ក្នុង​ពេល​ជាប់​ពន្ធនាគារ លោក ថេង សាវឿន ប្រកាស​ទទួល​ស្គាល់​កំហុស

រូបឯកសារ៖ មុន​នឹង​ចូល​ដឹកនាំ​សមាគម​ដែល​លោក​បង្កើ​តឡើង លោក ថេង សាវឿន ធ្លាប់​បម្រើ​ការងារ​ជា​យុវជន​ស្ម័គ្រ​ចិត្ត​ដោយ​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​នៅ​តាម​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន។ (Facebook/ថេង សាវឿន-Theng Savoeun)

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC)​ លោក​ ថេង សាវឿន ​បាន​ចេញ​សារ​ជា​លិខិត​និង​វីដេអូ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ប្រកាស​ទទួល​ស្គាល់​កំហុសក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​«បដិវត្តន៍​កសិករ» ​ក្រោយ​តុលាការ​ខេត្ត​រតនគិរី​ចោទ​ប្រកាន់​លោក​ និង​សហការី​លោក​២នាក់ទៀត​ ពី​បទ​«រួម​គំនិត​ក្បត់​ និង​ញុះញង់»។​

លោក ​ថេង សាវឿន ​និង​ក្រុម​ការងារ​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ក្រចេះឃាត់​ខ្លួន​តាម​បញ្ជា​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​កាលពី​ពាក់​កណ្តាល​ខែ​ឧសភា​ បន្ទាប់​ពី​លោក​និង​ក្រុម​ការ​ងារ​លោកបាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ពង្រឹង​សមត្ថភាព​បុគ្គលិក​សមាគមដែល​រៀប​ចំ​ឡើងនៅ​ខេត្ត​រតនគិរី​ ទីដែល​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ទីនោះ​ សង្ស័យ​ថា ​សមាគម​លោក​ ថេង សាវឿន​ បាន​លួច​ប្រជុំក្នុង​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ក្រុង​បានលុង​ ​ ហើយ​មាន​ផែនការ​ធ្វើ​បដិវត្តន៍​កសិករ។​

ក្នុង​លិខិត​ទទួល​កំហុស​មាន​កម្រាស់​២ទំព័រ​ និង​ឃ្លីប​វីដេអូ​មាន​រយៈពេល​ជិត​៣​នាទី​នោះ​ លោក ​ថេង សាវឿន​ បាន​ថ្លែង​ថា​ លោក​បាន​ដើរ​តាម​ជន​បរទេស​ និង​ក្រុម​អ្នក​នយោ​បាយ​ប្រឆាំង​មួយ​ចំនួន​ទាំង​មិន​ដឹង​ខ្លួន ​ដើម្បី​ធ្វើ​សកម្ម​ភាព​ប្រមូល​ផ្តុំ​សហគមន៍​កសិករ​ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

នៅ​ក្នុង​ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​និង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ លោក​ ថេង សាវឿន​ ដែល​ស្លៀកពាក់​ខោអាវ​អ្នក​ទោស​ពណ៌​ទឹកក្រូច ដោយ​មាន​ម្តាយ​បង្កើត​ និង​ភរិយា​របស់​លោក​អម​នៅ​សងខាង​នោះ​ ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​
«តាំង​ពី​បង្កើត​សមាគម​ និង​ធ្វើ​ការ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​ខ្ញុំ​បាទ​លង់​ជា​មួយ​ការ​ចង្អុល​បង្ហាញ​របស់​ជន​បរទេស​ និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ តាម​រយៈ​សកម្មភាព​ប្រមូល​ផ្តុំ​ កៀរ​គរ​កសិករមួយ​ចំនួន​ធ្វើ​ការ​ញុះញង់​ ឬ​ក៏​ញុះ​ញង់​ និង​ឈាន​ដល់ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ប្រឆាំង​រដ្ឋាភិបាលស្រប​ច្បាប់​ ដោយ​មិន​ដឹង​ខ្លួន»។

