ហ្ស៊កដានី​និង​ជប៉ុន​រងចាំ​ព័ត៌មាន​ពី​ចំណាប់ខ្មាំង​ក្នុង​រដ្ឋអ៊ីស្លាម​យ៉ាង​អន្ទះសារ

កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ប្រជាពលរដ្ឋ​មកពី​ al-Kaseasbeh និង​ក្រុម​ដទៃ​ទៀត​ចូលរួម​បាតុកម្ម​នៅ​ខាងក្រៅ​គណៈរដ្ឋមន្រ្តី​ហ្ស៊កដានី​នៅ​ក្នុង​ទីក្រុង​អាម៉ាន់​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នកបើក​យន្តហោះ​ហ្ស៊កដានី​ លោក Mu'ath al-Kaseasbeh ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ក្រុម​យោធា​របស់​រដ្ឋអ៊ីស្លាម។

កាល​ពី​ថ្ងៃ​សុក្រ​ គេ​នៅ​តែមិន​ទាន់​ដឹង​អំពី​ជោគ​វាសនា​របស់​ចំណាប់ខ្មាំង​ពីរ​នាក់​របស់​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​ឡើយ​ទេ​មួយ​ថ្ងៃ​នៅ​ក្រោយ​ពេល​វេលា​ចុង​ក្រោយ​បង្អស់​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​ទុក​ឲ្យសម្រាប់​ការ​ប្តូរ​អ្នកទោស​បាន​កន្លង​ផុត​ទៅ​ហើយ។ ចំណាប់ខ្មាំង​ទាំង​ពីរ​នាក់​នោះ​ជា​អ្នក​កាសែត​ជប៉ុន​ម្នាក់​និង​អ្នកបើក​យន្តហោះ​ម្នាក់​នៃ​កង​ទ័ព​អាកាស​ហ្ស៊កដានី។

ក្រុម​យោធា​ហ្ស៊កដានី​បាន​និយាយ​ថា​ក្រុម​មន្ត្រី​បាន​ធ្វើការ​គ្មាន​ឈប់ឈរ​អំពី​ករណី​ លោក Mu'ath al-Kasaesbeh ដែល​ជាអ្នក​បើក​យន្តហោះ​ហ្ស៊កដានី​។ លោក​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រោយ​យន្តហោះ​ប្រតិកម្ម​របស់​លោក​បាន​ធ្លាក់​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ខែ​មុន។​

ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​បាន​គំរាមកំហែង​ថា​នឹង​សម្លាប់​លោក​ប្រសិនបើ​ប្រទេស​ហ្ស៊កដានី​មិន​ដោះលែង​អ្នកស្រី​ Sajida al-Rishawi អ្នក​ទោសអ៊ីរ៉ាក់ ដោយ​កំណត់​ឲ្យ​ដោះ​លែង​ឲ្យ​បាន​មុន​ពេល​ថ្ងៃលិច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ អ្នកស្រី​ Al-Rishawi ឋិត​នៅ​ក្នុង​ចំណោម​ក្រុម​ជន​ត្រូវ​ប្រហារជីវិត​ក្នុង​ប្រទេស ហ្ស៊កដានី​ដោយសារ​មុខនាទី​របស់​គាត់​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ប្រល័យ​កាល​ពី​ឆ្នាំ២០០៥​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី។​ ក៏​ប៉ុន្តែអាជ្ញាធរ​ហ្ស៊កដានី​និយាយ​ថា​ពួក​គេ​នឹង​ដោះលែង​គាត់​តែ​នៅ​ពេល​ណា​មាន​ភស្តុតាង​ថា​អ្នកបើក​យន្តហោះ​របស់ខ្លួន​នៅ​រស់។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី និង​ប្រទេស​ជប៉ុន​បាន​ដើរ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​សុក្រ​អំពាវនាវ​ឱ្យ​មាន​ការ​វិល​ត្រទ្បប់​មកវិញ​ដោយ​សុវត្ថិភាព​នៃ​ចំណាប់​ខ្មាំង​ទាំង​ពីរ​នាក់នេះ។​

អ្នកស្រី​ Rinko ដែល​ជា​ភរិយា​លោក​ Goto បាន​ធ្វើការ​អំពាវនាវ​ដ៏​រំជួល​ចិត្ត​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សុំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​តូក្យូ​និង​រដ្ឋាភិបាល​ក្រុង​អាម៉ាន់​ជួយ​សង្គ្រោះ​ជីវិត​ស្វាមី​អ្នកស្រី។​ ក៏​ប៉ុន្តែ​ការ​ថត​សំទ្បេង​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រុម​រដ្ឋអ៊ីស្លាម​មិនបាន​សន្យា​ថា​នឹង​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំង​ណាម្នាក់​ជា​ថ្នូរ​នឹង​អ្នក​ស្រី al-Rishawi ទេ៕