ប្រទេសជប៉ុនប្រារព្ធខួប៧០ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូដោយស.រ.អានៅទីក្រុង Hiroshima ដែលនាំឲ្យមានការបញ្ចប់សង្គ្រាមលោកលើកទី២។ មនុស្សជាច្រើនម៉ឺននាក់បានចូលរួមពិធីស្មឹងស្មាធមួយនាទីនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលជួងជាច្រើនបានបន្លឺឡើងនៅសួនសន្តិភាព Peace Memorial Park ជិតចំណុលកណ្តាល ដែលគ្រាប់បែកបរមាណូបានផ្ទុះ។ លោក Kazumi Matsui អភិបាលក្រុង Hiroshima បានអំពាវនាវឲ្យមានការប្រឹងប្រែងថ្មីក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរឲ្យអស់នៅក្នុងពិភពលោក ដែលលោកហៅថា បិសាចចង្រៃសុទ្ធសាធ។
លោក Matsuiនិយាយថា ដើម្បីឲ្យយើងអាចរស់នៅបានសុខទាំងអស់គ្នា យើងត្រូវបញ្ចប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាអំពើអមនុស្សធម៌ និងជាបិសាចចង្រៃសុទ្ធសាធ។ លោកនិយាយថា ឥឡូវនេះដល់ពេលបញ្ចប់វាហើយ។
លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុននិយាយថា ប្រទេសជប៉ុនដែលជាប្រទេសតែមួយគត់ដែលធ្លាប់រងការវាយប្រហារដោយគ្រាប់បែកបរមាណូគឺជា ប្រទេសមានការទទួលខុសត្រូវ និងមានលក្ខណៈពិសេសក្នុងការជំរុញមិនឲ្យពិភពលោកមានអាវុធនុយក្លេអ៊ែរ។ លោក Abe ប្តេជ្ញាថា នៅរដូវស្លឹកឈើជ្រុះ ជប៉ុននឹងស្នើសេចក្តីសម្រេចចិត្តថ្មីមួយនៅអ.ស.បឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ។
គ្រាប់បែកបរមាណូនៅទីក្រុង Hiroshima បានសម្លាប់មនុស្ស១៤០.០០០នាក់ភ្លាមៗដោយចំហេះវិទ្យុសកម្ម។ គ្រាប់បែកមួយទៀតដែលទម្លាក់នៅ Nagasaki ក្នុងពេលបីថ្ងៃក្រោយមក បានសម្លាប់មនុស្ស៧០.០០០នាក់។ ស.រ.អា.អះអាងថា ការវាយប្រហារនោះជាការចាំបាច់ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២។ ៦ថ្ងៃក្រោយការវាយប្រហារដោយគ្រាប់បែកបរមាណូនៅ Nagasaki នោះ ប្រទេសជប៉ុនបានចុះចាញ់ ហើយសង្គ្រាមបានបញ្ចប់៕