គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសហ្គំប៊ីនិយាយថា លោក Adama Barrow បេក្ខជនគណបក្សជំទាស់ទទួលបានជ័យជម្នះយ៉ាងប្រកិតគ្នាក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេស ដោយបានឈ្នះមេដឹកនាំគ្រប់គ្រងប្រទេសដ៏យូរលង់ គឺលោក Yahya Jammeh។
គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យបានប្រកាសកាលពីថ្ងៃសុក្រថា លោក Barrow ឈ្នះដោយទទួលសន្លឹកឆ្នោត ២៦៣.០០០ សន្លឹក ឬ ៤៥ភាគរយ ហើយ លោក Jammeh ទទួលបានសន្លឹកឆ្នោត២១២.០០០សន្លឹកឬ៣៦ភាគរយ។ បេក្ខជន ទី៣គឺលោក Mama Kandeh ទទួលបានសម្លេងត្រឹម១៧ភាគរយតែប៉ុណ្ណោះ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត Alieu Momarr Njai បានប្រាប់ក្រុមអ្នក យកព័ត៌មានថាលោក Jammeh នឹងទទួលយកការចាញ់ ហើយបន្ថែមថានេះជាករណី ពិសេសសម្រាប់ប្រធានាធិបតីដែលកាន់អំណាចជាច្រើនឆ្នាំ ហើយសុខចិត្តចុះចាញ់ដូច្នេះ។
ទោះជាយ៉ាងណា គេគ្មានឃើញសេចក្តីថ្លែងការណ៍ចេញពីលោក Jammeh នៅឡើយ ទេ។ អ្នកយកព័ត៌មាន Alpha Jallow បានប្រាប់ VOA ថា ហ្វូងមនុស្សកំពុងរាំច្រៀងនៅលើដងផ្លូវក្នុងរដ្ឋធានី Banjul នៃប្រទេសហ្គំប៊ីដើម្បីអបអរសាទរជ័យជម្នះរបស់លោក Barrow ៕