ហ្ស៊កដានី​បន្ត​វាយប្រហារ​តាម​អាកាស​ទៅ​លើ​រដ្ឋអ៊ីស្លាម​នៅ​ថ្ងៃទី៣

រូបភាព​នេះ​យក​ចេញ​ពី​វីដេអូ​ដែល​មិន​មាន​កាលបរិច្ឋេទ​ដែល​ផ្តល់​ឲ្យ​ដោយ​យោធា​ហ្ស៊កដានី​តាម​រយៈ​ទូរទស្សន៍​ជាតិ​​។ វា​បាន​បង្ហាញ​ពី​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​កំឡុង​ពេល​វាយប្រហារ​តាម​អាកាស​នៅ​ទីតាំង​ដែល​មិនត្រូវ​បាន​គេ​ដឹង​មួយ​ក្នុង​ប្រទេស​ស៊ីរី។

កាល​ពី​ថ្ងៃសៅរ៍​កង​យន្ត​ហោះ​ប្រតិកម្ម​ប្រយុទ្ធ​នៃ​ប្រទេស​ហ្ស៊កដានី​បាន​ធ្វើការ​វាយប្រហារ​ទៅ​លើក្រុម​រដ្ឋអ៊ីស្លាម​ក្នុង​ថ្ងៃទី​បី​បន្តបន្ទាប់​គ្នានៅ​ពេល​ដែល​ការ​អះអាង​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​ថា​ការ​វាយប្រហារ​តាម​អាកាស​មួយ​នេះ​បាន​ធ្វើឱ្យ​ស្លាប់​ចំណាប់ខ្មាំង​អាមេរិកាំង​ម្នាក់​ ហើយ​ការ​អះអាង​នេះ​នៅ​តែ​មិន​ទាន់​បាន​ត្រូវ​បញ្ជាក់​ថា​ពិត​នៅ​ទ្បើយទេ។​

ប្រទេស​ហ្ស៊កដានី​បាន​បើក​ធ្វើការ​វាយប្រហារ​ឆ្មក់​ទាំង​នេះ​ដើម្បី​សងសឹក​ដល់​ការ​សម្លាប់​អ្នក​បើក​យន្តហោះ​ហ្ស៊កដានី​ម្នាក់​ដែល​ក្រុម​រដ្ឋអ៊ីស្លាម​ចាប់​បាន​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ខែឆ្នូ។

កាលពី​ថ្ងៃសៅរ៍​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ធុន​ F-16 មួយកង​ទៅ​កាន់​ប្រទេស​ហ្ស៊កដានី​ដើម្បី​ជួយ​ធ្វើការ​វាយប្រហារ​តាម​អាកាស។​ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ WAM បាន​ផ្សាយ​សេចក្តី​ប្រកាសនេះ។​

ប្រទេស​ហ្ស៊កដានី​និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ជា​សមាជិក​នៃក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ដែល​វាយប្រហារ​លើ​ក្រុម​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​ដែន​ដី​ដែល​ពួកគេ​វាយ​យក​បាន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី។ ការ​វាយប្រហារ​តាម​អាកាស​ដោយ​ក្រុម​ចម្រុះ​ក៏​នៅ​តែ​បន្ត​ធ្វើ​តទៅ​ទៀត​កាល​ពី​ថ្ងៃសៅរ៍​នៅ​ពេល​ដែល​គេ​មិន​ទាន់​ដឹង​អំពី​ជោគវាសនា​របស់​អ្នក​ធ្វើការ​អាមេរិកាំង​ម្នាក់​ផ្នែក​ផ្តល់​ជំនួយ​ដែល​ជាប់​ឃុំឃាំង​ដោយ​ក្រុម​រដ្ឋអ៊ីស្លាម។

គ្រួសារ​របស់​អ្នកស្រី​ Kayla Mueller បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃសុក្រ​និយាយ​ថា​ពួកគេ​នៅ​មាន​សេចក្តី​សង្ឃឹម​ថា​អ្នកស្រី​នៅ​រស់។​

ការ​ឆ្លើយតប​របស់​ពួក​គេ​នេះ​ធ្វើ​ទ្បើង​ក្រោយ​ពី​សេតវិមាន​បាន​និយាយ​ថា​ខ្លួន​គ្មាន​ភ័ស្តុតាង​ថា​ការ​អះអាង​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​ថា​អ្នកស្រី​ស្លាប់​ជា​ការ​ពិត​ទេ៕