រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា ការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar របស់អ៊ីស្រាអែល បង្ហាញពី «ឱកាសពិតប្រាកដ» ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសល់ និងនៅតែត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្ហាហ្សា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv មុនពេលហោះហើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត លោក Blinken បាននិយាយថា អ៊ីស្រាអែលបានទទួលជោគជ័យជាច្រើននៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់ រួមទាំងការបន្ទាបបន្ថោកសមត្ថភាពយោធារបស់ក្រុមនេះ។ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បាននិយាយថា អ្វីដែលនៅសេសសល់គឺការនាំយកចំណាប់ខ្មាំងមកផ្ទះវិញ ហើយបញ្ចប់សង្គ្រាម។
លោក Blinken បានជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman អស់រយៈពេលមួយម៉ោងនៅទីក្រុង Riyadh ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសកាតា ហើយបន្ទាប់មកចក្រភពអង់គ្លេសសម្រាប់កិច្ចពិភាក្សាបន្ថែមជាមួយមន្ត្រីដើម្បីព្យាយាមរារាំងការប្រយុទ្ធរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់នៅហ្កាហ្សា និងជាមួយហេសបូឡានៅលីបង់។ ក្រុមសកម្មប្រយុទ្ធទាំងពីរត្រូវបានគាំទ្រទាំងផ្នែកយោធា និងហិរញ្ញវត្ថុដោយអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken បានសង្កត់ធ្ងន់ទៅកាន់ព្រះអង្គម្ចាស់ bin Salman អំពី«សារៈសំខាន់នៃការធ្វើឲ្យចប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងទាំងអស់»។ ក្រុមហាម៉ាស់ត្រូវបានគេជឿថា នឹងនៅមានចំណាប់ខ្មាំងប្រហែល ១០០ នាក់ទៀត បើទោះបីជាមួយភាគបីស្លាប់ហើយក៏ដោយ។
សេចក្តីថ្លែងការណ៍បាននិយាយថា លោក Blinken និងព្រះអង្គម្ចាស់ bin Salman «បានបន្តការពិភាក្សាអំពីរបៀបបង្កើតសន្តិសុខ អភិបាលកិច្ច និងការកសាងឡើងវិញនៅក្នុងរយៈពេលក្រោយជម្លោះ»។
លោក Blinken បាននិយាយថា ការបញ្ចប់សង្គ្រាមជាមួយក្រុមហាម៉ាស់ត្រូវតែធ្វើឡើងក្នុងរបៀបមួយដែលរារាំងពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ឲ្យនៅក្រៅតំបន់ហ្កាហ្សា និងធានាថា ទាហានអ៊ីស្រាអែលមិនត្រូវឈរជើងនៅទីនោះ។
លោក Blinken បាននិយាយថា ផែនការសម្រាប់តំបន់ហ្កាហ្សាក្រោយសង្រ្គាម រួមទាំងបញ្ហាដូចជាអភិបាលកិច្ច សន្តិសុខ ការកសាងឡើងវិញ និងអ្វីដែលសហគមន៍អន្តរជាតិអាចធ្វើដើម្បីជួយប៉ាឡេស្ទីន នឹងក្លាយជាប្រធានបទនៃការពិភាក្សារបស់លោក ជាមួយដៃគូអារ៉ាប់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រសួងការបរទេសបាននិយាយថា លោក Blinken នឹងជួបជាមួយសមភាគីអារ៉ាប់នៅថ្ងៃសុក្រនៅទីក្រុងឡុងដ៍ បន្ទាប់ពីឈប់សំចតនៅថ្ងៃព្រហស្បតិ៍ក្នុងប្រទេសកាតា៕