លោកស្រី Ivanka ជាកូនស្រីនិងជាទីប្រឹក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានចាកចេញភ្លាមៗពីសន្និសីទតាមទូរស័ព្ទនៅសេតវិមានកាលពីរសៀលថ្ងៃអង្គារបន្ទាប់ពីពួកអ្នកយកព័ត៌មានបានសួរអំពីពាណិជ្ជកម្មរបស់លោកស្រីក្នុងប្រទេសចិន។
សេតវិមានមានគោលបំណងឲ្យពួកអ្នកយកព័ត៌មានសួរសំណួរអំពីតួនាទីរបស់លោកស្រីក្នុងទិវាកីឡានិងការហាត់ប្រាណនៅសេតវិមាន។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ពួកអ្នកយកព័ត៌មានបានឆ្លៀតឱកាសសួរលោកស្រី Ivanka Trump អំពីបញ្ហាផ្សេងទៀតនៅក្នុងព័ត៌មាន។
រដ្ឋាភិបាលចិនបានផ្តល់ការយល់ព្រមឲ្យលោកស្រី Ivanka នូវផ្លាកសញ្ញាពាណិជ្ជកម្មចំនួន៧នៅក្នុងខែឧសភានេះដែលបានធ្វើឲ្យមានសំណួរឡើងវិញអំពីថាតើរដ្ឋាភិបាលបរទេសកំពុងព្យាយាមឲ្យបានទទួលផលប្រយោជន៍ពីរដ្ឋបាលរបស់លោកត្រាំតាមរយៈពាណិជ្ជកម្មគ្រួសារឬ។
ក្នុងអំឡុងនៃសំណួរចម្លើយកាលពីថ្ងៃអង្គារ សំណួរមុនដំបូងមកពីអ្នកយកព័ត៌មានម្នាក់ដែលបានសួរលោកស្រីឲ្យឆ្លើយគឺផ្លាកសញ្ញាពាណិជ្ជកម្មរបស់លោកស្រីដែលប្រទេសចិនទើបផ្តល់ឲ្យ។
បន្ទាប់ពីការស្ងាត់ស្ងៀមមួយសន្ទុះ អ្នករៀបចំសន្និសីទកាសែតតាមទូរស័ព្ទនោះគឺ លោក Ninio Fetalvo អ្នកនាំពាក្យរងរបស់សេតវិមានបានប្រាប់ពួកអ្នកយកព័ត៌មានថា «អស់លោក អ្នក អាចសួរសំណួរទាំងនោះទៅការិយាល័យព័ត៌មាន»៕