ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​និង​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អាវុធ

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ចាប់ដៃ​ស្វាគមន៍​គ្នា​នៅក្នុង​ជំនួប​មួយ នៅប្រទេស​រុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២៣។

ប្រទេស​ជប៉ុន​និង​កូរ៉េខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ប្រកាសដាក់ទណ្ឌកម្ម​ដាច់​ដោយឡែក​ពី​គ្នា​លើ​ក្រុមហ៊ុន​ នាវា​ និង​បុគ្គល​មួយ​ចំនួន ​ដែលមាន​ការពាក់ព័ន្ធ​ក្នុងការ​ផ្គត់ផ្គង់​អាវុធរបស់កូរ៉េខាង​ជើងទៅ​ឱ្យប្រទេស​រុស៊្សី ដើម្បី​ប្រើប្រាស់ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ ​ដែល​ជា​ការបំពាន​ទៅ​នឹង​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ។ ​នេះ​បើ​តាមសេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ។

កូរ៉េ​ខាង​ត្បូង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងថាបានបញ្ជូន​គ្រាប់រំសេវ​ជា​ច្រើន​ពាន់​កុងតឺណឺ ​ទៅ​ឱ្យប្រទេស​រុស្ស៊ី ដោយ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ការ​បាញ់​សាកល្បង​អាវុធ​ញឹកញាប់​នាពេល​ថ្មីៗ​នេះ​របស់​កូរ៉េខាង​ជើង ​គឺ​ក្នុងគោល​បំណង​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយក្រែន។

កាល​ពី​ខែ​សីហា​ឆ្នាំ​ទៅ ក្រសួង​ហិរញ្ញវិត្ថុ​សហរដ្ឋអាមេរិកបានដាក់​ទណ្ឌកម្ម​ប្រហាក់ប្រហែល​គ្នា​ដែរ ខណៈ​ពេលដែល​ក្រសួង​នេះនិយាយ​ថា ​រុស្ស៊ីបាន​ប្រើប្រាស់​គ្រាប់​រំសេវ​អស់ និង​បាន​រងការបាត់បង់​គ្រឿង​បរិក្ខា​យោធា​ធន់​ធ្ងន់ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដោយបង្ខំ​ឱ្យ​រដ្ឋាភិបាលក្រុង​មូស្គូ​ត្រូវ​ងាក​ទៅ​ពឹងពាក់​ដល់​ក្រុម​សម្ពន្ធមិត្តរបស់​ខ្លួន​មួយ​ចំនួន​តូច​ ដែល​ក្នុង​នោះ​ក៏​មានរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ផង​ដែរ ដើម្បី​ឱ្យ​ជួយ​គាំទ្រ​ខ្លួន។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshimasa Hayashi និយាយ​នៅថ្ងៃ​សុក្រ​ថា ​ជប៉ុន​ «ថ្កោលទោស​ជា​ខ្លាំង»​ ដល់​ការជួយ​គាំទ្រ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ទាំង​នេះ។

លោក​ថ្លែង​ថា៖ «យើង​បាន​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​ដូច​ជា​សហរដ្ឋអាមេរិក​ជា​ដើម​ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​ដល់​ក្រុមហ៊ុន​ចំនួន ​១១ និង​បុគ្គល​មួយ​រូប ​ដែល​បាន​ពាក់ព័ន្ធ​នៅ​ក្នុងការផ្តល់​ជំនួយ​យោធា​របស់​កូរ៉េខាង​ជើង​ដល់រុស្ស៊ី។

លោក​បន្ថែម​ទៀត​ថា​៖ «វា​ជា​ការរំលោភ​បំពាន​ទៅ​លើ​សេចក្តីសម្រេចចិត្ត​នានា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ ​ដែល​បាន​ហាមប្រាម​មិន​ឱ្យ​បញ្ជូន​ឬ​ផ្ទេរ​អាវុធនិង​សម្ភារៈពាក់ព័ន្ធ​ផ្សេងៗ​របស់​កូរ៉េខាង​ជើង​នោះ​ឡើយ»។

កាសែត Asah iរបស់​ជប៉ុន​បាន​រាយការណ៍​ថា​ មាន​ក្រុមហ៊ុន​ចំនួន ​៩ ​និង​បុគ្គល​មួយរូប​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ខណៈ​អង្គការ​ពីរ​ទៀត​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស៊ីប​ ត្រូវ​បាន​ចោទ​ប្រកាន់ពី​ការ​ជួយ​ដឹកជញ្ជូន​អាវុធ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។

កូរ៉េខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​ផង​ដែរ​ ​បានដាក់​ទណ្ឌកម្ម ២ លើ​នាវា​រុស្ស៊ី​ចំនួន ​២ ​គ្រឿង​ និង​នាវា​កូរ៉េខាង​ជើង​ចំនួន ៧ ​គ្រឿង ​ដែល​បាន​ធ្វើ​សកម្មភាព​ក្នុង​ពេល​កន្លង​ទៅ ដែល​រួម​មាន​ការធ្វើ​ពាណិជ្ជកម្មផ្គត់ផ្គង់ផ្នែក​យោធា​រវាង​ទីក្រុង​មូស្គូ​និង​ទីក្រុង​ព្យុងយ៉ាង។

កាល​ពី​ខែ​មុន កូរ៉េខាង​ជើង​បាន​អរគុណ​ដល់​រុស្ស៊ីដែល​បាន​ប្រើប្រាស់​ការបោះឆ្នោត​វ៉េតូ​របស់​ខ្លួន​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​រាំងខ្ទប់​ការបន្តអណត្តិ​ក្រុម​អ្នក​ជំនាញការ​មួយ​ ​ដែល​ត្រួតពិនិត្យ​មើល​ពី​ទណ្ឌកម្ម​អន្តរជាតិ ទៅលើ​របប​មេ​ដឹកនាំលោក Kim Jong Un៕