របាយការណ៍សន្តិសុខម្ហូបអាហារដែលគាំទ្រដោយអង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថាពួកអ្នកស្រុកភាគច្រើននៃតំបន់ Gaza Strip នឹងប្រឈមកម្រិតគ្រាអាសន្ននៃការអត់ឃ្លានក្នុងប៉ុន្មានខែខាងមុខនេះហើយការគំរាមកំហែងនៃការអត់ឃ្លាននៅតែមាន នៅពេលដែលជំនួយរលោះបន្តិចម្តងៗហើយរដូវរងាខិតចូលមកជិត។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres បាននិយាយនៅលើបណ្តាញសង្គម Xថា៖ «ការអត់ឃ្លានហៀបនឹងកើតឡើងហើយ។ ការណ៍នេះពុំអាចអត់ទ្រាំបានទេ»។
លោកបាននិយាយទៀតថាចំណុចឆ្លងកាត់ត្រូវតែបើកជាបន្ទាន់ ឧបសគ្គការិយាធិបតេយ្យត្រូវតែលប់បំបាត់ ហើយច្បាប់និងសណ្តាប់ធ្នាប់ត្រូវតែស្តារឡើងវិញដែលអនុញ្ញាតឱ្យទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិអាចផ្គត់ផ្គង់ជំនួយ។
សេចក្តីរាយការណ៍ថ្មីៗមកពី IPCបានព្យាករថា ជាង៣ឬ៤ខែខាងមុខនេះ ជនជាតិប៉ាឡេស្ទីនជាង៣សែន៤ម៉ឺន៥ពាន់នាក់ ត្រូវប្រឈមនឹងមហន្តរាយឬដំណាក់ការកម្រិត៥ នៃការអត់ឃ្លាន។ មនុស្ស៨សែន៧ម៉ឺន៦ពាន់នាក់ទៀតឬ៤១ភាគរយនៃប្រជាពលរដ្ឋទាំងអស់ នឹងស្ថិតក្នុងស្ថានភាពអាក្រក់ឬដំណាក់កាលទី៤ដែលជាដំណាក់កាលអាសន្ន។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកVolker Turk បានប្រាប់ពួកអ្នកយកព័ត៌មានថាការសន្និដ្ឋាននៃរបាយការណ៍នោះជាការហួសពីការតក់ស្លុត»។
លោកបាននិយាយនៅឯសន្និសីទកាសែតក្នុងទីក្រុងញូវយ៉កថា៖ «របាយការណ៍នោះបង្ហាញថាចំនួនមនុស្សក្នុងកម្រិតមហន្តរាយនៃការអត់ឃ្លានត្រូវគេរំពឹងនឹងកើនឡើងទ្វេដងក្នុងប៉ុន្មានខែខាងមុខនេះ ហើយហានិភ័យនៃការអត់ឃ្លាននៅតែមានទូទាំងតំបន់ហ្គាហ្សា។ ពិភពលោក មិនអាចអនុញ្ញាតឱ្យបញ្ហានេះកើតមានឡើងទេ»។
លោកបាននិយាយទៀតថាវិបត្តិនៃការអត់ឃ្លានជាគោលការណ៍គឺជាផលវិបាកចេញពីការសម្រេចចិត្តនានាដែលត្រូវធ្វើឡើងដោយពួកអាជ្ញាធរអ៊ីស្រាអែល»ហើយលោកបានព្រមានទៀតថាការប្រើគ្រោះទុរភិក្សរបស់ជនស៊ីវិលក្នុងវិធីចម្បាំងគឺជាឧក្រិដ្ឋកម្មសង្គ្រាម៕
វេទិកាបញ្ចេញមតិ