សេដ្ឋកិច្ច​ជប៉ុន​បាន​ធ្លាក់​ចុះ​ជា​ផ្លូវការ​ដោយសារ​ជំងឺ​កូវីដ១៩

បុរស​ម្នាក់​ពាក់​ម៉ាស់​ដើរ​កាត់​ក្ការ​អេឡិចត្រូនិក​បង្ហាញ​ពី​សន្ទស្សន៍​ទីផ្សារ​ភាគហ៊ុន Nikkei 225 របស់​ជប៉ុន នៅ​ឯ​ក្រុមហ៊ុន​សន្ដិសុខ​មួយ​ក្នុង​ទីក្រុង​តូក្យូ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០។

សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​បង្អស់​តាំង​ពី​ឆ្នាំ ២០១៥ មក នៅ​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស​រាំង​ស្ទះ​យ៉ាង​ខ្លាំង។

តួលេខ​ដែល​ការិយាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប GDP របស់​ប្រទេស​ជប៉ុន បាន​ធ្លាក់ចុះ​ប្រចាំ​ឆ្នាំ​ចំនួន ៣,៤% នៅ​ក្នុង​ពេល ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ បន្ទាប់ពី​បាន​ធ្លាក់​ចុះ​នៅ​ចុង​ត្រីមាស​ឆ្នាំ ២០១៩ ដោយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​ធ្លាក់​ចុះ ដោយសារ​ដំណើរការ​សេដ្ឋកិច្ច​បាន​រាំង​ស្ទះ ២ ត្រីមាស​ជាប់ៗ​គ្នា។

ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​ជប៉ុន​ដែល​កំពុងតែ​មាន​ការ​ប្រឈម​រួច​ស្រេច​ទៅ​ហើយ​នោះ កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។ កន្លង​មក សេដ្ឋកិច្ច​ជប៉ុន​បាន​ប្រឈម​នឹង​ផល​ប៉ះពាល់​នៃ​ការ​កើន​ឡើង​នូវ​ពន្ធ​លើ​ការ​លក់ និង​ខ្យល់​ព្យុះ​ទីហ្វុង​ដ៏​មាន​តទ្ធិពល​មួយ។

ជប៉ុន​បាន​រង​ផល​ប៉ះពាល់​តិចតួច​ដោយសារ​ជំងឺ​កូវីដ១៩ បើ​ប្រៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភពលោក ដោយ​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ជាង ១ ម៉ឺន ៦ ពាន់​នាក់ ដែល​ក្នុង​នោះ​មាន​ករណី​ស្លាប់​ជាង ៧ រយ​នាក់។

ប៉ុន្តែ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ដាក់​ទីក្រុង​តូក្យូ និង​អាណាខេត្ត ៦ ផ្សេង​ទៀត ឲ្យ​ស្ថិត​ក្នុង​ស្ថានការណ៍​អាសន្ន​កាល​ពី​ខែ​មុន ដោយសារ​មាន​ការ​ភ័យ​ខ្លាច​ថា ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នេះ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ជប៉ុន​ហួស​សមត្ថភាព​ដែល​អាច​ធ្វើ​បាន។ ក្រោយ​មក ស្នានការណ៍​អាសន្ន​នេះ​ត្រូវ​បាន​ពង្រីក​បន្ដិច​ម្ដងៗ​រហូត​ដល់​ទូទាំង​ប្រទេស។

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​អំពី​សំណើ​ច្បាប់​ជំនួយ​សេដ្ឋកិច្ច​ក្នុង​ទឹក​ប្រាក់ ៩៩០ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ដោយ​ក្នុង​នោះ ទឹក​ប្រាក់​ចំនួន ៥៥ ពាន់​លាន​ដុល្លារ គឺ​សម្រាប់​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដល់​ក្រុម​គ្រួសារ និង​អាជីវកម្ម​នានា៕