ប្រទេសជប៉ុននិងឥណ្ឌាកាលពីថ្ងៃទី៤ ខែឧសភា បានច្រានចោលអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលបានពណ៌នាពួកគេថាជាប្រទេស «រើសអើងជនបរទេស» ដែលមិនស្វាគមន៍ជនអន្តោប្រវេសន៍។ លោកប្រធានាធិបតីបានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងយុទ្ធនាការរៃអង្គាសថវិកាកាលពីថ្ងៃទី១ ខែឧសភា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ជប៉ុនបានថ្លែងថា ការវាយតម្លៃរបស់លោក Biden មិនផ្អែកទៅលើការយល់ដឹងត្រឹមត្រូវអំពីគោលនយោបាយរបស់ខ្លួន ខណៈឥណ្ឌាប្រកែកថា ខ្លួនជាប្រទេសដែលមានសង្គមបើកចំហជាងគេនៅលើពិភពលោក។
លោក Biden ចាត់ទុកជប៉ុននិងឥណ្ឌាថាជាប្រទេស«រើសអើងបរទេស» ព្រមជាមួយប្រទេសរុស្ស៊ីនិងចិន ខណៈលោកព្យាយាមពន្យល់ពីបញ្ហាសេដ្ឋកិច្ចលំបាករបស់ពួកគេ ដែលផ្ទុយពីអនុភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមួយពោរពេញទៅដោយជនអន្តោប្រវេសន៍។
ជប៉ុនគឺជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិក ហើយទាំងអាមេរិកនិងឥណ្ឌាគឺជាសមាជិកក្រុមប្រទេសចំនួន៤ដែលហៅថា Quad ដែលជាភាពជាដៃគូក្រៅផ្លូវការមួយដឹកនាំដោយសហរដ្ឋអាមេរិក ដែលរួមមានអូស្ត្រាលីផងដែរ ដើម្បីប្រឆាំងនឹងភាពកាន់តែគឃ្លើនរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កាលពីពាក់កណ្តាលខែមេសាថ្មីៗនេះ លោក Biden ទើបតែបានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយ ខណៈមេដឹកនាំទាំងពីរនេះបញ្ជាក់ជាថ្មីនូវ «សម្ពន្ធភាពដែលមិនអាចបំបែកបាន» ហើយព្រមព្រៀងពង្រឹងទំនាក់ទំនងខាងផ្នែកសន្តិសុខ ខណៈពេលប្រឈមនឹងការគំរាមកំហែងរបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក៏បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីឆ្នាំមុន នៅពេលលោកត្រូវបានស្វាគមន៍ដោយមេដឹកនាំពាណិជ្ជកម្មនិងនយោបាយនានា។
សេតវិមានបានថ្លែងថា លោក Biden មិនបានថ្លែងក្នុងន័យប៉ះពាល់មើលងាយអ្វីនោះទេ ហើយលោកគ្រាន់តែចង់សង្កត់បញ្ជាក់ថា អាមេរិកគឺជាប្រជាជាតិដែលពោរពេញទៅដោយជនអន្តោប្រវេសន៍ ដោយលោកថ្លែងថា លោកគ្មានចេតនាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយជប៉ុននោះទេ។
ជប៉ុនដឹងពីអត្ថាធិប្បាយរបស់លោក Biden និងដឹងពីការបញ្ជាក់លម្អិតនៅពេលក្រោយមកនោះ។ នេះបើតាមការថ្លែងរបស់មន្ត្រីរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី៤ ខែឧសភា ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែនេះជាបញ្ហារសើប។
មន្ត្រីរូបនេះបានថ្លែងថា វាជារឿងអកុសលមួយដែលមួយផ្នែកនៃសុន្ទរកថារបស់លោក Biden មិនផ្អែកលើការយល់ដឹងត្រឹមត្រូវអំពីគោលនយោបាយជប៉ុន ហើយថាជប៉ុនយល់ថា លោក Biden បានថ្លែងដូច្នេះ ដើម្បីសង្កត់បញ្ជាក់ពីវត្តមានជនអន្តោប្រវេសន៍ថាជាភាពខ្លាំងរបស់សហរដ្ឋអាមេរិក។
