នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង នៅចុងសប្ដាហ៍នេះ ខណៈប្រទេសទាំងពីរព្យាយាមកប់ចោលនូវប្រវត្តិជូរចត់រវាងគ្នានឹងគ្នា ហើយពង្រឹងឡើងវិញនូវទំនាក់ទំនងរបស់ពួកគេ នៅចំពេលដែលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង។
ទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យខាងមុខនេះ គឺជាទស្សនកិច្ចទ្វេភាគីលក្ខណៈផ្លូវការដំបូងបង្អស់របស់មេដឹកនាំជប៉ុនទៅកាន់ទីក្រុងសេអ៊ូល ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
លោក Kishida នឹងជួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយមក បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូងបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូកាលពីខែមីនាកន្លងទៅនេះ។ លោក Yoon យកការរឹតចំណងទាក់ទងជាមួយនឹងជប៉ុនជាអាទិភាពកំពូល។
លោក Yoon ទើបតែត្រឡប់មកពីទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ ដែលនៅទីនោះលោកបានជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដែលមានគោលបំណងបង្កើនការការពារនុយក្លេអ៊ែរ ដែលផ្ដល់ទៅឱ្យកូរ៉េខាងត្បូងដោយសហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាលក្រុងតូក្យូ ដែលប្រទេសទាំងពីរនេះគឺសម្ព័ន្ធមិត្តសន្ដិសុខក្នុងតំបន់របស់សហរដ្ឋអាមេរិក បានកកស្ទះអស់រយៈពេលជាយូរមកហើយ ដោយសារតែការដាក់អាណានិគមដ៏សាហាវយង់ឃ្នងរបស់ជប៉ុននៅចន្លោះពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ ទៅលើឧបទ្វីបកូរ៉េ ដោយរួមមានទាំងការបង្ខំកម្លាំងពលកម្មនិងទាសករផ្លូវភេទផងដែរ។
ប៉ុន្តែលោកYoonដែលបានឡើងកាន់តំណែងកាលពីឆ្នាំមុនបានព្យាយាមកប់ចោលនូវប្រវត្តិសាស្ត្រដ៏ជូរចត់នេះ ហើយកាលពីពេលមុននេះបានប្រកាសពីផែនការមួយក្នុងការសងជំងឺចិត្តដល់ជនរងគ្រោះកូរ៉េពីការបង្ខំកម្លាំងពលកម្មរបស់ជប៉ុន បើទោះបីជាមិនមានការពាក់ព័ន្ធដោយផ្ទាល់ពីរដ្ឋាភិបាលក្រុងតូក្យូក៏ដោយ។
ការផ្លាស់ប្ដូររបស់លោកកំពុងតែធ្វើឱ្យប្រសើរឡើងនូវសន្ដិសុខថ្នាក់តំបន់ ដើម្បីប្រឈមនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកជំនាញ។
លោក Choi Eunmi អ្នកស្រាវជ្រាវម្នាក់នៃវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយក្នុងទីក្រុងសេអ៊ូល បានថ្លែងថា៖ «ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងជប៉ុនត្រូវបានគេដឹងថា ជាចំណងទាក់ទងដ៏ខ្សោយបំផុតនៅក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយនឹងសហរដ្ឋអាមេរិក»។
លោកបានថ្លែងទៀតថា៖ «ដូច្នេះនៅពេលដែលចំណុចនេះត្រូវបានពង្រឹងនៅទីបំផុតទំនាក់ទំនងនេះអាចឈានទៅដល់កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក-ជប៉ុន»៕