កងទ័ពស្មោះស្ម័គ្រនឹងប្រធានាធិបតីប្រទេស ហ្គំប៊ី (Gambia) កំពុងឆែកឆេរតាមផ្ទះក្នុងរដ្ឋធានី បាន់ជុល (Banjul) ដើម្បីស្រាវជ្រាវរកក្រុមប្រឆាំង ដែលទទួលខុសត្រូវលើការវាយប្រហារប្រដាប់អាវុធលើវិមានប្រធានាធិបតី។
លោកប្រធានាធិបតី យះយ៉ា ចាំម៊ែ (Yahya Jammeh) បានទម្លាក់កំហុសលើ ក្រុមភេរវករក្រៅប្រទេសចំពោះការវាយប្រហារកាលពីដើមសប្តាហ៍នេះ។
លោកបានថ្លែងថា៖ «នេះមិនមែនជារដ្ឋប្រហារទេ តែជាការវាយប្រហារដោយក្រុមភេរវករមួយក្រុម គាំទ្រដោយក្រុមមានអំណាចដែលខ្ញុំមិនបញ្ចេញឈ្មោះពេលនេះទេ។ តែជាការពិតណាស់យើងដឹងពីទីកន្លែងនៃក្រុមប្រឆាំងទាំងនោះ»។
លោកប្រធានាធិបតីដែលបានបង្ហាញអ្នកកាសែតនូវគ្រឿងសព្វាវុធខ្លះដែលត្រូវរឹបអូសបាន កំពុងស្ថិតនៅក្រៅប្រទេស នៅពេលដែលហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃអង្គារ៍។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានដកស្រង់សំដីមន្ត្រីស៊ើបការណ៍សម្ងាត់ប្រទេស ហ្គំប៊ីមកបញ្ជាក់ថា មានក្រុមអ្នកនយោបាយប្រឆាំងនឹងប្រធានាធិបតី ចាំម៊ែ ជាង១០នាក់ត្រូវចាប់ខ្លួន និងសួរចម្លើយក្នុងគុក។ តែរដ្ឋាភិបាលមិនទាន់ បានបញ្ជាក់អំពីការចាប់ខ្លួននោះទេ៕