នាយករដ្ឋមន្រ្តី​ជប៉ុន​ត្រូវ​គេ​រំពឹង​នឹង​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដោយសារ​ជំងឺ​កូវីដ១៩

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ចាកចេញ​ពី​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

លោក​ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ជប៉ុន បាន​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ដោយសារ​ការរាលដាល​នៃ​មេរោគ​កូរ៉ូណា​រហូត​ទាល់​ចុង​ខែឧសភា​នេះ។

លោក​នាយករដ្ឋមន្រ្តី​អាបេ បាន​ធ្វើ​ការ​ប្រកាស​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​បន្ទាប់ពី​ជួប​ជាមួយ​ក្រុម​ការងារ​មេរោគ​កូរ៉ូណា​របស់​រដ្ឋាភិបាល។ ក្រឹត្យ​ច្បាប់​កាលពី​ដំបូង​មាន​ចំនួន​៣០ថ្ងៃ​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក​អាបេ​កាលពី​ថ្ងៃទី៧ ខែមសា ដែល​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃពុធ​ខាងមុខ​ បាន​គ្របដណ្តប់​រាជធានី​តូក្យូ និង​ខេត្ត​ចំនួន៦​ផ្សេង​ទៀត ក៏ប៉ុន្តែ​ក្រោយ​មក​បាន​បន្ត​ទូទាំង​ប្រទេស​នៅពេល​ដែល​ចំនួន​ឆ្លង​បាន​បន្ត​កើនឡើង។ លោក​នាយករដ្ឋមន្រ្តី បាន​និយាយ​ថា ចំនួន​ឆ្លងថ្មី​បាន​ធ្លាក់​ចុះ​កាលពី​ពេល​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ ក៏ប៉ុន្តែ​មិន​ល្មម​គ្រប់គ្រាន់​ដើម្បី​លុបចោល​ស្ថានភាព​ដាក់ប្រទេស​ក្នុង​ភាពអាសន្ន​នោះ​ទេ។

ជប៉ុន​ឥឡូវ​នេះ បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន​១ម៉ឺន៥ពាន់​ករណី ដោយ​មាន​ចំនួន​មនុស្ស​ស្លាប់​១៥០នាក់ ជា​ស្ថានភាព​មួយ​ដែល​បាន​ដាក់​បន្ទុក​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​ធ្វើ​ឲ្យ​ជាប់គាំង​សេដ្ឋកិច្ច និង​បាន​បង្ខំ​ឲ្យ​ពន្យារពេល​កីឡាអូឡាំពិក​រដូវក្តៅ​ទីក្រុង​តូក្យូ​រយៈពេល​មួយ​ឆ្នាំ។

ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ផ្តល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នូវ​អំណាច​ផ្លូវច្បាប់​ដើម្បី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ផ្ទះ​ ហើយ​និង​សុំ​ឲ្យ​បិទ​សាលារៀន និង​កន្លែង​ពាណិជ្ជកម្ម ក៏ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​ធ្វើ​តាម​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។ រដ្ឋធម្មនុញ្ញ​ក្រោយ​សង្គ្រាម​លោក​លើកទី២​របស់​ជប៉ុន បាន​ឲ្យ​អំណាច​យ៉ាងខ្លាំង​ទៅ​លើ​សិទ្ធិ​ពលរដ្ឋ​ មិន​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ឲ្យ​តម្រូវ​ដាក់​ពលរដ្ឋ​នៅ​ដាច់ពី​គ្នា​នោះ​ទេ។

ការ​បន្ត​នោះ​នឹង​រក្សា​ការរឹតត្បិត​កាលពី​ដំបូង​នៅ​ជា​ធរមាន​នៅ​រាជធានី​តូក្យូ និង​ខេត្ត៦​ផ្សេង​ទៀត ខណៈ​ដែល​ខេត្ត​ផ្សេងៗ​ទៀត នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ធូរ​បន្ថយ​ការ​រឹត ត្បិត​ដោយសារ​តែ​ខេត្ត​ទាំង​នោះ​មាន​អត្រា​ការ​ឆ្លង​ទាប។

រដ្ឋាភិបាល​របស់​នាយករដ្ឋមន្រ្តី​អាបេ បាន​ទទួលរង​ការ​រិះគន់​ចំពោះ​ការឆ្លើយតប​យឺតយ៉ាវ​ហើយ​និង​ការ​ខកខាន​មិន​បាន​បង្កើត​កម្មវិធី​ធ្វើ​តេស្ត​ឲ្យ​បាន​ខ្លាំងក្លា៕