លោក Shigeru Ishiba ដែលជាអ្នកនយោបាយជើងចាស់ល្បីខាងធ្វើឱ្យសហសេវិកអភិរក្សនិយមរបស់លោកមួម៉ៅ នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន ក្រោយពីឈ្នះការប្រកួតដណ្តើមតំណែងកំពូលរបស់បក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃសុក្រ។
លោក Ishiba ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិជប៉ុនអាយុ ៦៧ ឆ្នាំ បានផ្តួលគូប្រជែងរបស់លោកដែលជាអ្នកតស៊ូមតិខ្លាំងក្លាលើគោលនយោបាយការបរទេសអភិរក្សនិយមបែបសង្គមនិយមអ្នកស្រី Sanae Takaichi ក្នុងជុំទី ២ នៃការបោះឆ្នោតផ្ទៃក្នុងបក្ស។ សំឡេងភាគច្រើនក្នុងសភារបស់បក្ស LDP មានន័យថាលោកនឹងក្លាយជានាយករដ្ឋមន្ត្រីទំនងជានៅសប្តាហ៍ក្រោយ។
លោក Ishiba គឺជាអ្នករិះគន់ឥតសំចៃមាត់លើគោលនយោបាយសេដ្ឋកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលពឹងផ្អែកលើអត្រាការប្រាក់ទាបនិងការចំណាយរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ផ្ទុយទៅវិញ លោក Ishiba បានអំពាវនាវឱ្យបង្កើនពន្ធសាជីវកម្មដើម្បីលើកកម្ពស់ការបែកចែកទ្រព្យសម្បត្តិឱ្យបានទូលំទូលាយជាងមុន។
លោក Ishiba ក៏ចង់ឱ្យប្រទេសជប៉ុនដើរតួនាទីកាន់តែធំជាងមុនក្នុងសម្ព័ន្ធភាពរបស់ប្រទេសនេះជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។ លោកបានអំពាវនាវម្តងហើយម្តងទៀតឱ្យសើរើឡើងវិញនូវកិច្ចព្រមព្រៀងរក្សាកងកម្លាំងអាមេរិកក្នុងប្រទេសជប៉ុន។
ជាងនេះទៀត លោកក៏បានស្នើឱ្យបង្កើតអង្គការអូតង់អាស៊ី (Asian NATO) ដែលលោកថាអាចសម្របសម្រួលការរៀបចំចែករំលែកនុយក្លេអ៊ែរឬការត្រឡប់មកវិញនូវអាវុធនុយក្លេអ៊ែរកលយុទ្ធអាមេរិកនៅក្នុងតំបន់៕