កាលពីថ្ងៃអាទិត្យ ប្រទេសហ្ស៊កដានីបាននិយាយថាខ្លួនបានធ្វើការវាយប្រហារតាមអាកាស៥៦លើកប្រឆាំងនឹងទីដៅក្រុមរដ្ឋឥស្លាម ចាប់តាំងពីក្រុមបះបោរបានផ្សាយវីដេអូមួយកាលពីសប្តាហ៍មុនដែលបង្ហាញថា ពួកគេបានដុតអ្នកបើកយន្តហោះប្រតិកម្មម្នាក់របស់រដ្ឋាភិបាលក្រុង Amman រហូតដល់ស្លាប់។
លោកឧត្តមសេនីយ៍ Mansour al-Jabour បាននិយាយថាកងទ័ពអាកាសប្រទេសហ្ស៊កដានី បាន «សម្រេចអ្វីដែលយើងស្វែងរកគឺការសងសឹក» ដល់ការសម្លាប់អ្នកបើកយន្តហោះគឺលោក Muath al-Kaseasbeh។លោក Jabour បានថ្លែងថា កងយន្តហោះប្រតិកម្មប្រយុទ្ធនៃប្រទេសហ្ស៊កដានីបានវាយប្រហារលើជំរុំហ្វឹកហ្វឺន បន្ទាយនិងឃ្លាំងគ្រាប់រំសេវ ក៏ដូចជាកន្លែងផ្ទុកប្រេងរបស់ក្រុមរដ្ឋឥស្លាម។
លោក Jabour បានមានប្រសាសន៍ថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ជាង៧ពាន់នាក់បានត្រូវសម្លាប់ចាប់តាំងពីពេលដែលប្រទេសហ្ស៊កដានី បានចូលរូមក្នុងយុទ្ធនាការវាយប្រហារតាមអាកាសដឹកនាំដោយស.រ.អា កាលពីខែកញ្ញាមុនដែលបានយកក្រុមបះបោរនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីជាទីដៅនៃការវាយប្រហារ។ក្រុមរដ្ឋឥស្លាម បានវាយយកបានដែនដីមួយចំនួនធំនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
លោក Jabour បាននិយាយប្រាប់ក្រុមអ្នកកាសែតនៅក្នុងក្រុង Amman ថា «យើងប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម រហូតដល់យើងបានសម្រេចគោលដៅនៃសង្គ្រាមនេះគឺកម្ទេចក្រុមរដ្ឋឥស្លាមទាំងស្រុង»។
នៅពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry បានមានប្រសាសន៍ថា គេត្រូវតែប្រឆាំងនឹងភេរវកម្ម «ជាមួយមធ្យោបាយទាំងអស់របស់យើង»។
ថ្លែងនៅក្នុងសន្និសីទសន្តិសុខក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Kerry បានបន្តថាពិភពលោកកំពុងឃើញទម្រង់មួយនៃ «អនាធិបតេយ្យបទឧក្រិដ្ឋ»។នៅក្នុងការនិយាយយោងដល់ក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាម អ្នកការទូតកំពូលរបស់ស.រ.អារូបនេះបានមានប្រសាសន៍ថា គ្មានហេតុផលបញ្ជាក់ថាការកើនទ្បើងនៃភាពជ្រុលនិយមប្រកបដោយហិង្សាជាការត្រឹមត្រូវទេ៕