ប្រទេសអ៊ីតាលីកំពុងរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស G7 ដែលមានឧស្សាហកម្មជឿនលឿន នៅពេលដែលមានការបោះឆ្នោតសភាអឺរ៉ុប ដែលឃើញមានការគាំទ្រហក់ឡើងខ្ពស់លើគណបក្សស្តាំនិយមជ្រុល នៅក្នុងចំណោមសមាជិកខ្លះនៃក្រុមប្រទេស G7 ដូចជាប្រទេសបារាំងនិងអាល្លឺម៉ង់ជាដើម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
នាយករដ្ឋមន្ត្រីអ៊ីតាលីអ្នកស្រី Giorgia Meloni ក៏ជាអ្នកដឹកនាំគណបក្សស្តាំនិយមជ្រុលផងដែរ ប៉ុន្តែនៅបន្តប្រកាន់កណ្តាលនិយម ជាពិសេសលើគោលនយោបាយការបរទេស ដែលធ្វើឱ្យអ្នកស្រីជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកដែលមានការធានាមួយ ក្នុងពេលដែលមានការចូលឈ្លានពានពេញទំហឹងរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជាសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សាផងដែរ។
កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍ខាងមុខនេះ បានផ្តោតទៅលើជម្លោះជាសាកល ការរីករាលដាលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបញ្ហាក្នុងទី្វបអាហ្វ្រិក ជាពិសេសការបារម្ភជាយូរមកហើយរបស់អ៊ីតាលី លើការគ្រប់គ្រងមិនបាននូវជនចំណាកស្រុកពីទ្វីបអាហ្វ្រិកមកកាន់អឺរ៉ុប។ បញ្ហាដែលកើតមានជារៀងរាល់ឆ្នាំដូចជាការប្រែប្រួលអាកាសធាតុនិងរឿងប្រទេសចិនជាដើម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។
ក្រុមប្រទេស G7 គឺជាវេទិកាមិនផ្លូវការមួយ ដែលមានជំនួបប្រជុំកំពូលជារៀងរាល់ឆ្នាំ ដើម្បី ពិភាក្សាលើគោលនយោបាយសេដ្ឋកិច្ច និងបញ្ហាសន្តិសុខជាដើម។ សមាជិកនៃក្រុមប្រទេស G7 រួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះដែរ ចក្រភពអង់គ្លេស បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយចំនួន ដើម្បីកាត់បន្ថយសមត្ថភាពធ្វើសង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយសំដៅទៅលើស្ថាប័នមួយចំនួន ដែលមានមូលដ្ឋានក្នុងប្រទេសចិន អ៊ីស្រាអែល កៀហ្ស៊ីស៊ីស្ថាន និងប្រទេសតួកគី ក៏ដូចជាឧស្សាហកម្មថាមពលរបស់រុស្ស៊ីផងដែរ។
ការប្រកាសដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ដែលត្រូវបានប្រកាសនៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 កាលពីថ្ងៃព្រហស្បតិ៍ គឺត្រូវអនុវត្តទៅលើក្រុមហ៊ុនចំនួន៥០ និងបុគ្គលមួយចំនួន ដែលមានការពាក់ព័ន្ធដល់ការផ្គត់ផ្គង់គ្រាប់រំសេវ ឧបករណ៍ម៉ាស៊ីន ប្រព័ន្ធមីក្រូអេឡិចត្រូនិក និងការដឹកជញ្ជូនទៅឱ្យរុស្ស៊ី ក៏ដូចជានាវាដែលដឹកជញ្ជូនទំនិញយោធាពីកូរ៉េខាងជើងទៅរុស្ស៊ីផងដែរ។
រីឯសហរដ្ឋអាមេរិកវិញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននិងសមាជិក G7 ផ្សេងទៀតនឹងផ្តល់ប្រាក់កម្ចីដល់ទីក្រុងកៀវដល់ទៅ ៥០ ពាន់លានដុល្លារដែលនឹងត្រូវសងទៅសម្ព័ន្ធមិត្តលោកខាងលិចដោយប្រើប្រាក់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបង្កកនៅក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច៕