លោក​បន្ថែម​ថា៖​ «ក្រោយ​ពី​ទទួល​ស្គាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ ខ្ញុំ​បាទ​សុំ​ធ្វើការ​សុំ​ទោស​ដល់​សាធារណ​ជន ក៏ដូច​ជា​សមាជិក​សមាជិកា​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។ ​ហើយ​ខ្ញុំ​សង្ឃឹម ​និង​ខ្ញុំ​បាទ​សុំ​ធានា​ថា​ ខ្ញុំ​បាទ​នឹង​មិន​ប្រព្រឹត្ត​កំហុសដែល​បាន​ប្រព្រឹត្ត​នេះ​ ជា​លើក​ទី២​ឡើយ។ ​ហើយ​ក្នុង​ពេល​នេះ​ដែរ​ ខ្ញុំ​បាទ​សុំ​ធ្វើ​ការ​ប្តេជ្ញាចិត្ត​មិន​ចូល​រួម​ជាមួយនឹង​សកម្ម​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ឬ​ក៏​គណបក្ស​នយោបាយ​ណា​ ដែល​ខុស​ច្បាប់​ ដែល​មាន​ចេតនា​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល រួម​ជាមួយ​នឹង​សុំ​ដក​ខ្លួនពី​ផ្ទះ​សាមគ្គី​ផង​ដែរ»។​

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ស្ថិត​នៅក្នុង​អគារ​ផ្ទះ​សាមគ្គី​បន្ត​បិទ​ទ្វារ​នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ក្រោយ​តុលាការ​ខេត្ត​រតន​គិរី​ចោទ​ប្រកាន់លោក​ ថេង សាវឿន ​ពាក់​ព័ន្ធ​នឹង​ការ​មាន​ផែន​ការធ្វើ​បដិវត្តន៍​កសិករ​នោះ ការិយាល័យរបស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​ក្នុង​ទីក្រុង​ភ្នំពេញ​ ត្រូវ​បាន​តុលាការ​ហាម​មិន​ឱ្យបើក​ដំណើរការ​ ដោយ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ។​

ការិយាល័យរបស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ ស្ថិត​ក្នុង​អគារ​មួយ​កន្លែង​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ស្គាល់​ថា​ ជា​«ផ្ទះ​សាមគ្គី»។​

នៅ​ក្នុង​អគារ​ផ្ទះ​សាមគ្គីនោះ​ ក្រៅ​ពី​សមាគម​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ មាន​សមាគម​ និង​សហជីព​មួយ​ចំនួន​ទៀត​ គឺ​បណ្តាញ​យុវជន​កម្ពុជា ​ឬ​ហៅ​កាត់​ថា​ CYN សហ​ព័ន្ធ​សហ​ជីព​កម្មករ​ចំណី​អាហារ​ និង​សេវាកម្ម​កម្ពុជា (CFSWF)​ និង​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)។​

អគារផ្ទះ​សាមគ្គី​ដែល​ជា​ទីជម្រក​នៃ​បណ្តុំ​សមាគម និង​សហជីព​មួយ​ចំនួន​រួមមាន​បណ្តាញ​យុវជន​កម្ពុជា (CYN) និង​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ សែន សុខ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

អ្នក​បម្រើការ​ងារ​មួយ​ចំនួន​ក្នុង​ផ្ទះ​សាមគ្គី​ប្រាប់​វីអូអេ​ថា​ សមត្ថកិច្ច​ចម្រុះ​យ៉ាងតិច​២០​នាក់​បាន​ចូល​មក​ឆែក​ឆេរ​ និង​រឹបអូស​ឯកសារ​ និងសម្ភារៈ​មួយ​ចំនួន​ ដូច​ជា​ម៉ាស៊ីន​កំព្យូទ័រ​ និង​ដាក់​កម្លាំង​ឃ្លាំ​មើល​សមាគម​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត​រតនគិរីចោទ​ប្រកាន់​លោក​ ថេង សាវឿន។ ​រហូត​មក​ពេល​នេះ ​ផ្ទះ​សាមគ្គី​នៅ​បើក​ដំណើរការ​ធម្មតា​ លើក​លែង​តែ​ការិយា​ល័យ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ ដែល​បន្ត​បិទ​ទ្វារ។​

