គ្រួសាររបស់អ្នកកាសែតជាតិជប៉ុន និងអ្នកបើកយន្តហោះជាតិហ្ស៊កដានី ដែលត្រូវក្រុមរដ្ឋអ៊ីស្លាមចាប់ខ្លួន កំពុងនៅរង់ចាំព័ត៌មានអំពីភ័ព្វវាសនារបស់អ្នកទាំងពីរ បន្ទាប់ពីការកំណត់ពេលមួយទៀតសម្រាប់ការប្តូរចំណាប់ខ្មាំង បានកន្លងផុតទៅ ដោយគ្មានសេចក្តីប្រកាសណាមួយរបស់ក្រុមរដ្ឋអ៊ីស្លាម។
នៅក្នុងសម្លេងថតដែលត្រូវបានផ្សាយតាមអ៊ីនធឺណែតកាលពីល្ងាចថ្ងៃពុធ បុរសម្នាក់ដែលបានសម្គាល់ខ្លួនឯងថាឈ្មោះ Goto បាននិយាយថា ចំណាប់ខ្មាំងជាមួយលោក គឺលោក Mu'ath al-Kasaesbeh ដែលជាអ្នកបើកយន្តហោះជាតិ ហ្ស៊កដានី នឹងត្រូវសម្លាប់ភ្លាម បើប្រទេសហ្ស៊កដានីមិនដោះលែងភេរវករឈ្មោះ នាង Sajida al-Rishawi ដែលជាប់ទោសប្រហារជីវិតនៅក្នុងប្រទេសហ្ស៊កដានី សម្រាប់មុខនាទីរបស់នាងនៅក្នុងការដាក់គ្រាប់បែកសម្លាប់មនុស្សជាច្រើននាក់នៅទីក្រុង Amman កាលពី ១០ឆ្នាំមុននោះទេ។
រដ្ឋាភិបាលហ្ស៊កដានី បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ខ្លួននឹងពិចារណាអំពីការដោះលែង Sajida បើមានភស្តុតាងបង្ហាញថា លោក Kasaesbeh នៅរស់រានមានជីវិតនៅឡើយ៕