រដ្ឋាភិបាលប្រទេសតួកគីបានបើកព្រលានយន្តហោះអន្តរជាតិ Ataturk ក្នុងក្រុងអ៊ីស្តង់ទាំងស្រុងឡើងវិញហើយ ក្រោយពីការវាយប្រហារអត្តឃាតមួយបានសម្លាប់មនុស្សអស់៤១នាក់ និងធ្វើឲ្យរបួសជាង២០០នាក់ទៀត កាលពីយប់ថ្ងៃអង្គារម្សិលមិញ។
នាយករដ្ឋមន្ត្រីតួកគី គឺលោក Binali Yildirim បានមានប្រសាសន៍នៅថ្ងៃពុធនេះថា «ប្រលានយន្តហោះរបស់យើងបានបើកឲ្យមានការហោះហើរនិងការចេញដំណើរ ឡើងវិញហើយ»។
ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines និយាយថា ខ្លួនបានធ្វើប្រតិបត្តិការហោះហើរទាំងអស់ឡើងវិញហើយ ហើយជើងហោះហើររវាងសហរដ្ឋអាមេរិកនិងក្រុងអ៊ីស្តង់ប៊ុល ក៏បានដំណើរការឡើងវិញហើយដែរ។
យ៉ាងហោចណាស់មនុស្ស១០នាក់ ដែលបានស្លាប់ក្នុងការវាយប្រហារនៅប្រលានយន្តហោះនោះ គឺជាជនបរទេស ហើយ១០៩នាក់ក្នុងចំណោមអ្នករបួសទាំង២៣៩នោះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយនៅថ្ងៃពុធនេះ។ នេះបើយោងតាមអភិបាលក្រុងអ៊ីស្តង់ប៊ុល។
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់ ត្រូវបានរាយការណ៍ថា បានបាញ់មនុស្សម្នាជាច្រើននាក់ មុនពេលដែលពួកគេចុចបំផ្ទុះគ្រឿងផ្ទុះនៅច្រកអ្នកដំណើរមកដល់ នៅឯប្រលានយន្តហោះអន្តរជាតិរបស់តួកគីនោះ៕