ក្រោយ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ផ្ទះ​សាមគ្គី​ លោក ​ថេង សាវឿន​ បានស្នើ​សុំការ​អភ័យ​ទោស និង​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដើម្បី​ឱ្យ​លោក​បាន​ចេញ​ពី​ពន្ធនាគារ។​

លោក​ថ្លែង​ថា៖​ «ជា​ចុង​ក្រោយ ខ្ញុំ​បាទ​ សុំ​គោរព​ សុំ​អភ័យ​ទោស​ពី​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ សុំ​សម្តេចមេត្តា​សណ្តោស​ប្រណីជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​ខ្ញុំ​បាទ​បាន​រួច​ពី​ពន្ធនាគារ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ភរិយា​របស់​លោក​ ថេង សាវឿន ​គឺ​អ្នកស្រី ​ញូង សុខហៀង ​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ នី សុខា​ យល់​ថា​ ការ​ចេញ​មុខ​សុំ​ទោស​ និង​ទទួល​ស្គាល់​កំហុស​ជា​សាធារណៈ​របស់​លោក​ ថេង សាវឿន​ ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ ហើយ​ស្រដៀង​គ្នា​នឹងអ្វី​ដែល​សកម្មជន​ និង​អ្នក​នយោ​បាយ​ខ្លះ​បាន​ធ្វើ​នា​ពេល​ថ្មីៗ​នេះ​ ដើម្បី​បាន​ចេញ​ពី​ពន្ធនាគារ។ ​ប៉ុន្តែ​លោក​បាន​បង្ហាញ​ក្តី​កង្វល់​ អំពី​ផល​ប៉ះ​ពាល់​លើ​គោល​ការណ៍​នីតិរដ្ឋ​ នៅ​ពេល​ជន​ជាប់​ចោទ​គ្រាន់​តែសុំ​ទោស​ជា​សាធារណៈ​ រួច​ទទួល​បាន​ការ​អត់​ឱន​ពី​ប្រមុខ​រដ្ឋាភិបាល។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ ​«អាហ្នឹង​ វា​មិន​មែន​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ដំណើរ​ការអនុវត្ត​នីតិរដ្ឋ​ទេ ​ពី​ព្រោះ​ថា​ ច្បាប់កាល​ណា​យើង​មាន​ជាប់​ពិរុទ្ធ​អី​ហើយ​វា​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ដំណើរការ​របស់​តុលាការ​ គឺ​ត្រូវ​តែ​មាន​បើក​សវនាការ ត្រូវ​តែ​មាន​អី​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ប្រមូល​ភស្តុតាង​ថា​ តើ​អ្នក​ហ្នឹង​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ ឬក៏​មិន​បាន​យ៉ាង​ម៉េច?​ អា​ហ្នឹង​វា​ទៅ​ ទៅ​តាម​ដំណើរ​ហ្នឹង​ មិន​មែន​យក​ក្រដាស​សុំ​ទោស​មួយ​សន្លឹក​ ហើយ​ទៅ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ឬក៏​ដោះ​លែង​ លើក​លែង​ការ​ចោទ​ប្រកាន់​អ៊ីចឹង​ទេ​បាទ»។ ​

លិខិត​កំណត់​ហេតុ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ និង​អាជ្ញាធ​រពាក់​ព័ន្ធ​ដែល​តម្រូវឱ្យ​ការិយាល័យ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន។ (ហ៊ុល រស្មី/វីអូអេ)

ទាក់​ទិន​ការ​បិទ​ទ្វារ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ ជា​បណ្តោះ​អាសន្ន​ទៅ​តាម​ការ​សម្រេច​របស់​តុលាការ​ លោក ​នី សុខា ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធស៊ើប​អង្កេត​ និង​រក​ភស្តុតាង​ឱ្យ​បាន​ល្អិត​ល្អន់​ អំពី​សកម្ម​ភាព​របស់​លោក ​ថេង សាវឿន​ និង​សមាគម​ ពីព្រោះជា​រឿយៗ ​សមាគម​នេះបាន​ប្រមូល​ផ្តុំ​ប្រជា​កសិករដើម្បី​ជជែក​រៀន​សូត្រ​តែ​អំពី​ការងារ​កសិកម្ម​ បញ្ហា​សិទ្ធិ​ និង​ការ​តស៊ូ​មតិ។ ​ លោក​ថា ​លិខិត​សារ​ភាព​មួយ​ច្បាប់​របស់​លោក​ ថេង សាវឿន​ គឺ​មិន​គ្រប់​គ្រាន់​ទេ​នៅ​ក្នុង​រឿង​នេះ។​

