នៅពេលដែលនាយករដ្ឋមន្រ្តី Shinzo Abe នៃប្រទេសជប៉ុនថ្លែងសុន្ទរកថាទៅកាន់ការប្រជុំរួមគ្នារបស់សភាសហរដ្ឋអាមេរិកនៅថ្ងៃទី២៩ ខែមេសានេះ មានការរំពឹងថា លោកនាយករដ្ឋមន្រ្តីនឹងប្រើប្រាស់ឱកាសនេះដើម្បីឆ្លើយតបនឹងការទាមទារនៅក្នុងតំបន់ឲ្យមានការសុំអភ័យទោសជាសាធារណៈចំពោះភាពព្រៃផ្សៃរបស់ជប៉ុនក្នុងសង្គ្រាមកាលពីអតីតកាល។
ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍ពីការសោកស្តាយកាលពីពេលថ្មីៗបំផុតនេះរបស់លោក Abe បានទទួលការស្វាគមន៍នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដោយ តែប្រហែលជាគ្មានអ្វីដែលលោកអាចនិយាយដែលធ្វើឲ្យពេញចិត្តអ្នកដែលមានការមន្ទិលសង្ស័យនៅក្នុងតំបន់ទេ។
មុនដំណើរបំពេញទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន លោកនាយករដ្ឋមន្ត្រី Abe បានឆ្លើយតបដល់បញ្ហាស្រ្តីបម្រើផ្លូវភេទជាង២សែននាក់នៅក្នុងតំបន់អាស៊ី ដែលត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទសម្រាប់ទាហានជប៉ុនក្នុងសង្គ្រាមលោកលើកទី២។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ លោក Abe បានមានប្រសាសន៍ថា បេះដូងរបស់លោកឈឺចាប់ នៅពេលដែលលោកគិតអំពីការឈឺចាប់ និងទុក្ខវេទនារបស់អ្នកដែលបានរងគ្រោះដោយការជួញដូរមនុស្ស។
ទោះជាយ៉ាងណាក៏ដោយ ពាក្យសម្តីរបស់លោកបានបន្ធូរចិត្តបន្តិចបន្តួចដល់អ្នកស្រី Ahn Seon-mi ធ្វើការនៅក្រុមប្រឹក្សាកូរ៉េសម្រាប់ស្រ្តី ដែលត្រូវកេណ្ឌធ្វើជាទាសភាពផ្លូវភេទសម្រាប់កងទ័ពជប៉ុន។ ក្រុមនេះ តំណាងឲ្យពួកស្រ្តីបម្រើផ្លូវភេទដែលនៅរស់រានមានជីវិត ដែលឥឡូវនេះ ពួកគាត់ទាំងអស់មានអាយុជាង៩០ឆ្នាំប្លាយ។
«អ្នកស្រីនិយាយថា ពួកគេគិតថា មានគោលបំណងលាក់កំបាំងនៅក្នុងការប្រើប្រាស់ពាក្យជួញដូរមនុស្សនៅក្នុងការអត្ថាធិប្បាយភ្លាមៗរបស់លោក Abe ដែលមានន័យថា និយាយសម្រួលបញ្ហានេះដោយបិទបាំងលក្ខណៈនៃទាសភាពផ្លូវភេទ»។
លោក Abe បានអំពាវនាវឲ្យក្រុមអ្នកស្នេហាជាតិនិងក្រុមអ្នកជាតិនិយមបង្កើនការគាំទ្រខាងនយោបាយដល់របៀបវារ:នយោបាយរបស់លោកដែលរួមមានការបកស្រាយឡើងវិញនូវរដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុនដើម្បីចាប់ផ្តើមឲ្យមានតួនាទីយោធាកាន់តែសកម្មឡើងនៅក្នុងតំបន់ ហើយនឹងគោលនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចសេរីកាន់តែខ្លាំងឡើង។
ក៏ប៉ុន្តែ លោកក៏បានធ្វើឲ្យមានការខឹងសម្បារជាសាធារណៈក្នុងប្រទេសកូរ៉េខាងត្បូង និងចិន នៅពេលដែលលោកទៅបំពេញទស្សនកិច្ចនៅកន្លែងទីសក្ការៈសង្គ្រាមលោកលើកទី២ដ៏ចម្រូងចម្រាស់ដែលរួមមានឧក្រិដ្ឋជនសង្គ្រាមជប៉ុនខ្លះផង។
អត្ថាធិប្បាយដោយពួកជាតិនិយមជប៉ុននិយាយថា ស្រ្តីបម្រើផ្លូវភេទនេះមិនត្រូវបានគេបង្ខំទេ ក៏ប៉ុន្តែបានចូលរួមក្នុងពេស្យាកម្មដោយការស្ម័គ្រចិត្ត ហើយមន្រ្តីម្នាក់របស់គណៈរដ្ឋមន្រ្តីនិយាយថា រដ្ឋាភិបាលអាចធ្វើការកែប្រែសេចក្តីថ្លែងការណ៍កូណូឆ្នាំ១៩៩៣ ដែលបានសុំអភ័យទោស និងបង្ហាញវិប្បដិសារីដល់ស្រ្តីបម្រើផ្លូវភេទ។ អត្ថាធិប្បាយនេះបានធ្វើឲ្យមានការតានតឹងកាន់តែខ្លាំងឡើង។
លោក Tsuneo Watanabe អ្នកវិភាគគោលនយោបាយការបរទេសនៅមូលនិធិតូក្យូ និយាយថា ការរឹះគន់ភាគច្រើនដោយពួកអ្នកមិនយល់ស្របនឹងនាយករដ្ឋមន្រ្តីខ្លះ ហើយនឹងវោហាសាស្រ្តខ្លះដោយពួកអ្នកគាំទ្ររបស់លោកនោះ មិនតំណាងឲ្យទស្សនៈរបស់លោក Abe ទេ។
«ពេលខ្លះ គេបានយល់ច្រឡំថា លោកនាយករដ្ឋមន្រ្តី Abe ជាអ្នកសើរើប្រវត្តិសាស្រ្ត។ ខ្ញុំគិតថា នាយករដ្ឋមន្រ្តី Abe មិនមែនជាអ្នកសើរើប្រវត្តិសាស្រ្តទេ ហើយគោលជំហររបស់លោកច្បាស់លាស់ណាស់»។
លោកនាយករដ្ឋមន្រ្តីបាននិយាយថា លោកនឹងធ្វើទៅតាមសេចក្តីថ្លែងការណ៍កូណូឆ្នាំ១៩៩៣ និងសេចក្តីថ្លែងការណ៍មូរ៉ាយ៉ាម៉ាឆ្នាំ១៩៩៥ ដែលបានសុំអភ័យទោសចំពោះការខូចខាត និងការឈឺចាប់ដែលបណ្តាលមកពីជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ហើយនឹងសេចក្តីថ្លែងការណ៍ Koizumi ក្នុងឆ្នាំ២០០៥ដែលបានថ្លែងថា ជប៉ុនមិនត្រូវដើរតាមមាគ៌ាឆ្ពោះទៅកាន់សង្គ្រាមនេះម្តងទៀតទេ។
ពេលដែលលោកធ្វើសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក លោក Watanabe គិតថា លោកនាយករដ្ឋមន្រ្តីគួរតែបញ្ជាក់ឲ្យច្បាស់ពីជំហររបស់លោក ហើយអាចបញ្ចុះបញ្ចូលឲ្យសហរដ្ឋអាមេរិកជួយបន្ធូរបន្ថយការតានតឹងនៅក្នុងតំបន់ទាក់ទងនឹងប្រវត្តិសង្គ្រាមកាលពីអតីតកាលរបស់ជប៉ុន។
«ពិភាក្សាបញ្ហាទាំងអស់នេះជាមួយប្រជាពលរដ្ឋអាមេរិកាំងសំខាន់ណាស់។ ខ្ញុំគិតថា រឿងនេះមានសារៈសំខាន់បំផុត ពីព្រោះប្រជាពលរដ្ឋអាមេរិកាំងមានឥទ្ធិពលខ្លាំងណាស់លើប្រទេសជិតខាងរបស់ជប៉ុនក្នុងតំបន់»។
ក៏ប៉ុន្តែ អ្នកស្រី Ahn Seon-mi និយាយថា លោក Abe ឥឡូវនេះបានបាត់បង់ការជឿទុកចិត្តទាំងអស់។
អ្នកស្រីនិយាយថា «នេះមិនមែនជាលើកទីមួយទេ ដែលលោក Abe បាននិយាយថា លោកនឹងធ្វើទៅតាមសេចក្តីថ្លែងការណ៍ទាំងនោះ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីនិយាយថា «វាមិនអាចធ្វើឲ្យមានការទុកចិត្តទេ ពីព្រោះលោកបានបង្ហាញពីសកម្មភាពដែលផ្ទុយទៅនឹងអ្វីដែលលោកបាននិយាយ»។
ទោះជាយ៉ាងណាក្តី មានការជឿនលឿនខាងការទូតខ្លះបានធ្វើឡើងដើម្បីដោះស្រាយការឈឺចាប់ទាំងនេះ។ អស់លោករដ្ឋមន្រ្តីការបរទេសមកពីប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងបានជួបគ្នាកាលពីពេលថ្មីៗនេះជាលើកទីមួយនៅក្នុងរយៈពេល៣ឆ្នាំដើម្បីពិភាក្សាបញ្ហានេះ ហើយនឹងបញ្ហាផ្សេងៗទៀតដែលពួកអស់លោកមានការខ្វែងគំនិតគ្នា។
លោកស្រីប្រធានាធិបតី Park Geun-hye នៃប្រទេសកូរ៉េខាងត្បូង ក៏បានជួបគ្នារយៈពេលខ្លីជាមួយនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែរ ខណៈដែលចូលរួមពិធីបុណ្យសពផ្លូវរដ្ឋរបស់លោកលី ក្វាន់យូ អតីតមេដឹកនាំនៃប្រទេសសិង្ហបូរី។
មានសេចក្តីរាយការណ៍ថា ពួកអស់លោកបានពិភាក្សាពីការចាត់វិធានការបន្ថែមទៀតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាប្រវត្តិសាស្រ្តទាំងនោះ៕
ប្រែសម្រួលដោយ លោក ជឹង ប៉ូជីន