អ្នក​សារព័ត៌មាន​នៅ​ឥណ្ឌូណេស៊ី​ប្រថុយ​ជីវិត​ដើម្បី​រាយការណ៍​អំពី​ជំងឺ​កូវីដ១៩

បុគ្គលិក​ពេទ្យ អង្គុយសម្រាក​នៅពេលដែល​ពួកគេ​បញ្ចប់​ការ​យក​សំណាក​ក្នុង​ទីក្រុង​ Depok ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០២០។

អ្នក​សារព័ត៌មាន​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​និយាយ​ថា ពួក​គេ​កំពុង​ប្រថុយ​ជីវិត​ដើម្បី​យក​ព័ត៌មាន​អំពី​​ជំងឺ​ផ្ទុះ​រាតត្បាត​ជា​សាកល​​កូវីដ១៩ ដោយ​សារ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​មិន​អើពើ​ចំពោះ​ការ​ណែនាំ​អំពី​​វិធានការ​សុវត្ថិភាព​ដែល​គេ​គោរព​តាម​នៅ​ជុំវិញ​ពិភពលោក។ ​​​

នៅ​ពេល​ទៅ​ដល់​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ​កន្លែងក្នុង​ទី​ក្រុង​ហ្សាការតា ដើម្បី​ទៅ​យក​ព័ត៌មាន​អំពី​ស្ថានភាព​នៅ​ទី​នោះ អ្នក​រាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​មួយ​រូប​និយាយ​ថា ការងារ​ដែល​លោក​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ទៅ​យក​ព័ត៌មាន​នៅ​ទី​នោះ​ មិនសក្តិសម​នឹង​ហានិភ័យ​ចំពោះ​សុខភាព​ផ្ទាល់​ខ្លួនរបស់លោក។​

អ្នក​រាយការណ៍​ឲ្យ​វិទ្យុ​មួយ​នោះ​ថ្លែង​ប្រាប់​ក្រុមផ្សាយ​ជា​ភាសា​ឥណ្ឌូណេស៊ី​នៃ​ VOA ថា «តាំង​ពី​ដើម​មក​ខ្ញុំ​តែង​មើល​ស្រាល​ចំពោះ​វីរុសកូរ៉ូណា​និង​មិនយក​ចិត្ត​ទុក​ដាក់​សោះ»។ អ្នក​យក​ព័ត៌មាន​រូប​នេះ​បាន​ស្នើ​សុំ​លាក់​អត្តសញ្ញាណ​ដោយ​ខ្លាច​មាន​ប្រតិកម្ម​តប​ពី​និយោជក​របស់​លោក។

លោក​ថ្លែង​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «ក៏​ប៉ុន្តែ​ក្រោយ​ពី​ឃើញចំនួន​អ្នក​ស្លាប់​ចេះ​តែ​កើន​ឡើង ខ្ញុំ​ក៏​ចាប់​ផ្តើម​កាន់​តែ​ភ្ញាក់​ខ្លួន។ នៅ​ពេល​ខ្ញុំ​ចុះ​ពី​ម៉ូតូ​ ខ្ញុំ​មិន​ហ៊ាន​ប៉ះ​នឹង​របស់​អ្វីនៅ​ក្នុង​ស្ថានីយ​រថភ្លើង​និង​ស្ថានីយ​រថយន្ត​ក្រុង​ទេ។ ខ្ញុំ​មិន​ហ៊ាន​ប៉ះ​ជញ្ជាំង​ឬ​របស់​អ្វី​ទេ។»

អ្នក​សារព័ត៌មាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​បុគ្គលិក​ចាំ​បាច់​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន ហើយ​ពួក​គេ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​អំពី​ផល​ប៉ះពាល់​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី និងទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ។ ការ​ចេញ​ទៅ​ធ្វើ​ការ​នេះ​ ធ្វើ​ឲ្យ​អ្នក​យក​ព័ត៌មាន​ ជា​ពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ ត្រូវ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ពួក​គេ។

លោក Moez Chakchouk អគ្គនាយករង​ខាង​ផ្នែក​ទំនាក់ទំនង​និង​ព័ត៌មាននៃ​អង្គការ​យូណេស្កូ​ថ្លែង​ថា ហានិភ័យ​មាន​កាន់​តែ​ខ្ពស់​សម្រាប់​អ្នក​សារព័ត៌មាន​នៅ​តាម​បណ្តាញ​ផ្សាយ​ណា​ដែលខ្វះ​ធនធាន ជា​ពិសេសេ​អ្នក​យក​ព័ត៌មាន​ freelancer ដែល​មិនចំណុះស្ថាប័ន​ណា​មួយ។

លោក​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​អំពាវនាវ​ឲ្យ​ស្ថាប័ន​ព័ត៌មានបណ្តុះបណ្តាល​អ្នក​យក​ព័ត៌មាន​របស់​ខ្លួន​អំពីវិធី​ប្រុងប្រយ័ត្ន​ជា​មុន​និង​ផ្តល់​ឲ្យ​ពួក​គេ​នូវសម្ភារៈ​ការពារ​ខ្លួន ដោយ​លោក​បញ្ជាក់​ថា៖ «អ្នក​យក​ព័ត៌មាន​ដែល​មិន​ចំណុះ​ស្ថាប័ន​ freelancer មាន​ភាព​ងាយ​រង​គ្រោះ​ជា​ពិសេសបើ​និយាយ​អំពី​ផ្នែកសុវត្ថិភាពរាងកាយ​និង​ផ្លូវ​ចិត្ត ដោយសារ​ពួក​គេមិន​មាន​ធនធាន​និង​ជំនួយដូច​អ្នក​យក​ព័ត៌មាន​ដែលជា​បុគ្គលិក​ស្ថាប័ន។

ដូច​អ្នករាយការណ៍​ដទៃ​ទៀត​ដែរ​ ដែល​យក​ព័ត៌មាន​អំពី​ជំងឺរាតត្បាតកូវីដ១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​៤​ក្នុង​ពិភពលោក អ្នក​រាយការណ៍​ឲ្យ​វិទ្យុ​មួយ​នៅ​ក្រុង​ហ្សាការតា​នេះ​ថ្លែង​ថា លោក​នៅ​តែត្រូវ​គេ​រំពឹង​ថា​នឹងចូល​ទៅ​យក​ព័ត៌មាន​នៅតំបន់​ដែល​ប្រឈម​ហានីភ័យ​ខ្ពស់​ដូចជា​ស្ថានីយ៍​មេត្រូ​ និង​សន្និសីទ​សារព័ត៌មាន​របស់​រដ្ឋាភិបាល​ដោយ​គ្មាន​ម៉ាស ស្រោមដៃ និង​អាល់កុល​លាងដៃ​ឬ​ការធានា​រ៉ាប់រងសុខភាព។​

ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រមាណ​១ភាគ​៥​មិន​មាន​ការ​ធានា​រ៉ាប់រង​សុខភាព​ទេ។ សមាគម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​ថា បុគ្គលិក​នៅ​តាម​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តូចតាច​របស់​ឥណ្ឌូណេស៊ី​មិនមាន​ការ​ធានា​រ៉ាប់រង​សុខភាព​ទេ។

ក្រុម​សមាគម​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ព្រម​ជាមួយ​នឹងអង្គការ​អន្តរជាតិ​ដូច​ជាបណ្តាញ​សារព័ត៌មាន​ស៊ើបអង្កេត​ពិភពលោក (GIJN) និង​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន​ (Committee to Protect Journalists) បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​របស់​ខ្លួន​សម្រាប់អ្នក​រាយការណ៍​ព័ត៌មាន​ដែល​យក​ព័ត៌មាន​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ម៉្យាង​ទៀត​អ្នក​រាយការណ៍​ព័ត៌មាន​ប្រចាំ​នៅ​ក្រុង​ហ្សាការតា​ដែល​បាន​និយាយ​ជាមួយ​ VOA ក៏​បាន​ធ្វើ​ការ​ណែនាំ​ដល់​អ្នក​សារព័ត៌មាន​របស់​ខ្លួន​ឲ្យ​ធ្វើ​ការ​ប្រុងប្រយ័ត្ន​ជា​មុន​និង​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា។ ប៉ុន្តែលោក​ថា ស្ថាប័ន​របស់​លោក​មិន​ផ្តល់ឧបករណ៍​ការពារ​ខ្លួន​ឬ​ចាត់​វិធានការ​ណា​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ចូលរួម​របស់​អ្នក​យកព័ត៌មាន​នៅ​តាម​កន្លែង​ប្រមូល​ផ្តុំ​សាធារណៈ​ទេ។