មន្ត្រីរូបនោះបន្តថា ទំនាក់ទំនងរវាងជប៉ុននិងអាមេរិកមានភាព «រឹងមាំជាងពេលណាៗទាំងអស់» ខណៈនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បានបង្ហាញឱ្យឃើញក្នុងអំឡុងទស្សនកិច្ចរបស់លោកមកកាន់សហរដ្ឋអាមេរិកកាលពីខែមេសា។
នៅរដ្ឋធានីញូវដែលីរបស់ឥណ្ឌាវិញ រដ្ឋមន្ត្រីកិច្ចការក្រៅប្រទេសរបស់ឥណ្ឌាលោកS. Jaishankar កាលពីថ្ងៃទី៤ ខែឧសភា ក៏បានច្រានចោលអត្ថាធិប្បាយរបស់លោក Biden ផងដែរ ដោយថ្លែងថា ឥណ្ឌាគឺជាសង្គមដែលបើកចំហជាងគេនៅលើពិភពលោក។
លោកJaishankar បានថ្លែងនៅឯវេទិកាតុមូលមួយរៀបចំឡើងដោយកាសែត The Economic Times ថា៖ «ខ្ញុំមិនដែលឃើញសង្គមណាដែលបើកចំហ ពហុនិយម និងចម្រុះបែបនេះទេនៅលើពិភពលោក។ យើងមិនត្រឹមតែមិនរើសអើសជនបរទេសប៉ុណ្ណោះទេ យើងថែមទាំងជាប្រទេសដែលបើកចំហជាងគេ ពហុនិយមជាងគេ និងជាសង្គមមួយដែលមានការយោគយល់ជាងគេបំផុតនៅលើពិភពលោក»។
លោកJaishankar ក៏បានកត់សម្គាល់ដែរថា កំណើនផលិតផលក្នុងស្រុក GDP ប្រចាំឆ្នាំរបស់ឥណ្ឌាគឺ៧ភាគរយ ហើយថ្លែងថា «អ្នកអាចពិនិត្យមើលអត្រាកំណើនប្រទេសដទៃទៀត អ្នកនឹងបានចម្លើយមួយ»។ សេដ្ឋកិច្ចអាមេរិកកើនឡើង ២,៥% ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមតួលេខរដ្ឋាភិបាល។
នៅឯព្រឹត្តិការណ៍រៃអង្គាសថវិកាកាលពីថ្ងៃទី១ ខែឧសភា នៅសណ្ឋាគារមួយ ទីដែលអ្នកចូលរួមបរិច្ចាគភាគច្រើនជាពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី លោក Biden បានថ្លែងថា ការបោះឆ្នោតនាពេលខាងមុខនៅអាមេរិកគឺអំពី «សេរីភាព អាមេរិក និងលទ្ធិប្រជាធិបតេយ្យ» ហើយថា សេដ្ឋកិច្ចរបស់ប្រទេសកំពុងរីកចម្រើន «ដោយសារអ្នកនិងអ្នកផ្សេងទៀតជាច្រើន»។
លោក Biden លើកឡើងថា៖ «ហេតុអ្វីបានជាយើងរីកចម្រើន? ព្រោះយើងស្វាគមន៍ជនអន្តោប្រវេសន៍។ គិតមើលទៅ។ មូលហេតុអ្វីបានជាចិនជាប់គាំងក្នុងសេដ្ឋកិច្ចដ៏អាក្រក់? ហេតុអ្វីជប៉ុន រុស្ស៊ី ឥណ្ឌា ជួបបញ្ហា? គឺដោយសារតែពួកគេរើសអើងជនបរទេស។ ពួកគេមិនចង់បានជនអន្តោប្រវេសន៍»។
ជប៉ុនត្រូវបានគេស្គាល់អំពីគោលជំហដ៏តឹងរ៉ឹងចំពោះជនអន្តោប្រវេសន៍។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួនដើម្បីធ្វើឱ្យអ្នកធ្វើការបរទេសងាយស្រួលមកធ្វើការនិងស្នាក់នៅជប៉ុនជាងមុន ដើម្បីជាវិធីមួយដោះស្រាយបញ្ហាថយចុះនៃអាត្រាកំណើតទារកនិងការថយចុះខ្លាំងនៃចំនួនប្រជាជន។ ចំនួនទារកកើតនៅជប៉ុនកាលពីឆ្នាំមុនធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន តាំងពីជប៉ុនចាប់ផ្តើមធ្វើស្ថិតិពីឆ្នាំ១៨៩៩ មក។
ឥណ្ឌាដែលជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតលើពិភពលោក ចេញច្បាប់សញ្ជាតិថ្មីកាលពីដើមឆ្នាំនេះ ដោយកំណត់លក្ខន្តិកៈសាសនាដែលអនុញ្ញាតឱ្យអ្នកកាន់សាសនាហិណ្ឌូ Parsis Sikh ព្រះពុទ្ធ Jains និងគ្រិស្ត ដែលភៀសខ្លួនទៅឥណ្ឌាពីអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន អាចចូលសញ្ជាតិបានលឿន ប៉ុន្តែលើកលែងចំពោះជនម៉ូស្លីម៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា