រដ្ឋាភិបាលជប៉ុនហើយនិងកោះអូគីណាវ៉ាភាគខាងត្បូងរបស់ខ្លួន បានឡើងតុលាការកាលពីថ្ងៃពុធដើម្បីជជែកដេញដោលពីផែនការសាងសង់មូលដ្ឋានយោធាថ្មីរបស់សហរដ្ឋអាមេរិកនៅលើកោះនោះ ថ្វីបើមានការជំទាស់ប្រឆាំងពីអ្នកស្រុកក៏ដោយ។
រដ្ឋាភិបាលបានដាក់ពាក្យប្តឹងប្រឆាំងលោក Takeshi Onaga អភិបាលក្រុងអូគីណាវ៉ាដើម្បីអនុញ្ញាតឲ្យការសាងសង់បន្ទាយកងទ័ពនោះអាចដំណើរការបាន។ ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានព្យាយាមអស់រយៈពេលជិត២០ឆ្នាំដើម្បីរុះរើមូលដ្ឋានទ័ពអាកាស Futenma ចេញពីតំបន់ដែលមានមនុស្សរស់នៅច្រើនណែនណាន់តាន់តាប់នៃកោះអូគីណាវ៉ា ទៅកាន់តំបន់ Henoko Bay ដែលមានការអភិវឌ្ឍតិចតួច។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកស្រុកជាច្រើនបានទាមទារឲ្យរុះរើបន្ទាយកងទ័ពនោះចេញពីកោះនោះទាំងស្រុង។
កោះអូគីណាវ៉ា មានផ្ទៃដីតិចជាងមួយ១ភាគរយនៃផ្ទៃដីសរុបរបស់ជប៉ុនទាំងមូល ក៏ប៉ុន្តែ ជាទីកន្លែងនៃបន្ទាយយោធាសហរដ្ឋអាមេរិកប្រហែល៧៤ភាគរយនៅក្នុងប្រទេសជប៉ុន។
លោក Onaga បានជំរុញឲ្យតុលាការច្រានចោលរឿងក្តីនោះ ដោយជជែកឲ្យហេតុផលថា វាជាការមិនត្រឹមត្រូវទេ ដែលឲ្យពលរដ្ឋក្នុងកោះអូគីណាវ៉ារបស់លោកជាអ្នកទទួលបន្ទុកតែម្នាក់ឯងក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ទីតាំងយោធាសហរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសជប៉ុន។
រដ្ឋាភិបាលបានជជែកឲ្យហេតុផលថា ការលុបចោលកិច្ចព្រមព្រៀងកាលពីដំបូងរបស់លោក Onaga ដើម្បីទៅតាំងបន្ទាយយោធានៅទីកន្លែងថ្មី គឺជារឿងខុសច្បាប់។
ទាហានម៉ារីនសហរដ្ឋអាមេរិកជាង១៩.០០០នាក់ បានបោះទីតាំងនៅលើកោះអូគីណាវ៉ាដើម្បីឆ្លើយតបដ៏ឆាប់រហ័សទៅនឹងការគំរាមកំហែងក្នុងតំបន់ហើយនិងផ្តល់ជំនួយគ្រោះមហន្តរាយផ្សេងៗ៕