អ៊ីតាលីប្រាប់ចិនថា ខ្លួននឹងចាកចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម BRI

រូបឯកសារ៖ នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោកស្រី Giorgia Meloni ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ក្រោយកិច្ចប្រជុំកំពូល EU-MED9 នៅប្រទេសម៉ាល់តា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ប្រទេស​អ៊ីតាលី​បាន​បញ្ជាក់​ជា​ផ្លូវការ​ទៅ​កាន់ប្រទេស​ចិន​ថា ខ្លួន​នឹង​ចាកចេញ​ពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ Belt and Road Initiative ឬ​ហៅ​កាត់​ថា​ BRI។ សេចក្តី​សម្រេច​នេះ​នឹង​ធ្វើ​ឱ្យ​អ៊ីតាលី​ក្លាយ​ជា​ប្រទេស​ដំបូង​គេបង្អស់​ដែលសម្រេច​ចាកចេញ ចាប់តាំង​ពី​គម្រោង​ពាណិជ្ជកម្ម​នេះ​ដែលត្រូវ​បាន​ដាក់​ចេញ​កាល​ពី​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ។ បើ​ទោះ​បី​ជា​មាន​សេចក្តី​សម្រេច​យ៉ាង​ដូច្នេះ ក៏​រដ្ឋាភិបាល​ក្រុង​រ៉ូម​នៅ​តែ​គ្រោង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ នេះ​បើ​យោង​តាម​ប្រភព​ពី​រដ្ឋាភិបាល​អ៊ីតាលី​កាល​ពី​ថ្ងៃ​ពុធ ទី៦ ខែ​ធ្នូ។

​រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​ដាក់​ចេញ​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ BRI ដែល​ជា​គំនិត​ផ្តួចផ្តើម​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​និង​គមនាគមន៍​សាកល​មួយ បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៣ មាន​គោលដៅ​ជំរុញ​ការ​ផ្សារភ្ជាប់​រវាង​ចិន​និង​បណ្តា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី-អឺរ៉ុប អាហ្រ្វិក អូសេអានី និង​អាមេរិកឡាទីន។ ប៉ុន្តែ​អ្នករិះគន់​បាន​អះអាង​ថា គោលដៅ​សំខាន់​មួយនៃ​គម្រោង​ពាណិជ្ជកម្ម​នេះ​គឺ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​គណបក្ស​កុម្មុយនីស្ត​ចិន។ ប្រទេស​ជិត ១៥០ ដែល​មាន​ប្រជាជន​ប្រមាណ ៧៥​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​ បាន​ចូលរួម​ក្នុង​គម្រោង​នេះ។

នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោកស្រី Giorgia Meloni ធ្លាប់​បាន​រិះគន់​ជា​យូរ​មក​ហើយ​មក​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូមួយ​នេះ ដោយលោកស្រី​បាន​ហៅ​សេចក្តី​សម្រេច​របស់រដ្ឋាភិបាល​អ៊ីតាលី​កាល​ពី​ឆ្នាំ ២០១៩ ក្នុង​ចូលរួម​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ថា​ជា​«កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ»។ បន្ទាប់​ពី​លោកស្រី Meloni បាន​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន លោកស្រី​បាន​និយាយ​ថា ការ​សន្យា​ផ្នែក​សេដ្ឋកិច្ច​នៃ​កិច្ចព្រមព្រៀង​នេះ​មិន​បាន​ក្លាយ​ជា​ការ​ពិត​នោះ​ទេ។

ប្រភព​នៅ​ក្នុងជួរ​គណបក្ស​សម្ពន្ធភាព​ចម្រុះ​របស់​លោកស្រី Meloni បាន​និយាយ​ថា កិច្ចព្រមព្រៀងក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២៤ នឹង​មិន​ត្រូវ​បន្ត​ជា​ថ្មី​នោះ​ទេ។

មន្រ្តី​អ៊ីតាលី​មួយ​រូប​ ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា៖ «យើង​មាន​គោលបំណង​ពេញលេញ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ចិន​ បើ​ទោះបី​ជា​យើង​លែង​ជា​ផ្នែក​មួយ​នៃ​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ក៏​ដោយ»។

​ប្រភព​មួយ​ទៀត​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដូចគ្នា បាន​និយាយ​ថា ការ​ចាកចេញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បែបផែន​មួយ ដើម្បី​«រក្សា​ច្រក​ពិភាក្សា​នយោបាយ​ឱ្យ​នៅ​បើក​ចំហ» ប៉ុន្តែ​សុំ​មិន​បញ្ជាក់​លម្អិត​ជុំវិញ​ការ​លើកឡើង​នេះ។

រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi ចាប់ដៃគ្នាជាមួយរដ្ឋមន្ត្រីការប្រទេសអ៊ីតាលីលោក Antonio Tajani នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកស្រី​ Yun Sun ប្រធាន​កម្មវិធី​ស្តី​ពី​ចិន​នៅ​មជ្ឈមណ្ឌល Stimson Center បាន​ថ្លែង​ថា៖ «ក្នុង​ឋានៈ​ជា​ប្រទេស​ដំបូង​ដែល​បាន​ដកខ្លួន​ចេញ​ពី​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម អ៊ីតាលី​នឹង​ត្រូវ​ចិន​សម្លឹង​មើល​ដោយមន្ទិល​និង​ចម្ងល់»។

អ្នកស្រី Sun បាន​លើកឡើង​ថា អ៊ីតាលី​អាច​ត្រឹម​លុបចោល​គម្រោង​ផ្សេងៗ​ពាក់ព័ន្ធនឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម ជា​ជាង​ចាកចេញ​ពី​គម្រោងផ្តួចផ្តើម​នេះ​ទាំង​សុ្រង។ ការ​ចាកចេញ​ទាំងស្រុង​នេះ ​ធ្វើ​ឱ្យ​មាន​«រូបភាពលេចធ្លោ​ខាងនយោបាយ»។

អ្នកស្រី Sun បាន​បន្ត​ថា៖ «ខ្ញុំ​មិន​អាច​ថា ទំនាក់ទំនង​ទ្វេភាគី​នឹង​ត្រូវ​ប្រេះឆា​ ដោយសារ​តែ​សេចក្តី​សម្រេច​នេះ​នោះ​ទេ។​ ប៉ុន្តែ​ពិត​ណាស់ វា​មិនបាន​ផ្តល់​ជា​រឿង​ល្អ​ចំពោះ​ការ​ប្រាស្រ័យ​ទាក់ទង​ទ្វេភាគី​នា​ពេល​អនាគត​ឆាប់​ខាង​មុខ​នោះ​ទេ»។

សារព័ត៌មាន​អ៊ីតាលី Corriere della Sera ដែល​បាន​ទម្លាយ​ព័ត៌មាន​ខាង​លើ​ បាន​រាយការណ៍​ថា គោលបំណង​របស់​រដ្ឋាភិបាល​ក្រុង​រ៉ូម​នៅ​ក្នុង​ការ​ចាកចេញ​ពី​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ត្រូវ​បាន​បញ្ជាក់ទៅ​កាន់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាល​ពី​ដើម​ខែ​ធ្នូ​នេះ។

អ្នក​ជំនាញ​ខ្លះ​គិត​ថា ពេលវេលា​នៃ​ការ​ជូន​ដំណឹង​នេះ​អាច​ត្រូវ​បាន​គ្រោង​ទុក​ជា​មុន គឺ​នៅ​មុន ចិន​ត្រៀម​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ជាមួយ​នឹង​មន្រ្តី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​ធ្នូ។ កិច្ចប្រជុំ​នេះផ្តោត​លើ​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​ដូចជា ឱនភាព​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា។

លោក Francesco Sisci អ្នកសារព័ត៌មាន​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង សម្រាប់​សារព័ត៌មាន​អ៊ីតាលី SettimanaNews បាន​និយាយ​ថា៖ «ប្រហែល​មាន​ការ​ព្រមព្រៀង​ជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប​ថា អ៊ីតាលី​នឹង​ជូន​ដំណឹង​ទៅ​ចិន មុន​កិច្ចប្រជុំ​សហភាព​អឺរ៉ុប​ ដើម្បី​កុំ​ឱ្យ​ [ការ​ដក​ខ្លួន​ចេញ​នេះ] នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ណា​មួយ»។

