ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​ព្រមាន​ពី​ការ​វាយ​ប្រហារ​ដោយ​កូរ៉េ​ខាង​ជើង​លើ​ស្ថានទូត​នានារួមទាំង​នៅ​កម្ពុជា


រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ទស្សនា​ការ​ប្រកួតកីឡា​បាល់ទាត់​មួយ​នៅទីក្រុង​ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ទស្សនា​ការ​ប្រកួតកីឡា​បាល់ទាត់​មួយ​នៅទីក្រុង​ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​អាសន្ន​សម្រាប់​បេសក​កម្ម​ការទូត​ចំនួន ​៥ ​នៅ​ក្រៅ​ប្រទេស​ក្នុង​នោះ​ក៏​មាន​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​ ដោយ​ព្រមាន​ពី​ការ​វាយ​ប្រហារ​ដោយ​កូរ៉េ​ខាង​ជើង។​ មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទប់​ស្កាត់​ការ​វាយ​ប្រហារ​នានា​ដែល​កើត​ឡើង​នៅ​លើ​ទឹក​ដី​កម្ពុជា។​

នេះ​ជា ​«ការ​ជូន​ដំណឹង»​ កម្រិត​ខ្ពស់​បំផុត​ទីពីរ​នៅ​ក្នុង​ប្រព័ន្ធ​បួន​កម្រិត ​(a four-tier system ) ​ដែល​បង្ហាញ​ពី​«លទ្ធភាព​ខ្ពស់​នៃ​ការ​វាយ​ប្រហារ​ភេរវ​កម្ម»។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កូរ៉េខាង​ត្បូង​ចុះ​ថ្ងៃ​ទី​ ២​ ខែ​ឧសភា​ ​ឆ្នាំ​ ២០២៤។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​និយាយ​ថា​ ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ភេរវកម្ម​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។​
មន្ត្រី​កូរ៉េ​ខាង​ត្បូង​នា​ពេល​ថ្មីៗ​នេះ​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា​ កូរ៉េ​ខាង​ជើង​ដែល​ជា​សត្រូវ​របស់​ខ្លួន​រាប់​ឆ្នាំ​មក​ហើយ​គ្រោង​នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អ្នក​ការទូត​កូរ៉េ​ខាងត្បូង ​ដោយ​មិន​បាន​បង្ហាញ​ពី​លក្ខណៈ​ពិត​ប្រាកដ​នៃ​ការ​គំរាម​កំហែង​នោះ​ទេ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍។​

បេសក​កម្ម​ការទូត​ដែល​ត្រូវ​បាន​ប្រកាស​អាសន្ន​ទាំង ​៥ ​នោះ ​រួម​មាន​ស្ថានទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​នៅ​កម្ពុជា ​ឡាវ ​និង​វៀតណាម ​ព្រម​ទាំង​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​វ្លាឌីវ៉ូ​ស្តុក ​ភាគ​ខាង​កើត​នៃ​ប្រទេស​រុស្ស៊ី​ (Vladivostok)​ និង​ទីក្រុង​សេនយ៉ាង ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក​ ជុំ សុន្ទរី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​រាជ​រដ្ឋាភិបាល ​រួម​ទាំង​ក្រសួង​ការ​បរទេស​កម្ពុជា​គិត​គូរ​យ៉ាង​ហ្មត់ចត់​ចំពោះ​ព័ត៌មាន​នានា ​ទាក់​ទង​នឹង​សន្តិសុខ​នៃ​បេសក​កម្ម​បរទេស​ទាំង​អស់​នៅ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «ក្រសួង​ការ​បរទេស​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បេសក​កម្ម​ពាក់​ព័ន្ធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ»។​

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ​ជា​គោល​ការណ៍​មិន​ត្រូវ​មាន​ការ​ពិភាក្សា​ជា​សាធារណៈ​ចំពោះ​បញ្ហា​រសើប​នេះ ​ឬ​វិធាន​ការ​ដែល​អាជ្ញាធរ​ត្រូវ​រៀបចំ​នោះ​ទេ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​កូរ៉េខាង​ត្បូង​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

អ្នក​យក​ព័ត៌មាន​វីអូអេ​បាន​ចុះ​ទៅ​ដល់​ស្ថានទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ​ឃើញ​មន្រ្តី​នគរបាល​ខ្មែរ ​៦​ ​នាក់ ​កំពុង​យាម​នៅ​ខាង​មុខ​ស្ថានទូត ​ដែល​ខុស​ពី​ធម្មតា។ ​អ្នក​យក​ព័ត៌មាន​វីអូអេ​ត្រូវ​បាន​ហាម​មិន​ឱ្យ​ថត​រូប​ស្ថានទូត​ ដោយ​មន្រ្តី​នគរបាល​ប្រាប់​ថា៖​ «ទាល់​តែ​សុំ​ការ​អនុញ្ញាត​ពី​មេ​ខាង​លើ​សិន ​បាន​អាច​ថត​បាន»។​

ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AFP​ បាន​ស្រង់​សម្តី​របស់​ភ្នាក់ងារ​ចារកិច្ច​របស់​កូរ៉េង​ខាង​ត្បូង​ ថ្មីៗ​នេះ​ថា ​ខ្លួន​បាន​ «រក​ឃើញ​សញ្ញា​ជា​ច្រើន​ដែល​បង្ហាញ​ថា​ កូរ៉េ​ខាង​ជើង​កំពុង​រៀបចំ​សម្រាប់​ការ​វាយ​ប្រហារ​ភេរវកម្ម​ប្រឆាំង​នឹង​បុគ្គលិក​ស្ថានទូត​របស់​យើង ​ឬ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ដូចជា​ប្រទេស​ចិន ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ​និង​មជ្ឈិម​បូព៌ា។​

កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​ភ្នាក់ងារ​ទៅ​ប្រទេស​ទាំង​នេះ ​ដើម្បី​ពង្រីក​ការ​ឃ្លាំ​មើល​ស្ថានទូត​កូរ៉េ​ខាងត្បូង​ហើយ​ក៏​កំពុង​ចូលរួម​ក្នុង​សកម្មភាព​ជាក់​លាក់ ​ដូច​ជា​ការ​ស្វែង​រក​ពលរដ្ឋ​កូរ៉េ​ខាងត្បូង ​ដែល​ជា​គោល​ដៅ​ភេរវករ​ដ៏​មាន​សក្តា​នុពល»។​ នេះ​បើ​តាម​សារ​ព័ត៌មាន ​AFP៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG