នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូអាបេ (Shinzo Abe) មានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅទីក្រុងតូក្យូឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេលប្រសិនបើព្រឹត្តិការណ៍នេះមិនអាចកើតឡើង «ពេញលេញ» ដោយសារតែការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី។
លោកនាយករដ្ឋមន្ត្រី អាបេ បានលើកឡើងបែបនេះនៅក្នុងសម័យប្រជុំសភានៅថ្ងៃចន្ទនេះប៉ុន្តែបានច្រានចោលលទ្ធភាពដែលថាការប្រកួតកីឡាអូឡាំពិកដែលគ្រោងធ្វើនៅថ្ងៃទី ២៤ ខែកក្កដារហូតដល់ថ្ងៃទី ៩ ខែសីហា នឹងត្រូវលុបចោលទាំងស្រុងនោះ។
ការថ្លែងរបស់លោក អាបេ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានប្រកាសថាខ្លួននឹងពិនិត្យមើលស្ថានការណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយពិភាក្សាអំពីជំហានបន្ទាប់ដែលត្រូវធ្វើរួមមានការពន្យារពេលកីឡាអូឡាំពិកត្រឹមពីរបីសប្តាហ៍ ឬសូម្បីតែមួយឆ្នាំ។ ប៉ុន្តែ គណៈកម្មាធិការនេះ ក៏បដិសេធមិនទាន់ពិចារណាពីលទ្ធភាពនៃការលុបចោលព្រឹត្តិការណ៍ប្រកួតកីឡានេះទាំងស្រុងដែរ។
គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានរងការរិះគន់យ៉ាងខ្លាំងពីអត្តពលិកអូឡាំពិកមួយចំនួនដែលបានប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដូចដែលបានគ្រោងទុក។ សម្ពាធបានកើនឡើងកាលពីថ្ងៃអាទិត្យនៅពេលគណៈកម្មាធិការអូឡាំពិកកាណាដាបានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួននឹងមិនបញ្ជូនអត្តពលិករបស់ខ្លួនទៅកាន់ទីក្រុងតូក្យូឡើយ។
គិតមកដល់ថ្ងៃអាទិត្យនេះ ប្រទេសជប៉ុនមានករណីឆ្លងមេរោគកូវីដ១៩ ចំនួនជាង១.៧០០ ករណីដែលក្នុងនោះរួមមានជាង៧០០ករណីពីនាវាទេសចរណ៍មួយដែលត្រូវបានដាក់នៅដាច់ពីគេកាលពីខែមុននៅជិតទីក្រុងតូក្យូហើយមានមនុស្សស្លាប់ច្រើនជាង៣០នាក់ហើយ ដោយសារវីរុសកូវីដ១៩នេះ។
ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩នេះ បានបង្ខំឱ្យសមាគមកីឡាអូឡាំពិកនៅជុំវិញពិភពលោកលើកពេល ឬលុបចោលព្រឹត្តិការណ៍ប្រកួតជម្រុះរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ហើយបានជះឥទ្ធិពលដល់ការបណ្តុះបណ្តាលនិងការរៀបចំខ្លួនរបស់អត្តពលិក៕