រដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងព្យាយាមចាត់វិធានការដើម្បីដោះស្រាយការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសថ្មីដែលមិនធ្លាប់មានកាលពីពេលមុន ដែលចាប់តាំងពីខែធ្នូមក បានឆ្លងមនុស្សជាង ១សែន១ម៉ឺន ៨ពាន់នាក់ ហើយបានសម្លាប់មនុស្សប្រហែល ៤ពាន់ ៣រយនាក់នៅក្នុងប្រទេសចំនួន ១១៤។
វីរុសដែលគេហៅថា ខូវីដ១៩ បានលេចចេញមុនដំបូងនៅក្នុងប្រទេសចិនដែលនៅទីនោះពួកមន្រ្តីសុខាភិបាលនៅថ្ងៃពុធនេះ បានរាយការណ៍ករណីថ្មីចំនួន២៤។
ខណៈដែលការឆ្លងមេរោគកូវីដ១៩បានធ្លាក់ចុះក្នុងប្រទេសចិន ដែលនៅទីនោះរដ្ឋាភិបាលបានបិទការធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយដើម្បីរារាំងការរាលដាលពីសហគមន៍មួយទៅសហគមន៍មួយឥឡូវនេះកំពុងដោះស្រាយការកើនឡើងក្នុងករណីមេរោគខីវីដ១៩មកពីប្រទេសផ្សេងៗទៀត។
ការណ៍នេះបណ្តាលឲ្យពួកមន្រ្តីនៅក្នុងទីក្រុងប៉េកាំងបញ្ជាជនណាដែលទើបមកដល់ត្រូវដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ។
ប្រទេសអ៊ីតាលីបានធ្វើទៅតាមប្រទេសចិនបន្ទាប់ពីក្លាយជាប្រទេសទី២នៃការផ្ទុះឡើងមេរោគនោះដោយមានសេចក្តីរាយការណ៍ថា មនុស្សជាង១ម៉ឺននាក់បានឆ្លងមេរោគនេះរហូតមកទល់ពេលនេះហើយមានករណីឆ្លងនៅក្នុងប្រទេសផ្សេងទៀតដែលជាប់ទាក់ទិនមនុស្សដែលបានធ្វើដំណើរមកពីប្រទេសអ៊ីតាលី។
ជនជាតិអ៊ីតាលីបានស្ថិតនៅក្នុងការហាមឃាត់ការធ្វើដំណើរទូទាំងប្រទេសនៅថ្ងៃទី២ នៅថ្ងៃពុធនេះដោយមានមនុស្សអាចធ្វើដំណើរបានសម្រាប់មូលហេតុការពិនិត្យសុខភាពជាបន្ទាន់និងធ្វើការងារ។
ពួកមន្រ្តីក្នុងសហរដ្ឋអាមេរិកកំពុងបង្ហាញពីការកើនឡើងនូវក្តីព្រួយកង្វល់នៅពេលដែលករណីឆ្លងមានលើសពី១ពាន់ករណី៕