សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រទេសចិនឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីតាមដានការបំពានលើការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ខណៈដែលគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលើកិច្ចការនេះនឹងផុតសុពលភាពការងាររបស់ខ្លួននៅក្នុងខែមេសានេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងអ៊ីមែលមួយផ្ញើមកកាន់ VOA ផ្នែកភាសាកូរ៉េកាលពីថ្ងៃទី ២៣ ខែមេសាថា៖ «រដ្ឋាភិបាលចិនអាចធ្វើកិច្ចការបន្ថែមទៀតដើម្បីប្រឆាំងនឹងកិច្ចប្រឹងប្រែងគេចវេះពីទណ្ឌកម្មលើកូរ៉េខាងជើងនៅក្នុងដែនទឹករបស់ចិន ការបញ្ជូនត្រឡប់ទៅវិញនូវពលករកូរ៉េខាងជើងដែលកំពុងធ្វើការរកចំណូលនៅក្នុងទឹកដីប្រទេសចិន និងការបិទបណ្តាញលទ្ធកម្ម»។
មន្ត្រីសហរដ្ឋអាមេរិករូបនេះបានមានប្រតិកម្មតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនលោក Liu Pengyu ដែលបានប្រាប់ VOA ថា «សហរដ្ឋអាមេរិកចាំបាច់ត្រូវ...បន្ថយការដាក់សម្ពាធនិងទណ្ឌកម្ម បញ្ឈប់ការកម្លារារាំងផ្នែកយោធា និងចាត់វិធានការដែលមានប្រសិទ្ធភាពដើម្បីបន្តការសន្ទនាគ្នាដ៏មានប្រយោជន៍ឡើងវិញ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ញើសារទៅរដ្ឋាភិបាលកូរ៉េខាងជើងដើម្បីស្វះស្វែងឱ្យមានការសន្ទនាគ្នា «តាមរយៈមធ្យោបាយជាច្រើនដូចជាភាគីទីបី ដោយផ្ទាល់ ជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ជាដើម»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ ដែលសុំមិនបញ្ចេញឈ្មោះដោយយោងលើគោលការណ៍របស់ក្រសួងការបរទេសអាមេរិក។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ក្នុងអ៊ីមែលថា៖ «កូរ៉េខាងជើងមិនបានបង្ហាញសញ្ញាណាមួយថាខ្លួនមានចំណាប់អារម្មណ៍នៅក្នុងការចរចានោះឡើយ»។
លោក Liu បានបញ្ជាក់នៅក្នុងអ៊ីមែលផ្ញើមកកាន់ VOA កាលពីថ្ងៃទី ២២ ខែមេសាថា៖ «ចិនបានអនុវត្តដោយភក្ដីភាពនូវសេចក្តីសម្រេចពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងទទួលបន្ទុកកិច្ចការសហរដ្ឋអាមេរិកលោក Kim Un Chol បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងកាលពីថ្ងៃទី ២៥ ខែមេសាថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក «ដើម្បីពង្រឹងការដាក់ទណ្ឌកម្មនិងសម្ពាធលើកូរ៉េខាងជើង» នឹងត្រូវតបតទៅវិញបែបយោធា។
លោក Kim បានបញ្ជាក់ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង កូរ៉េខាងជើងនឹងយកឱកាសនេះដើម្បីរៀបចំសម្រួលកម្លាំងរបស់ខ្លួនឡើងវិញដែលអាមេរិកមានការខ្លាចរអាជាខ្លាំង។ កូរ៉េខាងជើងគឺជារដ្ឋមួយដែលកាន់តែខ្លាំងក្លាឡើងនៅចំពោះមុខទណ្ឌកម្មនិងសម្ពាធខ្លាំងក្លានានា»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនិងជប៉ុនកាលពីពាក់កណ្តាលខែមេសាកន្លងទៅនេះដើម្បីពិភាក្សារកវិធីថ្មីៗក្នុងការជំរុញការអនុវត្តទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។
ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលតាមដានការអនុវត្តទណ្ឌកម្មនេះនឹងអស់សុពលភាពការងាររបស់ខ្លួននៅចុងខែមេសានេះ បន្ទាប់ពីរុស្ស៊ីបានបោះឆ្នោតវេតូប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេចក្ដីសម្រេចនោះបានស្នើឱ្យមានការបន្តអាណត្តិការងារប្រចាំឆ្នាំរបស់ក្រុមអ្នកជំនាញនេះ។ ប្រទេសចិនបានបោះឆ្នោតអនុប្បវាទលើសេចក្ដីសម្រេចនេះ។
អ្នកស្រី Thomas-Greenfield បាននិយាយកាលពីថ្ងៃទី ១៧ ខែមេសានៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងថា វាមាន «សារៈសំខាន់» សម្រាប់ប្រទេសជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិនៅក្នុងការបន្ត «ទទួលបានការរាយការណ៍ដ៏ឯករាជ្យនិងត្រឹមត្រូវលើការរីកសាយភាយអាវុធជាបន្តនិងសកម្មភាពគេចវេះពីការដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើង»។
អ្នកស្រីបានបញ្ជាក់ថា៖ «យើងនឹងរកឃើញនូវយន្តការមួយនៅពេលខាងមុខដើម្បីបន្តធ្វើការលើការរាយការណ៍នោះ។ រុស្ស៊ីនិងចិននឹងបន្តព្យាយាមរាំងខ្ទប់កិច្ចប្រឹងប្រែងទាំងនេះ»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំមិនរំពឹងថារុស្ស៊ីនិងចិននឹងសហការឬយល់ព្រមជាមួយនឹងកិច្ចប្រឹងប្រែងណាមួយដែលយើងធ្វើឡើងដើម្បីរកផ្លូវដោះស្រាយលើរឿងនេះនោះទេ ប៉ុន្តែករណីនេះនឹងមិនអាចបញ្ឈប់យើងក្នុងការស្វែងរកផ្លូវនោះនៅពេលខាងមុខនោះឡើយ»។
លោក Aaron Arnold ដែលជាអតីតសមាជិកនៃក្រុមអ្នកជំនាញអង្គការសហប្រជាជាតិនេះនិងបច្ចុប្បន្នជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Royal United Services ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថា លោកជឿថា វាអាចទៅរួចក្នុងការបង្កើតស្ថាប័នតាមដានខាងក្រៅមួយដោយគ្មានវត្តមានចូលរួមពីរុស្ស៊ីនិងចិន។
ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិនេះបានរាយការណ៍លម្អិតចំនួន ២ ដងក្នុងមួយឆ្នាំអំពីការរំលោភបំពានរបស់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដែលរួមមានទាំងចិននិងរុស្ស៊ីផងដែរ លើទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។
លោក Joshua Stanton ដែលជាមេធាវីនៅរដ្ឋធានីវ៉ាស៊ីនតោនដែលបានជួយនៅក្នុងការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីទណ្ឌកម្មនិងការជំរុញអនុវត្តគោលនយោបាយ (Sanctions and Policy Enforcement) កាលពីឆ្នាំ ២០១៦ បាននិយាយថា៖ «អ្នកដែលបានអានរបាយការណ៍របស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានដឹងនូវការពិត» ដែលថាចិនកំពុងរំលោភបំពានលើការដាក់ទណ្ឌកម្មទាំងនេះលើកូរ៉េខាងជើង។
លោកបានបន្ថែមថា៖ «មីស៊ីលរបស់កូរ៉េខាងជើងថែមទាំងត្រូវបានដាក់លើរថយន្តចិនក្នុងពិធីដង្ហែក្បួនព្យុហយាត្រាក្នុងទីក្រុងព្យុងយ៉ាងផងដែរ»។
ប្រទេសចិនក៏បានអនុញ្ញាតឱ្យកប៉ាល់ Angara របស់រុស្ស៊ីដែលរងទណ្ឌកម្មរបស់អាមេរិកចតនៅកំពង់ផែក្នុងខេត្ត Zhejiang របស់ខ្លួនផងដែរ។ កប៉ាល់នេះដឹកជញ្ជូនអាវុធមកពីប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២៥ ខែមេសាកន្លងទៅនេះ ដែលយោងលើការរកឃើញរបស់វិទ្យាស្ថាន Royal United Services៕
អ្នកស្រី Eunjung Cho រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ
វេទិកាបញ្ចេញមតិ