ជុំវិញ​លិខិត​ទទួល​ស្គាល់​កំហុស​របស់​លោក​ ថេង សាវឿន លោក​ កែវ ភក្តី អ្នកនំា​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​បាន​ស្នើ​ឱ្យ​អ្នក​យក​ព័ត៌មាន​សំឡេង​សហ​រដ្ឋ​អាមេរិក​សួរ​ទៅ​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរី ​ដោយ​សារ​ករណី​លោក​ ថេង សាវឿន​ បាន​ផុតពី​ដៃ​របស់​ស្ថាប័ន​អយ្យការ។​

លោក​ កែវ ពិសុទ្ធ​ អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​រតន​គិរី ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ តុលាការ​មិន​ទាន់​បាន​ឃើញ​លិខិត​អន្តរាគមន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ក្នុង​សំណុំ​រឿង​លោក​ ថេង សាវឿន ​ទេ ​តែ​លោក​ថា​ តុលាការ​កំពុង​មមាញឹក​ធ្វើការ​លើ​សំណុំ​រឿង​នេះ។​

លោក​ថ្លែង​ថា៖​ «អន្តរាគមន៍​យ៉ាង​ម៉េច​យ៉ាង​ម៉ា ​ខ្ញុំ​អត់​ទាន់​ឃើញ​លិខិត​អី​ទេ​ ព្រោះ​គាត់​ជា​អ្នក​កាន់​សំណុំ​រឿង​ ខ្ញុំ​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​ ​អ៊ីចឹង​ អ្នក​នាំ​ពាក្យ​ដឹង​តែ​ចំណុច​មួយ​ចំនួន​នៃ​ការ​សម្រេច​របស់​ចៅក្រម»។​

លោក​ ថេង សាវឿន​ និង​សហការី​លោក​២​នាក់​ទៀត​គឺ​លោក ​ថាន់ ហាច​ មន្ត្រី​សម្រប​សម្រួល​សហគមន៍​ និង​លោក​ ញ៉ិល ភាព ​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ​អាច​ជាប់​ក្នុង​ពន្ធនាគារ​ពី​៥​ ដល់​១០​ឆ្នាំ​ ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស។​

ការ​ចាប់​ខ្លួន​របស់​ពួកគេ​ទាំង​៣​នាក់​នាំ​ឱ្យមាន​ការ​តវ៉ា ​ដោយ​ខ្លះ​បាន​ឡើង​ទៅ​ប្រមូល​ផ្តុំ​ទាម​ទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​៣​នៅ​មុខ​សាលា​ដំបូង​ខេត្ត​រតនគិរី ​និង​ខ្លះ​ឡើង​មកទីក្រុង​ភ្នំពេញស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃធ្វើ​អន្តរាគមន៍​ដោះ​លែង​ពួក​គេ។ ​អ្នក​តវ៉ា​លើក​ឡើង​ថា​ ពួកគេ​ទាំង​៣​នាក់​មិន​មាន​ផែន​ការ​ធ្វើ​បដិវត្តន៍​កសិករ​ឡើយ ​គឺ​មាន​តែ​ជួយ​កសិករ​ក្នុង​ការ​ស្វែង​យល់​អំពី​សិទ្ធិ​ និង​ការ​ផ្តល់​ចំណេះ​ដឹង​ពាក់​ព័ន្ធ​ការ​បង្ក​បង្កើន​ផល​ និង​ការ​ផ្តល់​ពូជ​បន្លែ និង​សត្វ​ចិញ្ចឹម​ជាដើម៕