កាល​ពី​ពេល​អ៊ីតាលី​បាន​ក្លាយ​ជា​ប្រទេស​សមាជិក​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ BRI កាល​ពី​បួន​ឆ្នាំ​មុន អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Giuseppe Conte មាន​ក្តី​សង្ឃឹម​ខ្ពស់​ចំពោះ​ការ​ជំរុញផ្នែក​ពាណិជ្ជកម្ម។ ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក ចិន​គឺជា ​អ្នក​ទទួល​បាន​ផល​ចំណេញ​មួយ​ភាគ​ធំ។

ការ​នាំចេញ​ប្រចាំ​ឆ្នាំ​របស់​ចិន​ទៅ​កាន់​អ៊ីតាលី​បាន​កើនឡើង​ជិត​ទ្វេដងពី​ចំនួន ៣៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩ ដល់ ៦២​ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។ អំឡុង​ពេល​ដូចគ្នា​នេះ ការ​នាំ​ចេញ​របស់​អ៊ីតាលី​ទៅ​កាន់​ចិន​បាន​កើន​ឡើង​តែ​បន្តិច​ប៉ុណ្ណោះ​ពី ១៤​ពាន់​លាន​ដុល្លារ ដល់ ១៧,៧ ពាន់​លាន​ដុល្លារ។

អ៊ីតាលី​ ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេសចំនួន​៧ដែល​ឈានមុខគេ​ក្នុង​វិស័យ​ឧស្សាហកម្ម ឬ​ហៅ​កាត់​ថា G7 នៅ​ឆ្នាំ ២០២៤ និងដែល​នឹង​ធ្វើ​ជា​ប្រធានប្តូរ​វេន​នៃ​ក្រុម​ប្រទេស​នេះ គឺ​ជា ប្រទេស​បស្ចិមលោក​តែ​មួយ​គត់​ ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀម​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នេះ។ ការណ៍​នេះ​បាន​កើត​ឡើង បើ​ទោះបី​សហរដ្ឋ​អាមេរិកធ្លាប់​បាន​ព្រមាន​ថា ចិន​អាច​ទទួល​បាន​អំណាច​គ្រប់គ្រង​លើ​ផ្នែក​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ។

លោក Sisci បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ការ​ចូលរួម​របស់​អ៊ីតាលី​នៅ​ក្នុង​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ ២០១៩ បាន​បញ្ជូន​ជា​សារ​ខុសឆ្គង​មួយ​ទៅ​កាន់ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់​ផ្សេង​ទៀត»។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​របស់​លោកស្រី Meloni ឥឡូវ​នេះ​ កំពុង​បង្ហាញ​ថា «ខ្លួន​កំពុង​វិលត្រឡប់​មក​ស្រប​ជាមួយ​នឹង​ដៃគូ​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​ឡើង​វិញ»។

លោកស្រី Meloni ដែល​ជា​បុគ្គល​ប្រជានិយម​បែប​ស្តាំនិយម​នៅ​អឺរ៉ុប មាន​ចង់​បង្ហាញ​ទៅពិភពលោក​ថា អ៊ីតាលី​ឈរ​ជាមួយ​នឹង​អង្គការ​អូតង់។ នៅ​ខែ​មិថុនា រដ្ឋាភិបាល​របស់​លោក​ស្រី​បាន​ដាក់​កំហិត​លើអំណាច​របស់​ក្រុមហ៊ុន​ចិន Sinochem ដែល​មាន​ភាគហ៊ុន​លើ​ក្រុមហ៊ុន​ផលិត​កង់​រថយន្ត​អ៊ីតាលី Pirelli។ យោង​តាម​ប្រភពមួយ​ពី​រដ្ឋាភិបាល​ លោកស្រី​បាន​សន្យា​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាល​ពី​ដើម​ឆ្នាំ​នេះ​ថា អ៊ីតាលី​នឹង​ចាកចេញ​ពី​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម BRI របស់​ចិន។

រដ្ឋមន្រ្តី​ការបរទេស​អ៊ីតាលី​លោក Antonio Tajani បានធ្វើ​ដំណើរ​បេសកកម្ម​ការទូត​ទៅ​កាន់​ក្រុង​ប៉េកាំង​កាល​ពី​ខែ​កញ្ញា ហើយ​ប្រធានាធិបតី​អ៊ីតាលី​លោក Sergio Mattarella ត្រូវ​បានរំពឹង​ថា នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ ២០២៤។ លោកស្រី Meloni បាន​និយាយ​ថា លោកស្រី​ក៏​មាន​បំណងធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ប៉េកាំង​ផងដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា