នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានថ្លែងនៅថ្ងៃចន្ទនេះថា ជម្រើសទាំងអស់គឺអាចប្រើប្រាស់បានពាក់ព័ន្ធនឹងការឆ្លើយតបទៅការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
នៅឯសន្និសីទសារព័ត៌មានជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនៅឯវិមាន Akasaka ក្នុងទីក្រុងតូក្យូ លោក Shinzo Abe បាននិយាយថា «គ្មានប្រយោជន៍អ្វីដែលត្រូវចរចា ដើម្បីតែការចរចាជាមួយនឹងកូរ៉េខាងជើងនោះទេ» ហើយពេលវេលាបានមកដល់ហើយក្នុងការដាក់សម្ពាធកម្រិតអតិបរមាលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ក្រោយពីបានជួបប្រជុំគ្នានៅថ្ងៃទីពីរមក លោក Abe និងលោក Trump បានអះអាងថា បញ្ហាកូរ៉េខាងជើងគឺជាប្រធានបទអាទិភាពសម្រាប់ការពិភាក្សារបស់លោកទាំងពីរ។
លោក Trump បានហៅការប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងជើងក្នុងការសម្រេចឲ្យបាននូវសមត្ថភាពក្នុងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបថាជា «ការគំរាមកំហែងចំពោះបណ្ដាប្រទេសដែលមានអារ្យធម៌ខ្ពង់ខ្ពស់ និងចំពោះសន្តិភាព និងស្ថិរភាពអន្តរជាតិ»។
លោក Trump បានបញ្ជាក់ឡើងវិញថា ពេលវេលានៃការអត់ធ្មត់បែបយុទ្ធសាស្ត្រនៅក្នុងការព្យាយាមដោះស្រាយជាមួយនឹងកូរ៉េខាងជើងគឺចប់ហើយ។
លោក Trump ក៏បានបញ្ជាក់ផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គួរតែបញ្ជូនជនជាតិជប៉ុនដែលភ្នាក់ងារកូរ៉េខាងជើងចាប់ជំរិតកាលពីប៉ុន្មានទសវត្សរ៍មុន និងដែលនៅរស់រានមានជីវិតមកកាន់ប្រទេសជប៉ុនវិញ។
ចំណែកឯនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe វិញ បានបញ្ជាក់នៅក្នុងសន្និសីទរួមគ្នានោះថា នៅ ថ្ងៃអង្គារស្អែក លោកនឹងប្រកាសថា ប្រទេសជប៉ុននឹងបង្ខាំងទុកទ្រព្យសម្បត្តិរបស់ក្រុម និងបុគ្គលជនជាតិកូរ៉េខាងជើងប្រហែល ៣០ នាក់៕