សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេសកម្ពុជា

រូបឯកសារ៖ អ្នកស្រី វ៉ាន់ ហេលី (Wan-Hea Lee) (ឆ្វេង) តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជួបជាមួយអ្នកសារព័ត៌មាន។

ប្រទេស​នូវែលសេឡង់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តំណាង​ឲ្យ​ក្រុម​ប្រទេស​ចំនួន​៤៤។ សេចក្តី​ថ្លែងការណ៏​រួម​នោះ​មាន​ដូច​តទៅ៖

សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ការ​គាំទ្រ​ជា​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​នៅ​ក្នុងប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​២៥​ឆ្នាំ​ ចាប់​តាំង​ពី​រដ្ឋធម្មនុញ្ញ​បង្កើត​ឲ្យ​មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ អន្តរាគមន៍​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​កន្លង​មក​នេះ​ ធ្វើ​ឲ្យ​យើងអបអរ​សាទរ​ជា​ខ្លាំង​ចំពោះ​ការ​វិវត្ត​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក។ លទ្ធផល​ជា​វិជ្ជមាន​រួមមាន​ជោគ​ជ័យ​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុងឆ្នាំ​២០១៧។

ដោយសារ​តែ​ប្រទេស​កម្ពុជា​ឈាន​ជិត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​នេះ​ សុទិដ្ឋិនិយម​របស់​យើង​ដែល​មាន​កន្លង​មក​ត្រូវ​បាន​ជំនួស​មក​វិញ​នូវ​ក្តីបារម្ភ​ជា​ខ្លាំង​អំពី​ការ​ធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​សិទ្ធិពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ដើរ​ថយ​ក្រោយ​ទាំង​នេះ​រួម​មាន​សញ្ញា​នៃ​ការ​បង្ក្រាប​ក្រុមប្រឆាំង​ សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ជាដើម។

យើង​មាន​ក្តី​បារម្ភ​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឧត្តម​ស្នងការ​ជាន់ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​ និង​អ្នក​រាយការណ៍​ពិសេស​អំពី​វិធានការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ក្នុង​ខែ​កក្កដា​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ។

ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​ភាពស្របច្បាប់​របស់​ខ្លួន​បាន​នោះ​ រាល់​ការ​បោះឆ្នោត​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​សេរី យុត្តិធម៌​និង​អាច​ទុក​ចិត្តបាន៕