូរលក្ខខណ្ឌការងារទាំងនេះ។ កាលពីព្រឹកម្សិលមិញ យើងបានទទួលការទាក់ទងមួយពីការិយាល័យចុះបញ្ជីឯកសារតុលាការថា លក្ខខណ្ឌការងាររបស់ក្រុមបុគ្គលិកតុលាការ ត្រូវបានយល់ព្រមរួចហើយ។ ប៉ុន្តែជាការភ្ញាក់ផ្អើល អ្វីដែលជាការយល់ព្រមនោះ គឺផ្ទុយទៅនឹងអ្វីដែលយើងបានដាក់ជូន ទៅឱ្យគណៈកម្មការសេវាកម្មតុលាការ»។
លោក Haliwa និយាយថា ក្រុមបុគ្គលិកតុលាការ បានទាមទារឱ្យមានការផ្តល់ប្រាក់ទៅលើការធ្វើការលើសម៉ោង និងការធ្វើការនៅក្រៅរង្វង់ការងារជាទូទៅរបស់គេ ក៏ដូចជាបញ្ហាមួយចំនួនផ្សេងទៀតផងដែរ។
កាលពីឆ្នាំ២០១៥ ប្រទេសម៉ាឡាវី ក៏ធ្លាប់មានការធ្វើកូដកម្មប្រហាក់ប្រហែលគ្នាមួយអូសបន្លាយ
ពេលដល់ទៅពីរខែដែរ ដែលនៅពេលនោះ ក្រុមបុគ្គលិកបានទាមទារឱ្យមានការដំឡើងប្រាក់ខែរបស់គេចំនួន៣០ភាគរយ។
លោក Haliwa និយាយថា នៅពេលនេះ បញ្ហាដំឡើងប្រាក់ខែមិនមែនជាការទាមទារនោះឡើយ ពីព្រោះរដ្ឋាភិបាលនិយាយថា ខ្លួនគ្មានលុយសម្រាប់ការដំឡើងប្រាក់ខែនោះឡើយ។ លោកបានបន្ថែមដូចនេះថា៖ «យើងមិនថាអីទេរឿងការដំឡើងប្រាក់ខែនោះ ព្រោះយើងយល់ពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមានប្រាក់បំណាច់ផ្សេងៗ ដែលយើងទាមទារចង់បាន ព្រោះយើងត្រូវការប្រើប្រាស់ចំណាយនៅពេលបញ្ចប់ការងារជារៀងរាល់ថ្ងៃ។ អ្វីដែលក្រសួងហិរញ្ញវត្ថុធ្វើនោះគឺថា គេបានកែប្រែរួចហើយ ប៉ុន្តែការកែប្រែនោះ មិនមែនជាអ្វីដែលយើងចង់បាននោះឡើយ»។
ការព្យាយាមដើម្បីសុំការបកស្រាយពីមន្ត្រីរដ្ឋាភិបាលមួយចំនួនជុំវិញរឿងនេះ មិនទទួលបានជោគជ័យឡើយ។ ក្រុមអ្នកធ្វើកូដកម្ម បានប្រើប្រាស់មែកឈើដើម្បីបិទផ្លូវទៅកាន់អគារតុលាការ ដោយមិនអាចឱ្យចៅក្រម មេធាវីនិងអ្នកផ្សេង២ទៀត អាចចូលទៅតុលាការបាននោះទេ។
ការធ្វើកូដកម្មប្រឆាំងតវ៉ារបស់ក្រុមបុគ្គលិកតុលាការនេះ បានធ្វើឲ្យប៉ះពាល់និងផ្អាកដល់សំណុំរឿងប្រមាណជាង៦០គ្រាន់តែថ្ងៃចន្ទមួយតែប៉ុណ្ណោះ ដែលក្នុងនោះក៏រួមមានសវនាការក្តីមួយចំនួនពាក់ព័ន្ធនឹងរឿងអំពើពុករលួយរបស់រដ្ឋាភិបាលផងដែរ។ ក្រុមអ្នកធ្វើយុទ្ធនាការការពារសិទ្ធិមនុស្ស និងអ្នកជំនាញច្បាប់មួយចំនួនលើកឡើងថា ការធ្វើកូដកម្មនេះ បានធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ចុងចោទក្នុងសំណុំរឿងនានា។
លោក Victor Mhango ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស អប់រំ ណែនាំ និងការគាំទ្រ ដែលហៅកាត់ថា CHREAA បាននិយាយដូចនេះថា៖ «យើងក៏ទទួលរងការប៉ះពាល់ខ្លាំងដូចអ្នកដែរ។ មជ្ឈមណ្ឌល CHREAA ធ្វើការងារភាគច្រើនជួយដល់អ្នកទោសនិងជនក្រីក្រដែលអត់មានមេធាវីតំណាងពួកគេ។ យើងមានសំណុំរឿងមួយចំនួនឡើងដល់តុលាការហើយ។ ដូចនេះហើយការធ្វើកូដកម្មនេះ បានប៉ះពាល់ដល់ការងាររបស់យើង។ យើងក៏បានឃើញនូវការរំលោភបំពានសិទ្ធិមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិរបស់ជនសង្ស័យផងដែរ»។
ប្រធានគណ:មេធាវីម៉ាឡាវី Malawi Law Society លោក Patrick Mpaka បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការធ្វើកូដកម្មរបស់ក្រុមបុគ្គលិកតុលាការនេះ បានបង្កឱ្យមានការលំបាកជាខ្លាំងក្នុងការស្វះស្វែងរកយុត្តិធម៌។
ក្រុមមន្ត្រីតុលាការម៉ាឡាវី បានជួបប្រជុំពិភាក្សាជាមួយមេដឹកនាំក្រុមកូដកម្ម ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យឈប់ធ្វើកូដកម្មតទៅទៀត ប៉ុន្តែក្រុមកូដករនិយាយថា ពួកគេនឹងមិនចូលធ្វើការវិញនោះឡើយ រហូតដល់ការទាមទាររបស់គេបានសម្រេច៕
ក្រុង Blantyre ប្រទេសម៉ាឡាវី —