ចៅក្រមអង់គ្លេសម្នាក់និយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន (Vladimir Putin) ទំនងជាយល់ព្រមលើគ្រមោងការសម្លាប់អតីតភ្នាក់ងារសម្ងាត់ KBG គឺលោក Alexander Litvinenko ដោយការដាក់ថ្នាំបំពុល។
លោក Alexander Litvinenko បានស្លាប់កាលពីជិត១០ឆ្នាំមុនបន្ទាប់ពីបានផឹកតែមួយកែវដែលចៅក្រម Robert Owen បាននិយាយថា ទឹកតែនោះលាយជាមួយនឹងជាតិវិទ្យុសកម្មដ៏កម្រមួយបែបឈ្មោះ isotope polonium-210។ ថ្លែងចេញពីលើគ្រែដែលលោកគេងស្លាប់នោះ លោក Alexander Litvinenko បានចោទប្រកាន់លោកពូទីនថាបានបញ្ជាឲ្យមានការលបធ្វើឃាតលោក។
នៅក្នុងរបាយការណ៍ដែលគេរង់ចាំជាយូរមួយ លោកចៅក្រម Owen បាន និយាយថា លោក Dmitry Kovtun និងលោក Andrei Lugovoi ដែលជាអតីតភ្នាក់ងារ KGB របស់រុស្ស៊ីបានអនុវត្តផែនការធ្វើឃាត ហើយពួកគេទំនងជាធ្វើតាមបញ្ជារបស់ទីភ្នាក់ងារសន្តិសុខ FSB រុស្ស៊ី។
ភ្នាក់ងារទាំងពីរបានបញ្ជាក់ពីការជួបលោក Alexander Litvinenko ក្នុងទីក្រុងឡុងដ៍ជាច្រើនលើក រួមទាំងពេលដែលគេសង្ស័យថាបានដាក់ថ្នាំបំពុលផងដែរ តែពួកគេទាំងពីរបានបដិសេធពីការពាក់ព័ន្ធនឹងការស្លាប់នោះ។ រុស្ស៊ីបានបដិសេធក្នុងការបញ្ជូនខ្លួនពួកគេដែរ។
បន្ទាប់ពីមានរបាយការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍យ៉ាងនេះ ទីភ្នាក់ងារ ព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តីលោក Andrei Lugovoi ដែលបានហៅការស៊ើបសួររបស់អង់គ្លេសថា ជារឿងមិនបានការ ហើយនិយាយថា ការណ៍នេះ មានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ៕