ប៉ូលិសជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ដែលបានគម្រាមកំហែងដាក់គ្រាប់បែកនៅស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងតូក្យូ។
ប៉ូលិសបាននិយាយថាMitsuyoshi Kamiya អ្នកស្រុកកោះអូគីណាវ៉ា បានទូរស័ព្ទគម្រាមគំហែងដាក់គ្រាប់បែកនៅស្ថានទូត និងបន្ទាយ Camp Schwab របស់កងទ័ពសហរដ្ឋអាមេរិក ដែលស្ថិតនៅលើកោះនោះភាគខាងត្បូង។
បណ្តាញផ្សាយព័ត៌មានមូលដ្ឋានបានរាយការណ៍ថា Kamiyaអាយុ៥២ឆ្នាំក៏បានត្រូវគេជឿជាក់ផងដែរថា បានស្ថិតនៅពីក្រោយការគម្រាមកំហែងសម្លាប់លោកស្រី Caroline Kennedy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងមន្រ្តីការទូតអាមេរិកាំងផ្សេងៗទៀត។
កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Jen Psaki អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសម្នាក់ទាក់ទិននឹងការគម្រាមកំហែងប្រឆាំងទាំងស្ថានទូត និងលោកស្រីឯកអគ្គរដ្ឋទូត។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ទៀតថា «យើង បានទទួលការគម្រាមកំហែងយ៉ាងខ្លាំងដល់ក្រុមអ្នកការទូតសហរដ្ឋអាមេរិកនិងអាគារស្ថានទូតសហរដ្ឋអាមេរិក។យើងបានធ្វើការអស់រយៈពេលជាច្រើនសប្តាហ៍ជាមួយរដ្ឋាភិបាលជប៉ុន»។
ក្រុមអាជ្ញាធរជប៉ុននិយាយថាKamiya បានសារភាពគម្រាមកំហែងដាក់គ្រាប់បែក ទោះជាយ៉ាងណាក៏ដោយមូលហេតុនោះមិនត្រូវបានគេរកឃើញទេ។ ជននោះមិនបានរងការចោទប្រកាន់ពីការគម្រាមកំហែងប្រឆាំងលោកស្រីឯកអគ្គរដ្ឋទូត Kennedy ។
កាលពីពេលថ្មីៗនេះ អ្នកស្រុកកោះអូគីណាវ៉ាជាច្រើន មានការទោមនស្សដល់វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិករាប់ម៉ឺននាក់ ដែលបានបោះទីតាំងនៅលើកោះនោះ ដោយលើកឡើងពីអាកប្បកិរិយារបស់កងទ័ព ការបំពុលដោយសំឡេង និងភាពគ្រោះថ្នាក់នៃការធ្លាក់យន្តហោះនៅលើតំបន់ដែលមានប្រជាពលរដ្ឋរស់នៅជាច្រើន៕