នៅថ្ងៃសុក្រនេះ កងឆ្មាំឆ្នេរសមុទ្រជប៉ុនបន្តកិច្ចប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលបានបាត់ពីរ៉ាដាកាលពីថ្ងៃព្រហស្បតិ៍ក្នុងជិតប្រជុំកោះនាប៉ែកនិរតីប្រទេសនៅជិតកោះតៃវ៉ាន់។
បើតាមទីភ្នាក់ងារសារព័ត៌មាន Associated Press ថារដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada ដែលបានទប់ទឹកភ្នែក បាននិយាយថាពួកអាកាសយានិកបាត់ ខ្លួនមិនត្រូវបានរកឃើញទេ។
លោក Yasunori Morishita ប្រធានកងកម្លាំងស្វ័យការពារនៅលើដីនៃប្រទេសជប៉ុន បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថាគេជឿថាឧទ្ធម្ភាគ ចក្រធុន Black Hawk បានធ្លាក់ក្នុងសមុទ្រក្រោយពីវត្ថុដែលហាក់ដូចជាបំណែកយន្ត ហោះត្រូវបានឃើញក្នុងតំបន់នោះ។
ពួកមន្ត្រីកងកម្លាំងស្វ័យការពារនៅលើដីនៃប្រទេសជប៉ុន GSDF និយាយថាមានមនុស្ស១០នាក់ឋិតក្នុងឧទ្ធម្ភាគចក្រនេះដែលធ្វើការឃ្លាំមើលនៅជិតកោះ Miyakojima ឋិតនៅចម្ងាយប្រមាណ៤០០គ.ម.ខាងកើតកោះតៃវ៉ាន់។ ឧទ្ធម្ភាគចក្រនេះបានបាត់ពីរ៉ាដានៅម៉ោង៤និង៣៣នាទីរសៀល ម៉ោងក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញហើយមិនបានឆ្លើយតបនឹងការទាក់ទងតាមវិទ្យុទេ។
កងនាវានៃកងឆ្មាំឆ្នេរសមុទ្រជប៉ុនត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ហើយកងកម្លាំង GSDF ក៏បានចូលរួមក្នុងការស្វែងរកនេះដែរ។ មន្ត្រីម្នាក់ខាងការពារជាតិស.រ.អ.បាននិយាយប្រាប់វីអូអេថាកងយោធាស.រ.អ.បានស្នើសុំចូលរួមក្នុងកិច្ចប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះដែរ។
ក្រុមមន្ត្រីបានថ្លែងថាឧទ្ធម្ភាគចក្រនេះបានហោះចេញពីកោះ Miyakojima មុនម៉ោង៤ រសៀលហើយមានកំណត់វិលមកកាន់កោះនេះវិញក្រោយម៉ោង៥ល្ងាច។
កាសែត Japan Times ដែលដកស្រង់សម្តីក្រសួងការពារជាតិរាយការណ៍ថាឧទ្ធម្ភាគ ចក្រនេះមានមូលដ្ឋាននៅបន្ទាយ Takayubaru នៃកងកម្លាំង GSDF ក្នុងស្រុក Kumamoto ហើយថាអ្នកបើកយន្តហោះពីរនាក់ អ្នកជួសជុលម៉ាស៊ីនពីរនាក់និងអាកាសយានិក៦នាក់ ដែលសុទ្ធតែជាសមាជិកកងកម្លាំងស្វ័យការពារបានជិះក្នុងឧទ្ធម្ភាគចក្រនេះ។
AP បានរាយការណ៍ថាឧទ្ធម្ភាគចក្រនេះមានការត្រួតពិនិត្យអំពីសុវត្ថិភាពជាអលជ្ជីកាលពីចុងខែមីនា។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយប្រាប់ពួកអ្នកកាសែតក្នុងក្រុងតូក្យូថារដ្ឋាភិបាលផ្តល់អាទិភាពដល់ជីវិតមនុស្សនិងកិច្ចប្រតិបត្តិការជួយសង្គ្រោះហើយថាក្រសួងការពារជាតិធ្វើតាមអាទិភាពទាំងនេះ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារព័ត៌មានAPនិង Reuters