នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោក Shigeru Ishiba បានព្រមានក្នុងសុន្ទរកថាស្តីពីគោលនយោបាយជាលើកដំបូងរបស់លោកកាលពីថ្ងៃសុក្រថា «អ៊ុយក្រែនថ្ងៃនេះអាចជាអាស៊ីបូព៌ាថ្ងៃស្អែក»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Ishiba បានថ្លែងក្នុងសភាជប៉ុនថា៖ «មនុស្សជាច្រើនភ័យខ្លាចថាស្ថានភាពនៅអ៊ុយក្រែនថ្ងៃនេះអាចជាស្ថានភាពនៅអាស៊ីបូព៌ាថ្ងៃស្អែក។ ហេតុអ្វីបានជាការទប់ស្កាត់មិនអាចធ្វើបាននៅអ៊ុយក្រែន?»។
លោក Ishiba វ័យ ៦៧ ឆ្នាំ ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងទៀតថា៖ «គួបផ្សំនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា សហគមន៍អន្តរជាតិកំពុងតែបែកបាក់និងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង»។
ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះពេលចិនបង្កើនវត្តមានយោធារបស់ខ្លួនជុំវិញដែនជម្លោះនៅក្នុងតំបន់ ហើយជប៉ុនបង្កើនចំណងទាក់ទងផ្នែកសន្តិសុខជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក Ishiba គាំទ្រការបង្កើតសម្ព័ន្ធភាពយោធាក្នុងតំបន់ស្របតាមមាគ៌ាអូតង់ (NATO) ដោយនិយាយកាលពីថ្ងៃអង្គារថាបរិយាកាសសន្តិសុខនៅអាស៊ី «មានសភាពធ្ងន់ធ្ងរបំផុតតាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ទៅ»៕