ផលិតករ​ភាព​យន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គោរព​សេរីភាព​បញ្ចេញ​មតិ

រូបឯកសារ៖ អ្នកផលិត​ភាពយន្ត​​ឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក​​ James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យក​​មក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

លោក​ James Ricketson​ ផលិតករ​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី​បាន​អំពាវ​នាវ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​គោរព​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ខណៈ​លោក​​ត្រូវ​បាន​នាំ​ខ្លួន​​មក​សួរ​ចម្លើយ​សារ​ជា​ថ្មី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​ ​James Ricketson​ ​ផលិត​ករ​ភាពយន្ត​ឯកសារ​សញ្ជាតិ​អូស្ត្រាលី​ ​ដែល​ត្រូវ​បាន​តុលាការចោទ​ប្រកាន់​ពី​បទ​«ចារកម្ម»​ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ​គោរព​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។​

ការ​អំពាវនាវ​របស់​អ្នក​ផលិត​ភាព​យន្ត​ឯកសារវ័យ​៦៨​ឆ្នាំ​នេះ​ធ្វើ​ឡើង​នៅព្រឹក​ថ្ងៃ​ច័ន្ទ​ ពេល​ដែល​លោកត្រូវ​បាន​នាំ​ខ្លួនមក​សួរ​ចម្លើយ​សារ​ជា​ថ្មី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

ខណៈ​ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរចេញពី​បន្ទប់ដាក់​ជន​ជាប់​ចោទ​ ​សំដៅ​ទៅ​កាន់​បន្ទប់​សួរ​ចម្លើយ​ ​លោក​ ​James Ricketson​ ​ថ្លែង​ប្រាប់​ ​VOA​ ​ថា​ ​ចៅ​ក្រមមិន​មាន​ភ័ស្តុតាង​ដាក់​បន្ទុក​លើ​លោក​នោះ​ទេ។​ ​លោក​បន្ថែម ​ទាំង​ដៃឱប​ឯកសារពីរ​ដុំ​ធំៗ​ ថា​ ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ​ ​និង​ថា​ ទង្វើ​ដែល​លោក​បាន​ធ្វើ​កន្លងមកគឺ​ជា​ការ​បង្ហាញពី​សេរី​ភាព​នៃ​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ។

ខណៈ​កំពុង​ដើរ​ឡើង​ជណ្តើរ​ពីជាន់​ទី​១​ទៅ​ជាន់​ទី៥​នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«ខ្ញុំ​អំពាវនាវឲ្យ​រដ្ឋាភិបាល​ ​និង​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​គោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

ការ​ឃុំ​ខ្លួន​ ​និង​ការ​ចាប់​ខ្លួនលោក​ ​Ricketson​ ធ្វើ​ឡើង​បន្ទាប់ពីអ្នក​ផលិត​វីដេអូឯកសារ​ជន​ជាតិ​អូស្ត្រាលី​រូប​នេះ​ ​បាន​ប្រើ​ម៉ាស៊ីន​ដ្រូន​ ​(drone)​ ​ថត​យក​រូបភាព​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​អ្នក​គាំទ្រ​គណ​បក្សសង្គ្រោះ​ជាតិ​ ដែល​បាន​ហែ​ក្បួន​ឃោសនា​គណបក្សពី​វត្ត​ចាស់​តាម​ស្ពាន​ឆ្លង​ទន្លេ​មកកណ្តាល​រាជ​ធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២​មិថុនា​ ឆ្នាំ​២០១៧។

លោក​ ​Ricketson​ ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញចោទ​ថា​ បានប្រមូល​ព័ត៌មាន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​រដ្ឋ​បរទេស ​និង​សម្រេច​ដាក់​ឲ្យ​លោក​ជាប់​ឃុំបណ្ដោះ​អាសន្នក្នុង​ពន្ធនាគារ​ប្រមាណ​ជា​ជាង៧​ខែ​មក​ហើយ​ ​គិត​ចាប់​តាំង​ពី​ការ​ចាប់​ឃុំខ្លួន​លោក​កាល​ពី​ខែ​មិថុនា​ ​ឆ្នាំ​២០១៧។​ ​រហូត​មក​ដល់​ពេល​នេះ​ ​តុលាការ​នៅ​បន្ត​ការ​ស៊ើបសួរលើ​សំណុំ​រឿង​របស់​លោក​ជា​បន្ត​បន្ទាប់​ ​ក្រោយ​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​ច្រាន​ចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​កាល​ពី​ពេល​កន្លង​មក។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ បាន​ប្រាប់ ​VOA​ ថា​ ការ​បង្ហោះ​ឧបករណ៍​ដ្រូន​ដោយ​គ្មាន​ការ​អនុញ្ញាត​គឺ​ជា​អំពើ​ខុស​ច្បាប់។ ​លោក​បន្ថែម​ថា ​ករណី​របស់​លោក ​James Ricketson ​គឺ​ត្រូវ​សម្រេច​លើ​តុលាការ ​និង​ថា ​រដ្ឋាភិបាល​មាន​ច្បាប់​ត្រឹមត្រូវ​ក្នុង​ការ​អនុវត្ត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​មាន​ច្បាប់​ត្រឹមត្រូវ ​ហើយ​យើង​ឃើញ​ថា​ នៅប្រទេស​ដទៃ​ទៀត​ក៏​គេ​ចាត់​វិធានការ​ទៅ​លើ​ការ​បង្ហោះ​ដ្រូន​ដោយ​គ្មាន​ការ​អនុញ្ញាត ​ហើយ​នៅប្រទេស​ដទៃ​ទៀត​ហ្នឹង​ក៏​គេ​រឹត​ត្បិត​នូវ​ការ​បញ្ចេញ​មតិ​ណា​ដែល​វា​មិន​ឆ្លើយ​តប​នឹង​ច្បាប់ ​ដូចជា​ការ​វាយ​ប្រហារ ​ការ​ប្រមាថ ​ការ​ប្រឌិត។​ អាហ្នឹង​មិនមែន​ជា​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ទេ»។​

ក្រៅ​ពី​ជា​ផលិតករ​វីដេអូ​ឯកសារ ​លោក​ Ricketson​ ​ក៏​ជា​អ្នក​សារ​ព័ត៌មាន​មួយ​ក្នុង​ចំណោម​បី​រូប​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្រោម​ការ​ចោទ​ពីបទ«ចារកម្ម»​ឲ្យ​រដ្ឋ​បរទេស​ ​ចំពោះ​ការងារ​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​ ​ដែល​ប្រឈម​នឹង​ទោស​ទណ្ឌ​ដល់​ទៅ​១០​ឆ្នាំ​ក្នុង​ពន្ធនាគារ។​ ​អ្នក​សារ​ព័ត៌មាន​ពីរ​រូប​ផ្សេង​ទៀត​គឺ​លោក​ ​អួន ឈិន​ ​និង​លោក​ យាង សុជាមេត្តា​ ​ដែល​ជា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​នៅ​កម្ពុជា។​

ការ​វាយ​ប្រហារ​លើ​ក្រុម​សារ​ព័ត៌មាន​ឯករាជ្យ​ និង​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​បានរង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​ការពារ​អ្នក​សារព័ត៌មាន​ ​និង​អង្គការ​អន្តរ​ជាតិ​នានា។​ ​ពួក​គេ​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ ជា​«មហន្តរាយ»​ដល់​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា៕