ការ​មិនធ្វើ​តាម​វិធានការ​តឹងរ៉ឹង

អ្នក​ជំនាញ​សុខាភិបាលនា​ពេល​ថ្មីៗ​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ជាង​មុន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នៅ​ទី​នោះ​ចំនួន​ករណី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​បាន​កើន​ឡើង​ពីមិន​មាន​រក​ឃើញសោះ​នៅ​ដើម​ខែ​មីនា រហូត​ដល់ករណី​ឆ្លង​ចំនួន​៧.៧៧៥​ករណី​ និងស្លាប់៦៤៧​ករណី​មក​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មេសា។

អ្នក​នាង​ Ratna Ariyanti សមាជិក​ម្នាក់​នៃ​អង្គការ​សម្ព័ន្ធភាព​នៃ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ (AIJ) ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហ្សាការតា ហើយ​ដែល​តាមដានការ​តវ៉ា​របស់​អ្នក​សារព័ត៌មាន​ចំពោះ​បញ្ហា​សិទ្ធិ​ការងារ សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការ និង​ការ​គំរាម​កំហែង​ការ​ធ្វើ​ទុក​បុក​ម្នេញនៅ​កន្លែង​ចុះ​យក​ព័ត៌មាន ថ្លែង​ថា ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ភាគច្រើន​មិន​បាន​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​យក​ព័ត៌មាន​អំពី​ការ​រាតត្បាត​នៃ​ជំងឺថ្មី​នេះ​ទេ។

អ្នក​នាង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​៣​ខែ​មេសា​ មាន​អាជ្ញាធរ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​មួយ​ចំនួននៅ​បន្ត​ធ្វើ​សន្និសីទ​សារព័ត៌មាន បើ​ទោះ​បី​ជា​មាន​បម្រាម​មួយប្រកាស​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ដែល​មន្ត្រី​ប៉ូលិស​ពង្រឹង​អនុវត្ត​ និង​ហាម​ការ​ជួប​ប្រជុំ​ណា​មួយ។

អ្នកនាង​ Ariyanti បញ្ជាក់​ថា បើ​ទោះ​បី​ជា​បម្រាមនេះ​មិន​បាន​និយាយ​អំពី​ព្រឹត្តិការណ៍​ផ្លូវការ​របស់​រដ្ឋាភិបាល​ដូច​ជា​សន្និសីទ​សារព័ត៌មាន​ជា​ដើម​នេះ​ក្តី ក៏​ក្រុម​អាជ្ញាធរ​គួរ​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​បញ្ជា​ឲ្យ​អ្នក​ដទៃ​ធ្វើ​ដែរ។

អ្នក​នាង​ Ratna Ariyanti ថ្លែង​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖ «ក្រុម​មន្ត្រី​គួរ​គោរព​តាម​បញ្ញត្តិ​នេះ ដោយ​មិន​ធ្វើ​សន្និសីទ​សារព័ត៌មាន ដែល​នឹង​ទាក់ទាញ​អ្នក​សារព័ត៌មាន​ទាំង​ហ្វូង។»

អ្នក​នាង Ariyanti ថ្លែង​បន្ត​ថា មាន​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​បាន​រាយការណ៍​ពី​ករណី​នៃ​ការណ៍​ដែល​មន្ត្រី​ជាប់​ឆ្នោត​ឬ​មន្ត្រី​រដ្ឋាភិបាល បាន​អញ្ជើញ​អ្នក​យក​ព័ត៌មាន​ឲ្យ​ចូល​ទៅ​មន្ទីរពេទ្យ ឬ​អាកាសយានដ្ឋាន ដើម្បី​ទៅ​រាយការណ៍​អំពី​អំណោយ​ដែល​មន្ត្រី​ទាំង​នោះ​បាន​ចែក។

ដោយ​សហការ​ជាមួយ​នឹងគណៈកម្មាធិការ​សម្រាប់​សុវត្ថិភាព​អ្នក​សារព័ត៌មាន ដែល​ជា​បណ្តុំ​នៃ​ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សេរីភាព​សារព័ត៌មានឥណ្ឌូណេស៊ី​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សាការតា អង្គការ​សម្ព័ន្ធភាព​នៃ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ (AIJ)​ បានចង​ក្រង​ការ​តវ៉ា​ជា​សម្ងាត់​ទាំង​នោះ ឲ្យ​ចេញ​ជា​កូនសៀវភៅ​អំពី​គោលការណ៍​សុវត្ថិភាព​ ដែល​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​អាច​យក​ទៅ​ពិគ្រោះ​បាន​ដើម្បី​រក្សា​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ខ្លួន​ខណៈ​ពេល​យក​ព័ត៌មាន​អំពី​ការ​រាតត្បាត​ជំងឺ​ឆ្លង​នេះ។​

ខណៈ​ដែល​អង្គការ AIJ និយាយ​ថា​ ការ​ផ្ញើ​បណ្តឹង​ជាសម្ងាត់មក​កាន់​អង្គការ​នេះ​ជា​រឿង​ប្រថុយប្រថាន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​យក​ព័ត៌មាន​បាត់បង់​ការងារ ក៏​អ្នក​នាង Ariyanti ថ្លែង​ថា អ្នក​នាង​សង្ឃឹម​ថា កូន​សៀវភៅ​នេះ​ជា​ភស្តុតាង​ថា​រាល់​ការ​ប្តឹងតវ៉ា​ពី​កន្លែង​ចុះ​យក​ព័ត៌មាន​ត្រូវ​បាន​គេ​រក្សា​ជា​សម្ងាត់។​

លោក Arif Zulkifli អ្នក​ប្រឹក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សការតា ថ្លែង​ថា ការ​រក្សា​សុវត្ថិភាព​អ្នក​យក​ព័ត៌មាន​មាន​ន័យ​ថា ត្រូវ​ធ្វើ​ឲ្យ​គោលការណ៍​ណែនាំ​សុវត្ថិភាព​ជា​លក្ខណៈ​អន្តរជាតិ​ទាំង​នេះ លេច​ធ្លោ​ឡើង​នៅ​តាម​ការិយាល័យ​នៃ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន ហើយភ្ជាប់​ការ​អនុវត្ត​គោលការណ៍​ទាំង​នេះ​ដោយ​ផ្ទាល់​ចំពោះ​អ្នក​រាយការណ៍​ដែល​កំពុង​ចុះ​យក​ព័ត៌មាន​ផ្ទាល់។​

ក្រៅពី​ការណែនាំ​ឲ្យហាត់​ការ​រក្សា​គម្លាត​ពី​គ្នា និង​ចែក​ម៉ាស់មុខ ទឹកអាល់កុល​លាង​ដៃ និង​ឧបករណ៍​ការពារ​ផ្សេង​ទៀតដល់​បុគ្គលិក លោក Zulkifli ក៏​អំពាវនាវ​ឲ្យ​អ្នក​យក​ព័ត៌មាន​រៀន​ធ្វើ​ការវៀងវៃ​ជាង​មុន។​

លោក Zulkifli ថ្លែង​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​នៅ​តែ​ឃើញ​អ្នក​យក​ព័ត៌មាន​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម ហើយ​ដណ្តើម​កន្លែង​គ្នា​ដែល​នៅ​ចម្ងាយ​តិច​ជាង​១​ម៉ែត្រ​ពី​គ្នា។ បើ​សិន​មិន​អាច​ជៀសវាង​ការ​ប្រជុំ​ជិត​គ្នា​បាន យ៉ាង​ហោច​ណាស់​គួរ​រក្សា​គម្លាត​ឲ្យ​បាន​១​ម៉ែត្រ​ទៅ។»

ប្រែ​សម្រួល​ដោយ​ សឹង សុផាត