លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន​បាន​អំពាវនាវឲ្យ​មានការ​អនុវត្តសេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.ប្រឆាំង​នឹង​កូរ៉េខាង​ជើង

នាយករដ្ឋមន្រ្តី​ជប៉ុន Shinzo Abe ចាប់ដៃ​ជាមួយ​សមភាគី​លោក​ Narendra Modi​ នៃប្រទេស​ឥណ្ឌានៅ​ក្នុង​កិច្ច​ប្រជុំ​​ផ្លូវ​រថភ្លើង​ល្បឿនលឿន​មួយ​កាលពី​ថ្ងៃទី១៤​ កញ្ញា ២០១៧។

នៅពេល​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​ទៅកាន់​ប្រទេស​ឥណ្ឌា ​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុនShinzo Abeបាន​អំពាវនាវ​ឲ្យ​មានការ​អនុវត្តខ្លាំងៗ​នូវសេច ក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង​ចំពោះ​ការ​សាក​ល្បង​អាវុធ​នុយក្លែអ៊ែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ខ្លួន។

​បន្ទាប់​ពី​ធ្វើការ​ចរចា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា ​លោក​អាបេ​បាន​និយាយថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ពិភពលោក ​រួម​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា Narendra Modiថា ​យើង​ចាំបាច់ធ្វើ​ឲ្យ​កូរ៉េខាង​ជើង​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​ខ្លួនតាម​រយៈ​ការ​អនុវត្ត​សេចក្តី​សម្រេច​ថ្មី​របស់​អង្គការ​សហប្រ​ជា​ជាតិ​ដោយ​សហគមន៍​អន្តរជាតិ‍»។

ដោយ​និយាយថា ​កូរ៉េខាង​ជើង​នឹង​ត្រូវ​កាត់​បន្ថយ​កម្មវិធី​កាំជ្រួច​មីស៊ីល​និង​នុយ ក្លែអ៊ែរ​របស់​ខ្លួន ​លោក​នាយក​រដ្ឋមន្រ្តី​អាបេ​បាន​និយាយថាជប៉ុន​និង​ឥណ្ឌា​នឹង​ចាត់​វិធានការ​យ៉ាង​ខ្លាំង​ប្រឆាំងនឹង​បញ្ហា​ដែល​កើត​ចេញ​ពី​ទី​នោះ។ លោក​បាន​និយាយ​ទៀត​ថា ​មេដឹកនាំ​ទាំង២​បាន​ព្រម​ព្រៀង​គ្នា​លើ​សេចក្តី​ត្រូវការធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​ខ្លួន។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ​លោកនាយក​រដ្ឋ​មន្រ្តី​ទាំង២ ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​កូរ៉េខាង​ជើងបោះ​បង់​ចោល​កម្មវិធី​នុយក្លែអ៊ែ​និងកាំជ្រួច​បាលីស្ទិក​របស់​ខ្លួន​ហើយ​ឈប់​ចាត់​វិធានការ​បង្ករហេតុ​បន្ថែម​ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន​អាបេ ​បាន​សម្ភោធ​គម្រោង​រទេះ​ភ្លើង​លឿន​នៅ​ក្នុង​ទីក្រុង Ahmedabad ភាគ​ខាង​លិចហើយ​បាន​ប្រាប់​អ្នក​ស្តាប់​ប្រកប​ដោយ​ការសាទរ​ថា មិត្ត​ភាព​រវាងឥណ្ឌា​និង​ជប៉ុន​បាន​អភិវឌ្ឍន៍​ទៅ​ជា​ដៃគូ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់មហា​សមុទ្រ​ឥណ្ឌា​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន​មាន​ប្រសាសន៍​ទៀត​ថា «ឥណ្ឌា​ខ្លាំង​មួយ​ជា​ផល​ប្រ យោជន៍​របស់​ជប៉ុន​ហើយ​ជប៉ុន​ខ្លាំង​មួយ​ជា​ផល​ប្រយោជន៍​ឥណ្ឌា‍»៕