យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរបស់ខ្លួនបានដណ្ដើមកាន់កាប់តំបន់ច្រកព្រំដែននៃទីក្រុង Rafah នៅក្នុងតំបន់ហ្កាហ្សា (Gaza) ជាប់នឹងប្រទេសអេហ្ស៊ីប ក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីខ្លួនបានបញ្ជាឱ្យជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ចាកចេញពីតំបន់នោះនិងបានបើកការវាយប្រហារតាមអាកាសម្ដងហើយម្ដងទៀត។
ប្រតិបត្តិការរបស់អ៊ីស្រាអែលនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីអ៊ីស្រាអែលបាននិយាយអស់ជាច្រើនសប្ដាហ៍មកហើយថា ការវាយលុកចូលទីក្រុង Rafah គឺចាំបាច់ដើម្បីសម្រេចនូវគោលបំណងរបស់ពួកគេក្នុងការកម្ទេចក្រុមហាម៉ាស់ (Hamas) ស្របពេលដែលសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងប្រទេសផ្សេងទៀតបានព្រមានថាការចាប់ផ្ដើមការលុកលុយណាមួយចូលក្នុងតំបន់ដែលពោរពេញដោយជនស៊ីវិលប៉ាឡេស្ទីននេះអាចបង្កឱ្យមានមហន្តរាយមនុស្សធម៌។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានយោងលើ «ការទាមទារដ៏ច្រើនលើសលប់របស់សហគមន៍អន្តរជាតិ» នៅពេលដែលចិនអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សានិងឱ្យ «ធ្វើអ្វីៗដែលអ៊ីស្រាអែលអាចធ្វើបានដើម្បីបញ្ចៀសកុំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរជាងនេះបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា»។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានបង្ហោះសារនៅលើបណ្ដាញសង្គមអនឡាញថា វិធានការរបស់អ៊ីស្រាអែលក្នុងការលុកលុយចូលទីក្រុង Rafah គឺដើម្បីសម្រេចគោលបំណងចម្បងរបស់ខ្លួន ដែលរួមមានទាំងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ឃុំនិងការកម្ចាត់ក្រុមហាម៉ាស់នេះផងដែរ។
ដំណើរវិវត្តន៍នៅក្នុងទីក្រុង Rafah នេះបានកើតឡើងបន្ទាប់ពីក្រុមហាម៉ាស់បានប្រកាសថា ខ្លួនបានទទួលយកនូវសំណើបទឈប់បាញ់ដែលខ្លួនបានធ្វើឡើងជាមួយនឹងក្រុមអ្នកចរចាអេហ្ស៊ីបនិងកាតា។
ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃចន្ទថា សំណើបទឈប់បាញ់នេះគឺ «ឆ្ងាយពីការទាមទារសំខាន់ៗរបស់អ៊ីស្រាអែល» ប៉ុន្តែថា អ៊ីស្រាអែលនឹងបញ្ជូនក្រុមអ្នកចរចាទៅអេហ្ស៊ីបដើម្បីបន្តការចរចា៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។