ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួនពីរនៅភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់ ក្នុងនោះមានស្ត្រី និងកុមាររាប់សិបនាក់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួន និងធ្វើប្រតិបត្តិការជើងគោកធំជាងមុន នៅភាគខាងជើងតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយនិយាយថា ខ្លួនផ្តោតលើការកម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស់ ដែលបានប្រមូលផ្តុំឡើងវិញ បន្ទាប់ពីសង្គ្រាមជាងមួយឆ្នាំ។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកំពុងបង្កើនការជូនដំណឹងអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ដែលនៅតែស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា។
ការព្រួយបារម្ភអំពីជំនួយមិនគ្រប់គ្រាន់ទៅកាន់តំបន់ហ្កាហ្សា ត្រូវបានរីកកាន់តែធំឡើងកាលពីថ្ងៃចន្ទ នៅពេលដែលសមាជិកសភាអ៊ីស្រាអែលបានអនុម័តច្បាប់ចំនួនពីរ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយទីភ្នាក់ងារសង្គ្រោះនិងកិច្ចការងារ UNRWA របស់អង្គការសហប្រជាជាតិ ដែលចែកចាយអាហារ ទឹក និងថ្នាំសង្កូវ ហើយហាមទីភ្នាក់ងារនោះមិនឱ្យចូលទឹកដីអ៊ីស្រាអែល។ អ៊ីស្រាអែលគ្រប់គ្រងការចូលទៅកាន់តំបន់ហ្កាហ្សានិងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ហើយវាមិនច្បាស់ថាតើទីភ្នាក់ងារ UNRWA នឹងបន្តការងាររបស់ខ្លួននៅកន្លែងណានោះទេ។
លោក John Fowler អ្នកនាំពាក្យទីភ្នាក់ងារ UNRWA បាននិយាយថា«ប្រតិបត្តិការមនុស្សធម៌នៅហ្កាហ្សា បើមិនដំណើរការនោះ វាគឺជាគ្រោះមហន្តរាយបន្តបន្ទាប់ ហើយមិនហ៊ានគិតដល់ទេ» ។ លោក Fowler បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត ដែលចែកចាយជំនួយនៅហ្កាហ្សា ពឹងផ្អែកលើភស្តុភាររបស់ខ្លួន និងកម្មកររាប់ពាន់នាក់៕